អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
វៀតណាម​៖ ង្វៀន ភូ​ជុង និង​ង្វៀន តាន់​ហ្ស៊ុ​ង​ប្រជែង​គ្នា​ធ្វើ​អគ្គលេខាបក្ស​?
22, Jan 2016 , 9:19 pm        
រូបភាព
ដោយ:
 បក្ស​កុម្មុយនីស្ត​វៀតណាម​បាន​បើក​សមាជ​លើក​ទី​១២​របស់ខ្លួន​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​២១ ម្សិលមិញ ដើម្បី​ជ្រើសរើស​ថ្នាក់ដឹកនាំ​សំខាន់ៗ​ក្នុង​អាណត្តិ​៥​ឆ្នាំ​ទៅមុខ​។ អ្វីដែល​ចម្លែក​នោះ គឺ​សមាជ​លើក​នេះ​ហាក់​មាន​ចម្រូងចម្រាស​បន្តិច ពេល​មានការ​ប្រកួតប្រជែង​ផ្ទៃក្នុង​បក្ស​សម្រាប់​តំណែង​កំពូល​របស់​ប្រទេស ដែល​ខុសពី​សមាជ​លើក​មុនៗ មានការ​សម្រេច​រួចរាល់​មុននឹង​ការផ្លាស់ប្តូរ​សមាភាព​ដឹកនាំ​មកដល់​។​

 
​ការ​ប្រជែង​សម្រាប់​តំណែង​លេខា​បក្ស​កុម្មុយនីស្ត បាន​ក្លាយជា​ស្រមោល​គ្របដណ្ដប់​សមាជ​លើក​ទី​១២ របស់​ប្រទេស​កុម្មុយនីស្ត​វៀតណាម​។ លោកនាយក​រដ្ឋមន្ត្រី ង្វៀន តាន់​ហ្ស៊ុ​ង ដែល​ដល់​អាយុ​ចូលនិវត្តន៍​នោះ កំពុងតែ​សម្លឹង​ឃើញ​កៅអី​លេខា​បក្ស​របស់លោក ង្វៀន ភូ​ជុង​។ ប៉ុន្តែ​វា​មិនមែនជា​រឿង​ងាយស្រួល​ទេ ព្រោះ​លោក ង្វៀន ភូ​ជុង នៅតែ​បន្ត​ចង់បាន​តំណែង​កំពូល​នេះ​ដដែល​។ បញ្ហា​នេះ​ធ្វើ​ឲ្យ​កម្ដៅ​ផ្ទៃក្នុង​បក្ស​កើនឡើង​យ៉ាងខ្លាំង​។​
 
​ចំពោះ​ប្រទេស​ប្រកាន់​របប​ឯក​បក្ស​ដូចជា​វៀតណាម តំណែង​លេខា​បក្ស​កុម្មុយនីស្ត​គឺជា​តំណែង​កំពូល​និង​មានអំណាច​ជាងគេ​ក្នុង​រចនាសម្ព័ន្ធ​ដឹកនាំ​។ នេះ​មានន័យ ថា​តំណែង​នេះ​មានអំណាច​ធំ​ជាង​ប្រធានាធិបតី​ឬ​នាយករដ្ឋមន្ត្រី​ទៅទៀត​។ ដូច្នេះហើយ​បានជា​លោក ង្វៀន តាន់​ហ្ស៊ុ​ង ប្រឹង​ស្រវា​ចាប់យក​តំណែង​កំពូល​នេះ​។  ចំណែកឯ​លោក ង្វៀន ភូ​ជុង ក៏​ប្រឹង​រក្សា​តំណែង​នេះ​មិន​ឲ្យ​របូត​ដូចគ្នា​។  
 
​សម្រាប់​លោកនាយក​រដ្ឋមន្ត្រី ង្វៀន តាន់​ហ្ស៊ុ​ង ដែលមាន​ដើមកំណើត​មកពី​តំបន់​ភាគខាងត្បូង​នោះ មាន​ប្រជាប្រិយភាព​ខ្ពស់ ក្នុងពេលដែល​លោក​ឡើងកាន់​អំណាច​។ ប៉ុន្តែ​មកដល់​សមាជ​បក្ស​លើក​ទី​១២ ឆ្នាំ​២០១៦​នេះ លោក​ដល់​អាយុ​ចូលនិវត្តន៍​ទៅហើយ​។ មួយវិញទៀត​នោះ បើតាម​សារព័ត៌មាន CNBC  ព័ត៌មាន​ដែល​លេច​ចេញពី​កិច្ចប្រជុំ​បិទទ្វារ​របស់​បក្ស​កុម្មុយនីស្ត​បញ្ជាក់ថា លោក ង្វៀន តាន់​ហ្ស៊ុ​ង ដូចជា​អស់​ឱកាស​ក្លាយជា​លេខា​បក្ស​ទៅហើយ​។ ចំណែក​លោក ង្វៀន ភូ​ជុង ដែល​ដល់​អាយុ​ចូលនិវត្តន៍​ទៅហើយនោះ លោក​នៅតែ​ទទួល​ការគាំទ្រ​ពី​សមាជិក​បក្ស​ដដែល​ស​ម្រា​ប់​តំណែង​លេខា​បក្ស ហើយ​តំណែង​នាយករដ្ឋមន្ត្រី​អាច​នឹង​ស្នង​ដោយ​ឧបនាយករដ្ឋមន្ត្រី​លោក Nguyen Xuan Phuc ទៅវិញ​។​
 
