អត្ថបទពាណិជ្ជកម្ម
ការប្រយុទ្ធប្រឆាំង​និង​ជំងឺមហារីក​ស្បូន​នៅ​កម្ពុជា​
11, Jan 2016 , 2:55 pm        
រូបភាព
ដោយ: ថ្មីៗ
​តាម​ស្ថិតិ​របស់​អង្គការ​សុខភាព​ពិភពលោក​ប្រទេស​កម្ពុ​ជាមាន​អត្រា​កើត​និង​ស្លាប់​ដោយ​ជំងឺមហារីក​ស្បូន​ច្រើនជាងគេ​បំផុត​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍​។​ចំនួន​ស្ត្រី​ដែល​កើត​មហារីក​មាត់ស្បូន​មាន​ប្រហែល ១៥០០​នាក់​ក្នុង​មួយឆ្នាំ​ដែល​ក្នុងនោះ​ស្រី​ប្រហែល ៦០%​បាន​ស្លាប់​ទៅវិញ​ដោយសារ​ជំងឺ​ដ៏​កាច​សាហាវ​នេះ​។​មូលហេតុ​នៃ​អត្រា​មរ​ណះ​ភាព​ខ្ពស់​នេះ​បណ្តាលមកពី​ការរុករក​ឃើញ​ជំងឺមហារីក​មាត់ស្បូន​នេះ​នៅ​ដំណាក់កាល​យឺត​ពេលដែល​ធ្វើអោយ​គ្រូពេទ្យ​ឯកទេស​ពុំមាន​លទ្ធភាព​ជួយសង្គ្រោះ​ទាន់ពេលវេលា​។​ហើយ​កាលដែល​ស្ត្រី​មករក​គ្រូពេទ្យ​នៅ​ដំណាក់កាល​ជំងឺ​ធ្ងន់ធ្ងរ​ទៅហើយនោះ​គឺ​ដោយសារ​ស្ត្រី​មិនទាន់មាន​ការយល់ដឹង​អំពី​រោគសញ្ញា និង​វិធីសាស្ត្រ​ក្នុងការ​បង្ការ​ជំងឺមហារីក​ស្បូន​នៅឡើយ​។

​ដោយ​មើលឃើញ​នូវ​អត្រា​កើត​និង​ស្លាប់​ដ៏​គួរអោយ​បារ​ម្មណ៍​របស់​ជំងឺ​នេះ​មន្ទីរពេទ្យ​កាល់ម៉ែត​បាន​សហការ​ជាមួយ​សហភាព​សហព័ន្ធ និង​សមាគម​នាវា​យុវជន​អាស៊ីអាគ្នេយ៍​កម្ពុជា និង​ដោយមាន​ការគាំទ្រ​ពី​ក្រសួងសុខាភិបាល​បង្កើត​នូវ​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺមហារីក​មាត់ស្បូន​នេះ​ឡើង​នៅក្នុង​ខែ ឧសភា ឆ្នាំ​២០១៣​នៅក្នុង​គោលបំណង​ជំរុញ​អោយ​យុវជន​ក៏ដូចជា​មហាជន​នានា​ធ្វើការ​ស្វែងយល់​អោយបាន​ទូលំទូលាយ​អំពី​វិធី​បង្ការ​ជំងឺមហារីក​មាត់ស្បូន និង​ជួយ​អប់រំ​ផ្សព្វផ្សាយ​បន្ត​។​


​ការរួមចំណែក​ពី​ច្រើន​ស្ថាប័ន​ក្នុង​យុទ្ធនាការ​ប្រឆាំងនឹង​ជឹ​ងឺ​មហារីក​ស្បូន​និង​ធ្វើអោយ​ការផ្សព្វផ្សាយ  ព័ត៌មាន​អំពី​វិធី​បង្ការ​ជំងឺមហារីក​មាត់ស្បូន​នេះ​កាន់​តែមាន​លក្ខ​ណះ​ទូលំទូលាយ និង​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​ជាពិសេស​មានការ​ចូលរួម​ចំណែក​ពី​យុវជន​ព្រោះ​យុវជន​មាន​ទាំង​កំលាំងកាយ​ចំណេះដឹង និង​ឆ​ន្ទះ​ខ្ពស់​ក្នុងការ​ចែករំលែក​។​

​លទ្ធផល​របស់​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺមហារីក​មាត់ស្បូន​បាន​អប់រំ​ដោយផ្ទាល់​ពី​ការបង្ការ​ជំងឺមហារីក​មាត់ស្បូន​ដល់​សិស្ស និស្សិត យុវជន​យុវនារី និង​មហាជន​ទូទៅ​ចំនួន​ជិត ១​ម៉ឺន នាក់​​បានផ្តល់​សេវា​ពិនិត្យ​មាត់ស្បូន​ជូន​ស្ត្រី ១២៥១​នាក់ និង​រុក​រកឃើញ​ករណី​មាត់ស្បូន​មិនធម្មតា ១១៤ ករណី ត្រូវ​នឹង ៩,១៧%។

