អត្ថបទពាណិជ្ជកម្ម
Motul និង Pirelli ជិះ​ដង្ហែ​ម៉ូតូ ប្រមូល​ថវិកា​កសាង​សាលា​រៀន​
10, Jan 2016 , 10:17 am        
រូបភាព
ដោយ: ថ្មីៗ

​ក្រុមហ៊ុន​ប្រេង​ម៉ា​សី​ន Motul និង​ក្រុមហ៊ុន​សំបក​យានយន្ត Pirelli បាន​រៀបការ​ដង្ហែ​ម៉ូតូ​ធន់​ធំ​ប្រមាណ​៣០០​គ្រឿង ដើម្បី​រៃអង្គាស​ថវិកា​ចូល​មូល​និ​ធី សាងសង់​សាលារៀន​។ កម្មវិធី​នេះ រៀ​ចំ​ឡើង​នៅ​ឆ្នេរ​សុខា ខេត្ត​ព្រះសីហនុ កាលពី​ថ្ងៃទី​៩ ខែមករា ម្សិលមិញ​។

​ក្រុមហ៊ុន Motul និង​ក្រុមហ៊ុន Pirelli បាន​ចំណាយ​ទឹកប្រាក់​ប្រមាណ​៦​ម៉ឺន ដុល្លារ ដើម្បី​ប្រារព្ធ​ពិធី​ដង្ហែ​ម៉ូតូ​ធុន​ធំ​ជាង​៣០០​គ្រឿង ពី​រាជធានី​ភ្នំពេញ ទៅកាន់​ឆ្នេរសុខា​ ខេត្ត​ព្រះសីហនុ​។ ម៉ូតូ​ជាង ៣០០​គ្រឿង​នេះ គឺ​សុទ្ធតែជា​ប្រភេទ​ម៉ូតូ​ធុន​ធំ ដែលមាន​ម៉ាស៊ីន​ចាប់ពី​២៥០ cc ឡើងទៅ​។

លោក គ្រឿង ហាវ អគ្គនាយក​ក្រុមហ៊ុន ដេលី នី​ត (Daily Need ) ជា​អ្នកទទួលបន្ទុក​ក្នុង​ការរៀបចំ​កម្មវិធី បាន​លើកឡើងថា ក្រុ​ហ៊ុន​មាន​គោលបំណង​ធំ​មួយ​គឺ ការ​រៃអង្គាស​ថវិកា​ពី​អ្នកជិះ​ម៉ូតូ​ធុន​ធំ ដែល​បាន​ចូលរួម​ទាំងអស់ ដើម្បី​ប្រមូល​ថវិកា​យកទៅ​សាងសង់​សាលារៀន ។ លោក បន្ថែមថា អ្នកជិះ​ម៉ូតូ​ធុនធំ​ជាង​៣០០​នាក់​នោះ បាន​បរិច្ចាគ​ថវិកា​៣០​ដុល្លារ​ក្នុង​មួយ​នាក់ ហើយ​ក្រុ​ហ៊ុន​ទាំងពីរ​នេះ នឹង​បាន​ដក​ថវិកា ១០​ដុល្លារ ពី​អ្នក​បរិចាគ ទៅក្នុង​មូ​និ​ធី​មនុស្សធម៌ ក្នុង​គោលដៅ​សាងសង់​សាលារៀន នៅ​ខេត្តពោធិសាត់ ក្នុង​ឆ្នាំ​២០១៦ ។ បើតាម​លោក គ្រឿង ហាវ ក្នុង​កម្មវិធី​នេះ​ក្រុមហ៊ុន​បាន​ប្រមូល​ថវិកា​បាន​ប្រមាណ​ជាង​៣០០០​ដុល្លារ​ហើយ​។

អគ្គនាយក​ក្រុមហ៊ុន ដេលី នី​ត រូបនេះ​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា​«​យើង​នឹង​សន្សំ​ថវិកា​នឹង​ទុក រហូត​ដល់ពេល​ចំនួន​ណា​មួយណា​គ្រប់គ្រាន់ យើង​នឹង​ទៅ​សាងសង់​សាលា​បន្ត​។ ក្រុមហ៊ុន នឹង​បន្ត​ប្រមូល​បន្ថែមទៀត ដើម្បី​ឲ្យ​គ្រប់​ចំនួន យកទៅ​សាងសង់​សាលារៀន​។​ ពួកយើង​យល់ថា សាលា​ជា​កន្លែង​បណ្តុះបណ្តាល​ធនធានមនុស្ស​មួយ​ដ៏​សំខាន់​»​។
​យ៉ាងណាក៏ដោយ លោក មិនទាន់​អាច​បញ្ជាក់​ឲ្យ​ច្បាស់​ថា គម្រោង​នេះ​ថា នឹងត្រូវ​ចាប់ផ្តើម​សាងសង់​នៅពេលណា​នោះទេ​។

កន្លងមក ក្រុមហ៊ុន​ទាំង​២​នេះ ធ្លាប់​កសាង​សាលារៀន​មួយ​ខ្នង ដែលមាន​បី​បន្ទប់ នៅ​ខេត្ត​ត្បូង​ឃុំ កាលពី​ឆ្នាំ​២០១៥ ។​ ក្រៅពី​បំណង​ខាងលើនេះ កម្មវិធី ក៏​ចូលរួម​ជំរុញ​ការអប់រំ​ប្រជាពលរដ្ឋ​ពី​ច្បាប់​ចរាចរណ៍ ផងដែរ​។ លើសពីនេះទៅទៀត អ្នកជំនាញ ក៏បាន​ណែន​នាំ​ដល់​អ្នកមាន​ចំណង់​ចំណូលចិត្ត​ជិះ​ម៉ូតូ​ធុន​ធំ​ទាំងអស់ ឲ្យ​មានការ​យល់ដឹង​ក្នុង​បើកបរ ដូច​ការពាក់​ខោអាវ និង​ម៉ូក​ការពារ​ឲ្យ​ត្រឹមត្រូវ ជាពិសេស​ការបង្រៀន​ពី​របៀប​បើកបរ​នៅតាម​កាលៈទេសៈ​ផ្លូវ​នានា ដើម្បី​ជា​គំរូ​ដល់​ប្រជាព​រដ្ឋ​ទូទៅ​ទៀតផង​៕



© រក្សាសិទ្ធិដោយ thmeythmey.com