ជាតិ
កម្ពុជា​រៀបចំ​ការប្រកួត​តស៊ូ​មតិ​ឆ្នើម និង​វោហា​ស័ព្ទ នៅ​ថ្ងៃទី​២៧ ខែមីនា​
11, Jan 2016 , 3:07 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ សភា​យុវ​ពាណិជ្ជករ​អន្តរជាតិ​កម្ពុជា (Junior Chamber International Cambodia) នឹង​រៀបចំ​វេទិកា​ប្រកួតប្រជែង​ផ្នែក​តស៊ូ​មតិ​ដ៏​ឆ្នើម ជា​លើក​ទី​៦ និង​ការប្រកួតប្រជែង​វោហា​ស័ព្ទ​សាធារណៈ ជា​លើក​ទី​៣ នៅ​ថ្ងៃទី​២៧ ខែមីនា ឆ្នាំ​២០១៦​នេះ​។ បេក្ខជន​ទទួលបាន​ជ័យលាភី នឹង​ក្លាយជា​តំណាង​ប្រទេស​កម្ពុជា ទៅ​ចូលរួម​វេទិកា​ប្រកួត​ថ្នាក់​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ខែ​មិថុនា ឆ្នាំ​២០១៦ ក្នុង​ទីក្រុង​តៃវ៉ាន់​។



​វេទិកា​ប្រកួតប្រជែង​ពានរង្វាន់​វោហា​ស័ព្ទ​ជា​សាធារណៈ និង​អ្នកតស៊ូ​មតិ​ដ៏​ឆ្នើម ប្រចាំឆ្នាំ ២០១៦​នេះ  នឹង​ប្រមូលផ្តុំ​សិស្ស និស្សិត និង​សាធារណជន​មកពី​តាម​គ្រឹះស្ថានសិក្សា​នានា ឲ្យ​ចូលរួម​ការប្រកួតប្រជែង​ដែលមាន​ទ្រង់ទ្រាយ​ធំ​បំផុត​នៅក្នុង​ប្រទេស​កម្ពុជា​។​

​ប្រធានសភា​យុវ​ពាណិជ្ជករ​អន្តរជាតិ (JCI) កម្ពុជា លោក ប៉ិច ប៉ូឡែន បាន​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​ស្តីពី ការបើក​វេទិការ​នេះ កាលពី​ថ្ងៃទី​៩ ខែមករា នៅ​សាកលវិទ្យាល័យ​ភ្នំពេញ​អន្តរជាតិ ថា វេទិកា​នេះ មាន​គោលបំណង​ប្រាប់​ពិភពលោក​ឲ្យ​ដឹង​ពី​ធនធានមនុស្ស​ដែលមាន​ទេពកោសល្យ និង​សមត្ថ​ភាពខ្លាំងៗ​ជាច្រើន នៅក្នុង​ប្រទេស​កម្ពុជា​។​

​លោក​លើកឡើង​យ៉ាង​ដូច្នេះ​ថា​៖«​វេទិកា​ប្រកួតប្រជែង​ពានរង្វាន់​វោហា​ស័ព្ទ​ជា​សាធារណៈ និង​អ្នកតស៊ូ​មតិ​ដ៏​ឆ្នើម គឺជា​ឱកាស​ដ៏​ល្អ​មួយ សម្រាប់​ឲ្យ​យុវជន​កម្ពុជា​បញ្ចេញមតិ​ជា​លក្ខណៈ វិជ្ជមាន ព្រមទាំង​តស៊ូ​មតិ​ជាមួយ​អ្នក​ដ៏ទៃទៀត ក្នុងប្រទេស​កម្ពុជា ក៏ដូចជា​ក្នុងប្រទេស ផ្សេងទៀត​»​។ លោក​បន្តថា​៖«​តាមរយៈ​កម្មវិធី​នេះ យើង​កំពុងតែ​បង្ហាញ​ពិភពលោក​នូវ​រូបភាព​ថ្មី​មួយទៀត​របស់​កម្ពុជា​។ សង្គម​កម្ពុជា​ទាំងមូល នឹង​ទទួលបាន​ពី​ការចែករំលែក​ចំណេះ ដឹង របស់​បេក្ខជន​ដែល​ចូលរួម​ប្រកួត​ផងដែរ​»​។​

​គួររម្លឹកថា កាលពី​ឆ្នាំ ២០១៥ កន្លងទៅនេះ កញ្ញា តារា រត្ន ជា​តំណាង​បេក្ខជន​ប្រកួតប្រជែង​ពានរង្វាន់​វោហា​ស័ព្ទ​ជា​សាធារណៈ​កម្ពុជា និង​អាស៊ី​ប៉ាស៊ីហ្វិក បានទទួល​ជ័យលាភី​ក្នុងការ​ប្រកួត​វោហា​ស័ព្ទ​ជា​សាធារណៈ​ជា​លក្ខណៈ​អន្តរជាតិ​លើ​បេក្ខជន​មកពី ៤​តំបន់ គឺ តំបន់​អឺរ៉ុប អាហ្វ្រិក អាមេរិក និង​អាស៊ី​ប៉ាស៊ីហ្វិក​។ ជ័យលាភី​តំណាង​កម្ពុជា​រូបនេះ បាន​នាំ​ឲ្យ​កម្ពុជា​ល្បី ឈ្មោះ​ផ្នែក​នេះ​បន្ថែមទៀត លើ​ឆាក​អន្តរជាតិ​។ នេះ​ជា​កម្មវិធី​ប្រកួតប្រជែង​ផ្នែក​តស៊ូ​មតិ និង​វោហា​ស័ព្ទ​សាធារណៈ​ដ៏​ធំ​បំផុត​ទូទាំង​ពិភពលោក​ដែល​ប្រមូលផ្តុំ​តំណាង​បេក្ខជន​ចូលរួម មកពី ១១៥​ប្រទេស​។ កម្មវិធី​នេះ ត្រូវបាន​រៀបចំ​ឡើងជា​រៀងរាល់ឆ្នាំ ក្នុង​គោលបំណង​ធ្វើតេស្ត​ផ្នែក​ស្មារតី ការរក​ដំណោះស្រាយ និង​ការគិត​ពិចារណា​ស៊ីជម្រៅ តាម​ប្រធានបទ​នីមួយៗ ។​

​សម្រាប់​ព័ត៌មាន​បន្ថែម លោកអ្នក​អាច​ទំនាក់ទំនង​លោក អ៊ុង សិទ្ធិ ប្រធាន​គម្រោង តាមរយៈ ទូរ​សព្ទ​លេខ ០១០ ២០២ ១៣៩ និង​អ៊ី​ម៉ែ​ល [email protected]


Tag:
 យុវ​ពាណិជ្ជករ​
  កម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com