​ទិសដៅ​នាពេល​អនាគត​ក្រសួងសុខាភិបាល​បាន​នឹង​កំពុង​អនុវត្ត​គម្រោង​គំរូ​មួយ​នៅតាម​បណ្តា​ស្រុក​និង​ខេត្ត​នានា​ស្តីពី​ការផ្តល់សេវា​ពិនិត្យ​មាត់ស្បូន​ដោយ​មិន​គិតថ្លៃ (pilot screening project) ដោយមាន​សហការ​ជាមួយ​អង្គការ​ដៃគូរ​មួយចំនួន​។​ក្រសួងសុខាភិបាល​នឹងធ្វើ​ការអនុវត្ត​គម្រោង​គំរូ​មួយ ស្តីពី​ការផ្ដល់​ថ្នាំ​បង្ការ​មេរោគ HPV ដោយ​មិន​គិតថ្លៃ ( pilot vaccination project ) ។ លទ្ធផល​ពី​ការអនុវត្ត​គម្រោង​គំរូ​នេះ​នឹង​ត្រូវបាន​ប្រើប្រាស់​ជា​ជំនួយ​ក្នុងការ រៀបចំ​ដាក់បញ្ចូល​ថ្នាំ​បង្ការ​មេរោគ HPV នេះ​ទៅក្នុង​កម្មវិធី​ជាតិ​ផ្តល់​ថ្នាំ​បង្ការ ( National Immunization Program ) ។​មន្ទីរពេទ្យ​កាល់ម៉ែត និង សហភាព​សហព័ន្ធ​យ​យុវជន​កម្ពុជា ក៏ដូចជា​ដៃគូ​ដទៃទៀត មាន​គម្រោង​ពង្រីក​សកម្មភាព​អប់រំ​ផ្សព្វផ្សាយ​ពី​ការបង្ការ​ជំងឺមហារីក​មាត់ស្បូន និង​ការផ្ដល់សេវា​ពិនិត្យ​មាត់ស្បូន​ដោយ​មិន​គិតថ្លៃ​នេះ ទៅតាម​បណ្ដា​ខេត្ត​នានា នៅ​ឆ្នាំ​ខាងមុខ​។​

​បញ្ហា​ប្រឈម​
•​    ​ក្រសួង​គ្មាន​ថវិកា​គ្រប់គ្រាន់​ដើម្បី​ទៅ​បង្រៀន​បុគ្គលិក​នៅ​មណ្ឌល​សុខភាព​។​

•​    ​កង្វះខាត​ផ្នែក​ធនធានមនុស្ស ជាពិសេស​ផ្នែក​បច្ចេកទេស និង​គ្រូពេទ្យ​ជំនាញ​។​

•​    ​ការយល់ដឹង​របស់​ប្រជាជន​នៅមានកម្រិត​ទាប​។​

•​    ​កង្វះ​ការលើកទឹកចិត្ត​ពី​ប្ដី និង ក្រុមគ្រួសារ​។​

•​    ​ប្រជាជន​មិនមាន​ពេលវេលា និង​ថវិកា​គ្រប់គ្រាន់​សម្រាប់​ការ​មក​ពិនិត្យ​និង​ព្យាបាល​។​

•​    ​ករណី​ពេល​ពិនិត្យឃើញ​មាន​មហារីក ប្រជាជន​តែង​សម្រេចចិត្ត​មិន​ស្វែងរក​ការ​​ព្យាបាល​ដោយសារ​កង្វះ​ថវិកា​។​

​ដំណោះស្រាយ​
•​    ​ក្រសួង​គ្រោង​នឹង​ប​ណ្ដុ​បណ្ដាល​គិលានុប្បដ្ឋាយិកា​និង​ឆ្មប​ដើម្បីអោយ​ពួកគាត់​អាច​សម្រួល​ការងារ​រប​ស់​វេជ្ជបណ្ឌិត​បាន​មួយចំណែក​។​

•​    ​ការជូន​ជា​ប្រាក់​ឧបត្ថម​លើកទឹកចិត្ត​ទៅដល់​បុគ្គលិក​សុខាភិបាល​។​

•​    ​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​ជំងឺមហារីក​នាពេល​អនាគត គ្រោង​នឹង​ចុះទៅ​សហគមន៍​ផ្ទាល់​។​

•​    ​គម្រោង​បង្កើតអោយមាន​នូវ​ក្រុម​ពិនិត្យ​គុណភាព ( Quality Control Team ) ដើម្បី​ចុះទៅពិនិត្យ​និង​តាមដាន​ជា​រៀងរាល់ឆ្នាំ​៕

( អត្ថបទ​ពាណិជ្ជកម្ម )



© រក្សាសិទ្ធិដោយ thmeythmey.com