អត្ថបទពាណិជ្ជកម្ម
អបអរ​ព្រឹត្តិការ​បាល់ទាត់​មនុស្សធម៌ SCG MUANGTHONG UNITED ASEAN TOUR ២០១៦
16, Jan 2016 , 11:51 am        
រូបភាព
ដោយ: ថ្មីៗ
​កាលពី​យប់​ថ្ងៃ​សុក្រ​ទី​១៥​នេះ ក្រុមហ៊ុន​អេស​ស៊ីជី ដែលជា​អ្នករៀបចំ​ព្រឹត្តិការណ៍ SCG MUANGTHONG UNITED ASEAN Tour ឆ្នាំ ២០១៦ បានរៀបចំ​ពិធីជប់លៀង​ដ៏​ធំ​មួយ ដោយមាន​ការចូលរួម​ពី​ភ្ញៀវកិត្តិយស​ជាតិ និង​អន្តរជាតិ​ជាច្រើន ដើម្បី​អបអរសាទរ​ការប្រកួត​រវាង ក្រុម SCG MuangThong United និង​ក្រុម K-Cement Cambodian All Stars ដែល​នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃទី​១៦ មករា នេះ នៅ​ពហុកីឡាដ្ឋាន​ជាតិ​អូឡាំពិក ។ ព្រឹត្តិការណ៍​នេះ គឺជា​ព្រឹត្តិការណ៍​បាល់ទាត់​លក្ខណៈ​មិត្តភាព និង​មនុស្សធម៌ ដោយ​ថវិកា​ដែល​ទទួលបាន​ពី​ការលក់​សំបុត្រ និង​វត្ថុ​អនុស្សាវរីយ៍​ផ្សេងៗ នឹង​បរិច្ចាគ​ទៅដល់​មន្ទីរពេទ្យ​គន្ធបុប្ផា​ទាំងស្រុង ។​
 
​ចូលរួម​នៅក្នុង​ពិធីជប់លៀង យើង​ឃើញ​មាន​វត្តមាន ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍ សៅ សុខា ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា លោក Nutthavut Photisaro អគ្គរាជទូត​ថៃ​ប្រចាំ​ប្រទេស​កម្ពុជា លោក Roongrote Rangsiyopash ប្រធាន​អគ្គនាយក​ក្រុមហ៊ុន​អេស​ស៊ីជី ប្រទេស​ថៃ ភ្ញៀវ​កិ​ត្ត​យស​ជាតិ និង​អន្តរជាតិ ក៏ដូចជា ក្រុម​កីឡាករ​ទាំងសងខាង​ផងដែរ ។​
 
​នៅក្នុង​ឱកាស​នោះ លោក Roongrote Rangsiyopash ប្រធាន​អគ្គនាយក​ក្រុមហ៊ុន​អេស​ស៊ីជី បាន​មានប្រសាសន៍ថា “​ក្នុងនាម​ជា​ក្រុមហ៊ុន​អាជីវកម្ម​ឈានមុខ​គេ​មួយ​ក្នុង​តំបន់​អាស៊ាន អេស​ស៊ីជី មាន​ទស្សនវិស័យ និង​ការប្តេជ្ញាចិត្ត ក្នុងការ​ចូលរួមចំណែក​លើកកម្ពស់ និង​អភិវឌ្ឍ​សង្គម និង​សហគមន៍​ដែល​យើង​ធ្វើ​ប្រតិបត្តិការ ដោយ​ជ្រុង​ដ៏​សំខាន់​មួយ​របស់​យើង គឺ​កីឡា ។ យើង​ជឿរ​ជាក់​យ៉ាង​មុតមាំ​ថា កីឡា​ជា​សកម្មភាព ដែល     បណ្តុះ​សាមគ្គីភាព និង​មិត្តភាព ដូចជា ភាសា​សកល​សម្រាប់​មនុ​ស្ស​ជាតិ​ដូច្នោះ​ដែរ ។​”
 
​លោក​បន្ថែមទៀតថា “​ព្រឹត្តិការណ៍ SCG Muangthong United ASEAN Tour ឆ្នាំ​២០១៦ នេះ អាច​ទទួលជោគជ័យ​ទៅបាន ក៏ដោយ​សារ​មានការ​សហការ​គាំទ្រ​ពី​ភាគី​ពាក់ព័ន្ធ​ទាំងអស់ ក្នុងប្រទេស​កម្ពុជា និង​ប្រទេស​ថៃ ដូច្នេះ ខ្ញុំ​សូម​ថ្លែងអំណរគុណ​អ្នក​គ្រប់គ្នា​ជាខ្លាំង​។​”
 
​ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍ សៅ សុខា ក៏បាន​ថ្លែង​ផងដែរ​ថា “​ការប្រកួត​នា​ថ្ងៃ​ខាងមុខនេះ មិនមែនជា​ការប្រយុទ្ធ​គ្នា​នោះទេ តែ​ជាការ​បង្ហាញ​នូវ​មិត្តភាព និង​សាមគ្គីភាព ។ ព្រឹត្តិការណ៍​ធ្វើឡើង​នេះ ក៏ដូចជា​ការអបអរ​សាទរ​ខួប ៦៥​ឆ្នាំ​នៃ​ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​ទាំងពីរ កម្ពុជា​-​ថៃ ដែរ ហើយ​ខ្ញុំ និង​ក្រុម​កីឡាករ ពិតជា​រីករាយ និង​មាន​មោទនភាព ក្នុងការ​ចូលរួម​អបអរសាទរ​ព្រឹត្តិការណ៍​នេះ ។​”
 
​គួរ​បញ្ចាក់​ផងដែរ​ថា ការប្រកួត​នេះ​ជាការ​ប្រកួត​មួយ ដែល​មានការ​ទន្ទឹងរ​ង​ចាំ​ពី​អ្នកគាំទ្រ​កីឡាបាល់ទាត់​ជាច្រើន​នៅក្នុង​ប្រទេស​កម្ពុជា ពីព្រោះ​ក្រុម K-Cement Cambodian All Stars គឺជា​ក្រុម​មួយ​ដែល​បានជ្រើសរើស​ជាពិសេស ដោយ​សម្រិតសម្រាំង​កីឡាករ​មាន​ទេពកោសល្យ ជាច្រើន​ក្នុងប្រទេស​កម្ពុជា ដូចជា ប្រធាន​ក្រុម​ជម្រើសជាតិ​កម្ពុជា​លោក ធា​រី ចន្ថា​ប៊ី​ន និង​ខ្សែប្រយុទ្ធ​ល្បី ចាន់ វឌ្ឍនាកា ជាដើម​។ ចំណែក ក្រុម SCG MuangThong United វិញ ក៏​ជា​ក្រុម​ដ៏​ខ្លាំង និង​ពេញនិយម​បំផុត​មួយ ក្នុងប្រទេស​ថៃ​ផងដែរ ។ នៅ​រដូវ​កាល​នេះ ក្រុម SCG MuangThong United បាន​ជាប់​លេខ​ពីរ​នៅក្នុង​ក្របខ័ណ្ឌ​លី​ក​កំពូល​របស់​ប្រទេស​ថៃ ។​
 
​បន្ថែម​ពីនេះ ជា​ផ្នែក​នៃ​ព្រឹត្តិការណ៍​នេះ កីឡាករ​អាជីព​ក្នុង​ក្រុម SCG MuangThong United ក៏បាន​រៀបចំ​សកម្មភាព​បណ្តុះបណ្តាល​ជំនាញ​បាល់ទាត់​មូលដ្ឋាន ដល់​កុមារ​កម្ពុជា​ប្រមាណ ២០០​នាក់ ក្នុង​កម្មវិធី “Kick and Share by SCG” សំដៅ​ជំរុញ​ការលេង​កីឡា​ក្នុងចំណោម​កុមារ និង​ការប្រើប្រាស់​ពេលវេលា​ឲ្យ​មាន​ប្រយោជន៍ ជៀស​ផុតពី​គ្រឿងញៀន និង​អំពើ​អបាយមុខ​ផ្សេងៗ ។​
 
​សំបុត្រ​ចូល​ទស្សនា​ការប្រកួត​អាច​រកបាន​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក ចាប់ពី​ថ្ងៃនេះ​រហូតដល់​ថ្ងៃទី​១៦ មករា ដោយ​តម្លៃ​សំបុត្រ​គឺ ១​ដុល្លារ​សម្រាប់​សំបុត្រ​ធម្មតា និង ២​ដុល្លារ​សម្រាប់​សំបុត្រ​វី​អាយ​ភី (​កន្លែង​អង្គុយ​ដែលមាន​ដំបូល​) ។ បន្ថែម​ពីនេះ អ្នកចូលរួម​អាច​ទិញ​អាវ​អនុស្សាវរីយ៍ មួយ​តម្លៃ​៥​ដុល្លារ ឬ​អាវយឺត​សុទ្ធ​របស់​ក្រុម SCG MuangThong United ដែល​នឹងមាន​ដាក់លក់​តែ​ចំនួន ២៦០​អាវ ប៉ុណ្ណោះ ។ ថវិកា​ដែល​ទទួលបាន​ពី​ការលក់​សំបុត្រ លក់​អាវ​អនុស្សាវរីយ៍ និង​អាវយឺត​ក្រុម SCG MuangThong United នឹង​បរិច្ចាក​ទៅដល់​មន្ទីរពេទ្យ​គន្ធបុប្ផា​ទាំងស្រុង ។ នៅ​ថ្ងៃ​សៅរ៍​ទី ១៦​នេះ ទ្វារ​នឹង​បើកទទួល​អ្នក​ចូល​ទស្សនា​ចាប់ពី​ម៉ោង ៤​ល្ងាច ហើយ​ការប្រកួត​ជាក់ស្តែង​នឹង​ចាប់ផ្តើម​នៅ​ម៉ោង ៦​ល្ងាច ។​
 
 
 
( អត្ថបទ​ពាណិជ្ជកម្ម ) 

© រក្សាសិទ្ធិដោយ thmeythmey.com