កីឡាជាតិ
ជាតិ
ឡុង សុ​ភី ត្រូវ​ប្រកួត​ដណ្តើម​ខ្សែក្រវ៉ាត់​ទាំង​ជិត​ដល់​ថ្ងៃ​ចូល​រោងការ​
07, Jan 2016 , 7:39 am        
រូបភាព
ដោយ:
 
​អ្នក​ប្រដាល់​ជើង​ខ្លាំង​ជំនាញ​ប្រើ​ជង្គង់ ឡុង សុ​ភី នឹងត្រូវ​ប្រកួត​ដណ្តើម​ខ្សែក្រវ៉ាត់​ជាមួយ​ជើង​ខ្លាំង ថៃ លើស​ង្វៀន​អប្សរា នៅ​ទី​រួម​ខេត្ត​ព្រះសីហនុ នា​ថ្ងៃទី​៧ ខែមករា នេះ ពោលគឺ​ជិត​ដល់​ថ្ងៃ​ចូល​រោងការ​របស់ខ្លួន​។ ខណៈ​ពីរ​នាក់​បងប្អូន សែន រ៉ា​ឌី និង សែន រ៉ា​ដេ​ត ក៏​នឹងត្រូវ​ជួប​ប្រកួត​ដណ្តើម​ខ្សែក្រវ៉ាត់​ជាមួយ មី​យ៉ាន់​ម៉ា និង​ចិន ក្នុង​ព្រឹត្តិការណ៍​នោះដែរ ចំណែក​ជើង​ខ្លាំង​របស់​កម្ពុជា​៥​រូប​ទៀត​ត្រូវ​ប្រឈម​ជាមួយ​ជើង​ខ្លាំង ថៃ អ៊ីតាលី និង​ជប៉ុន​។


 
​ម្ចាស់​ជើងឯក​គ្រង​ខ្សែក្រវ៉ាត់​៦​ស្ថាប័ន ឡុង សុ​ភី នឹងត្រូវ​ជួប​ប្រកួត​ដ​ណ្តើ​ខ្សែក្រវ៉ាត់​ជាមួយ​ជើង​ខ្លាំង​ថៃ Jamlopphuphanourng ក្នុង​ប្រភេទ​ទម្ងន់ ៧០​គីឡូក្រាម​លើស​ង្វៀន​អប្សរា នៅ​ទី​រួម​ខេត្ត​ព្រះសីហនុ  នា​យប់​ថ្ងៃទី​៧ ខែមករា​។ គួរ​បញ្ជាក់ថា នេះ​ជាការ​ប្រកួត​ចុងក្រោយ​របស់ កីឡាករ ឡុង សុ​ភី មុន​ថ្ងៃ​ចូល​រោងការ​ជាមួយ កញ្ញា ផន ស្រី​នី នា​ថ្ងៃទី​១៣ ខែមករា ខាងមុខនេះ នៅលើ​ទឹកដី​ខេត្តស្វាយរៀង​។ 
 
​កញ្ញា ផន ស្រី​នី ដែលជា​គូ​ដណ្តឹង​របស់​កីឡាករ ឡុង សុ​ភី បាន​បញ្ជាក់ថា ខ្លួន​មិនបាន​ជំទាស់​ក្នុង​ការឡើង​ប្រកួត​របស់​គូ​ដណ្តឹង​នោះទេ មិន​ត្រឹមតែ​ប៉ុណ្ណោះ​ខ្លួន​នឹង​ទៅ​ចូលរួម​គាំទ្រ​ការប្រកួត​នោះ​ថែម​ទៀតផង​។ 
 
​ចំណែក​កីឡាករ​ជើង​ខ្លាំង សែន រ៉ា​ឌី នឹងត្រូវ​ប្រកួត​ដណ្តើម​ខ្សែក្រវ៉ាត់​ជាមួយ​កីឡាករ​ជើង​ខ្លាំង​ចិន Lee Kung ក្នុង​ទម្ងន់​៥៧​គីឡូក្រាម ឬ​ឯ​កីឡាករ សែន រ៉ា​ដេ​ត នឹង​ប៉ះ​ជើង​ខ្លាំង មី​យ៉ាន់​ម៉ា Mong Chhay Den ដើម្បី​ដណ្តើម​ខ្សែក្រវាត់​ទម្ងន់​៥១​គីឡូក្រាម​។ 
 
​ក្រៅពី​គូប្រកួត​ដណ្តើម​ខ្សែក្រវ៉ាត់​នេះ​ក៏មាន​កីឡា​ជើង​ខ្លាំង​របស់​កម្ពុជា​ចំនួន ៥ នាក់​ផ្សេងទៀត​ក្នុងនោះ​រួមមាន កីឡាករ​ជើង​ខ្លាំង ឡៅ ចន្ទ្រា នឹងត្រូវ​ជួប​ប្រកួត​សងសឹក​ជាមួយ​កីឡា​ថៃ Bacjo Kietkampoune ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម បន្ទាប់ពី​ខ្លួន​បាន​ចាញ់​ដោយ​សន្លប់​ក្នុង​ទឹក​ទី​១ នៅលើ​សង្វៀន​អប្សរា​នេះ​។  
 
​ចំណែក យ៉េន ឌី​ណា ត្រូវ​ប៉ះ​ជាមួយ​ជើង​ខ្លាំង​មកពី​ជប៉ុន Hiroya ម្តងទៀត​ក្នុង​ទម្ងន់​៦១​គីឡូក្រាម បន្ទាប់ពី​ជួបគ្នា​លើក​ទី​១ ក្នុង​លទ្ធផល​ស្មើគ្នា​។ ឬ​ឯ​កីឡាករ​វ័យក្មេង រក្ស ជ័យ ត្រូវ​ជួប​ប្រកួត​ជាមួយ​កីឡាករ​ថៃ Sak Kat ក្នុង​ទម្ងន់​៣៩​គីឡូក្រាម ខណៈ​កីឡាករ កំពែង ខ្មៅ ប៉ះ​ថៃ Phut Noy ក្នុង​ទម្ងន់​៥៣​គីឡូក្រាម ចំណែក សារឿន ច័ន្ទ ប៉ះ​ជាមួយ​កីឡាករ អ៊ីតាលី May Ken ក្នុង​ទម្ងន់​៦០​គីឡូក្រាម​៕ 
 
 

Tag:
 ​កីឡាប្រដាល់
© រក្សាសិទ្ធិដោយ thmeythmey.com