​ជាមួយគ្នានេះដែរ គេ​អាច​កត់សម្គាល់​បាន​ថា សមាជ​លើក​ទី​១២ ក្នុង​ឆ្នាំ​២០១៦ ហាក់​ទទួលបាន​ការចាប់​អារម្មណ៍​ច្រើន​ពី​ប្រជាជន​វៀតណាម ក៏ដូចជា​អ្នកជំនួញ​ទាំង​ក្នុងស្រុក​និង​ក្រៅ​ស្រុក​។ ការចាកចេញ​ពី​តំណែង​របស់លោក ង្វៀន តាន់​ហ្ស៊ុ​ង គឺជា​ការព្រួយបារម្ភរ​បស់​ពួកគេ ពីព្រោះ​លោក​មាន​និន្នាការ​គាំទ្រ​ការកែទម្រង់​និង​ជំរុញ​កំណើនសេដ្ឋកិច្ច​វៀតណាម​។ មិនតែប៉ុណ្ណោះ ប្រសិនបើ​លោក​នៅតែ​កាន់អំណាច លោក​អាច​នឹង​ជំរុញ​ការអនុវត្ត​ទីផ្សារសេរី​របស់លោក​ប​ន្ត ដោយ​នេះ​បាន​ទាក់ទាញ​អ្នកវិនិយោគ​យ៉ាងច្រើន​មក​ដាក់ទុន​រកស៊ី​នៅ​វៀតណាម​។ នៅពេលនេះ​ការកែទម្រង់​នៅតែ​បន្ត​នៅឡើយ​។ ដូច្នេះ​វត្តមាន​លោក​ង្វៀន តាន់​ហ្ស៊ុ​ង​អាច​និយាយបានថា​ជាការ​ចាំបាច់​មួយ​។ 
  
​លើសពីនេះ រដ្ឋាភិបាល​របស់លោក​នាយករដ្ឋមន្ត្រី ថែមទាំង​បើកចំហ និង​រៀបចំ​ការអនុគ្រោះ​ដល់​ជំនួញ​ក្រៅ​ស្រុក​ដែល​ចង់​មក​វិនិយោគ​ទៀតផង​។ កាលពី​ឆ្នាំមុន រដ្ឋាភិបាល​វៀតណាម​អនុញ្ញាត​ឲ្យ​ជន​បរ​ទស​មាន​ភាគហ៊ុន ៤៩​ភាគរយ​សម្រាប់​វិស័យ​ជាក់លាក់​មួយចំនួន ដែល​នេះ​ជា​ជំហាន​មួយទៀត ក្នុងការ​ធ្វើ​សេរី​ភា​វូ​នីយកម្ម​របស់​វៀតណាម​។​
 
​យ៉ាងណាមិញ គោលនយោបាយ​របស់​នា​យក​រដ្ឋមន្ត្រី​មិន​ទទួល​ការគាំទ្រ​ទាំ​ស្រុង​នោះទេ​។ លេខា​បក្ស​កុម្មុយនីស្ត​លោក ង្វៀន ភូ​ជុង តែងមាន​ជំហរ តឹងរឹង​ចំពោះ​រឿងនេះ​។ លេខា​បក្ស មាន​វ័យ ៧៧​ឆ្នាំ​រូបនេះ មាន​ទំនោរ​អភិរក្សនិយម និង​ចង់​រក្សា​មាគ៌ា​នយោបាយ​កុម្មុយនីស្ត​ឲ្យ​ខ្ជាប់ខ្ជួន​។ ដូច្នេះហើយ វា​ធ្វើ​ឲ្យ​លោក​ហាក់​មានគំនិត​ផ្ទុយគ្នា​ជាមួយ​នាយករដ្ឋមន្ត្រី​។ មានន័យថា ប្រសិនបើ​លោក ង្វៀន ភូ​ជុង បន្ត​ជា​លេខា​បក្ស​ទៀត​នោះ ការបើកចំហ​ពាណិជ្ជកម្ម​សេរី​អាច​នឹង​ប៉ះពាល់​មិន​ខាន​។ លោក ង្វៀន ភូ​ជុង មាន​ភាពជិតស្និទ្ធ​ជាមួយ​របប​ដឹកនាំ​ចិន​ជាជាង​សហរដ្ឋអាមេរិក ដែល​ខុសពី​លោកនាយក​រដ្ឋមន្ត្រី ង្វៀន តាន់​ហ្ស៊ុ​ង​។ 
 
​ទោះជា​អ្នក​ឡើងកាន់តំណែង​កំពូល​ទាំង​ប្រធាន​បក្ស និង ប្រធានាធិបតី ក៏ដោយ  វៀតណាម ប្រទេស​ដែល​ស្ថិតក្រោម​របប​កុម្មុយនីស្ត​ដដែល​៕
  

Tag:
 វៀតណាម​
  បក្ស​កុម្មុយនីស្ត​
© រក្សាសិទ្ធិដោយ thmeythmey.com