ជាតិ
Hello VOA៖ អ្នកវិភាគ​ថា ការ​«​លាប​ពណ៌​»​ទាក់ទង​នឹង​ថ្ងៃ​៧ មករា បានធ្វើ​ឲ្យ​កម្ពុជា​បន្ត​បាក់បែក​
06, Jan 2016 , 7:39 am        
រូបភាព
ដោយ:
​វ៉ាស៊ីនតោន​៖ អ្នកវិភាគ​នៅ​កម្ពុជា និយាយថា កម្ពុជា មិនគួរ​រង​ការ​លាប​ពណ៌​គ្នា​ចំពោះ​ថ្ងៃ​៧ មករា តទៅទៀត​ទេ ដោយសារ ការធ្វើ​ដូច្នេះ នឹង​នាំ​ឲ្យ​កម្ពុជា​បែកបាក់​។ នេះ គឺជា​ការអះអាង​របស់​លោក អ៊ូ វីរៈ ប្រធាន​និង​ជា​ស្ថាបនិក​វេទិកា​អនាគត ដែល​បាន​ថ្លែង​ក្នុង​កម្មវិធី Hello VOA ប្រចាំខែ​នៅ​ថ្ងៃ​ច័ន្ទ​នេះ​។​



​លោក អ៊ូ វីរៈ បន្ថែមថា កម្ពុជា ត្រូវ​អនុញ្ញាត​ឲ្យ​មានការ​ពិភាក្សា​ស៊ីជម្រៅ​អំពី​បញ្ហា​នេះ ដើម្បី​ឲ្យ​ពលរដ្ឋ​ទូទៅ បានទទួល​ស្គាល់​ទាំងអស់គ្នា​អំពី​ថ្ងៃ​ដែល​ពលរដ្ឋ​មានការ​បកស្រាយ​ផ្សេងគ្នា​នេះ​។​

​ពលរដ្ឋ​កម្ពុជា​ដែលមាន​និន្នាការ​ទៅរក​គណបក្សកាន់អំណាច បាន​ចាត់ទុកថា ថ្ងៃ ៧​មករា​១៩៧៩ ជា​ថ្ងៃ​រំដោះជាតិ​ជា​ប្រវត្តិសាស្ត្រ​។ ប៉ុន្តែ ពលរដ្ឋ​ខ្មែរ​ដែលមាន​និន្នាការ​ទៅរក​គណបក្សជំទាស់ បាន​ច្រានចោល ដោយ​ចាត់ទុក​ថ្ងៃ​៧​មករា នេះ​ថា​ជា​ថ្ងៃ​ដែល​វៀតណាម​ឈ្លានពាន​កម្ពុជា និង​ចង់​លេប​ទឹកដី​កម្ពុជា​ជា​ប្រវត្តិសាស្ត្រ​ដែរ​។​

​លោក អ៊ូ វីរៈ បាន​ទ​ទទូចថា គណបក្ស​ប្រជាជន​កម្ពុជា មិនគួរ​បន្ត​ស៊ី​កេរ ៧​មករា ទៀត​ទេ ហើយ​គណបក្សជំទាស់ ក៏​មិនគួរ​លាប​ពណ៌​ថ្ងៃ​នេះដែរ​។​

​លោក បាន​បញ្ជាក់ថា ការជជែក​គ្នា នឹង​នាំ​ឲ្យ​ពលរដ្ឋ​កម្ពុជា យល់ដឹង​ពី​ប្រវត្តិសាស្ត្រ​របស់ខ្លួន ហើយ​ប្រជាជន​កម្ពុជា នឹង​ឈប់​បាក់បែក​គ្នា​តទៅទៀត​។​
​កងទ័ព​វៀតណាម ត្រូវគេ​ដឹងថា បាន​ចូលលុកលុយ​ប្រទេស​កម្ពុជា​កាលពី​ថ្ងៃ​៧​មករា​ឆ្នាំ​១៩៧៩ ដើម្បី​វាយ​បណ្តេញ​កងទ័ព​ខ្មែរក្រហម ដែល​គេ​ស្តីបន្ទោស​ថា បាន​ពាក់ព័ន្ធ​នឹង​ការកាប់សម្លាប់​ពលរដ្ឋ​ខ្មែរ ជាង​១​លាន ៧​សែន​នាក់​។​

​កងទ័ព​វៀតណាម ត្រូវគេ​ចោទប្រកាន់ថា បាន​បន្តធ្វើ​អាណានិគម​លើទឹក​ដី​កម្ពុជា​រហូតដល់​ឆ្នាំ​១៩៨៩៕




​សូម​ចុច​ទៅ​ប្រភពដើម VOA ត្រង់នេះ​




© រក្សាសិទ្ធិដោយ thmeythmey.com