ជាតិ
លិខិត​មិត្ត​អ្នកអាន​៖ សំណួរ​សម្រាប់​ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​ផែនការ ឆាយ ថន !
02, Feb 2016 , 1:52 pm        
រូបភាព
ដោយ: ថ្មីៗ
​នាង​ខ្ញុំ​ជា​ប្រិយមិត្ត​របស់​សារព័ត៌មាន​ថ្មីៗ​ដែលជា​សារព័ត៌មាន​ប្រាកដនិយម​មិន​លំអៀង​និង​ប្រកបដោយ​ក្រម​វិជ្ជាជីវៈ​។​



​នាង​ខ្ញុំ​សូម​សំណូមពរ​ថ្មីៗ មេត្តា​ចុះផ្សាយ​ពី​ចម្ងល់ និង​សំណូមពរ​ឲ្យ​បង្ហាញ​តម្លាភាព​និង​យុត្តិធម៌​ក្នុង​យុគសម័យ​កែទម្រង់​ស៊ីជម្រៅ​របស់​រដ្ឋាភិបាល​បច្ចុប្បន្ន​។ ដោយ​ឃើញ​កំណែទម្រង់​ទៅលើ​ការប្រកួត​ប្រឡងប្រណាំង​ផ្សេង​កន្លងមក ពិសេស​វិស័យ​អប់រំ "​អ្នកចេះ​គឺជា​ប់​"​ពិតប្រាកដ​មែន​នោះ ទើប​នាង​ខ្ញុំ​មាន​ជំនឿ​ទៅលើ​ការកែទម្រង់​នោះ ហើយ​សុខចិត្ត​ចំណាយពេល និង​ថវិកា​ជាច្រើន​ធ្វើដំណើរ​ឆ្លងខេត្ត​សុំ​ការបំពេញ​ពាក្យ​ប្រឡង និង​រង់ចាំ​ប្រឡង​ក្របខណ្ឌ​ជាម​ន្ត្រី​នៃ​មន្ទីរ​ផែនការ​ក្នុង​ខេត្ត​មួយ​ក្បែរ​ជាយដែន​។​

​ក្នុង​រយៈពេល​រង់ចាំ​ការប្រឡង​ខ្ញុំ​បាន​ឭ​ពាក្យ​ចចាមអារ៉ាម​ពី​ហាងឆេង​ក្របខណ្ឌ​នេះ​ខ្លះ​ថា​៣០០០​ទៅ​៤០០០​ដុល្លារ​ដែលជា​ហាងឆេង​ខ្ពស់ជាង​ឆ្នាំ​កន្លងទៅ​គឺ​ត្រឹមតែ​២០០០​ដុល្លារ​តែប៉ុណ្ណោះ​។​

​ឯ​វិធីសាស្ត្រ​ជួយ​បេក្ខជន​ដើម្បី​ជាប់​គឺ មុន​ម៉ោង​ប្រឡង​គេ​ផ្តល់​សំណួរ​និង​កំណែរ​មុន​ម៉ោង​ប្រឡង​១៥​នាទី​។​ហើយ​វិធីសាស្ត្រ​នេះ​គេ​ធ្វើជា​ទម្លាប់​គ្រប់ការ​ប្រឡង​នានា​នៃ​ស្ថាប័ន​នេះ​ផងដែរ​។ ក្នុងពេល​ប្រឡង​ភាគច្រើន​បេក្ខជន​ស​សេរ​បាន​តិចតួច​បំផុត​ខ្លះ​ក្រដាស​សរ​ក៏មាន អ្នកខ្លះ​កត់​លេខ​អត្តសញ្ញាណប័ណ្ណ​ចុះ​ក្នុង​សន្លឹក​កិច្ចការ​ក៏មាន​នាង​ខ្ញុំ​ខិតខំ​ធ្វើ​កិច្ច​ការមិន​ធ្វេសប្រហែស ដោយ​ជឿ​លើ​សមត្ថភាព​ខ្លួន​ដែល​ធ្លាប់​ជាប់​លំដាប់​សិស្ស​និង​និស្សិត​ឆ្នើម​ម្នាក់​ដែរ​។ តែ​ល​ទ្ឋ​ផល​ផ្ទុយ​ទាំងអស់​។​

​ពួក​ខ្ញុំ​អ្នកក្រីក្រ​ធ្លាក់​យ៉ាង​អាម៉ាស និង​ក្លាយជា​ល្បែង​ឡប់ឡែ​នៃ​ពួក​ពុករលួយ​ទៅវិញ​។ ឯណា​ពាក្យ​ថា​ការកែរ​ទម្រង់​ស៊ីជម្រៅ​? ហេតុអ្វី​ប្រឡង​ក្រប​ខណ្ណ​ផែនការ​គ្មាន​ការចូល​អង្កេត​ពី​អង្គភាព​ប្រឆាំង​អំពើរ​ពុករលួយ​ចូលរួម​?

​មាន​ព័ត៌មាន​មួយ​ប្រាប់ថា​ក្នុង​បេក្ខភាព​ជ្រើសរើស​១២​នាក់​នៃ​ខេត្ត​នាង​ខ្ញុំគេ​ផ្តល់​សម្រាប់​មន្ទីរ​ថ្នាក់​ខេត្ត​២​នាក់​និង​ទំលាក់​ឈ្មោះ​ពី​ក្រសួង ១០​នាក់​សម្រាប់​ជាប់​រួចជាស្រេច តើ​នោះ​ជាការ​ពិត​ឫ​ទេ​?
​សូម​ឯកឧត្តម​ទេសរដ្ឋមន្ត្រី ឆាយ ថន មេត្តា​បង្ហាញ​ពី​តម្លាភាព​និង​បកស្រាយ​ពី​ការប្រកួតប្រជែង​នានា​ក្រោម​ឱវាទ​ឯកឧត្តម​ផង​។​

​នាង​ខ្ញុំ​សង្ឃឹមថានឹង​មានការ​ពន្យល់​និង​បកស្រាយ​ពី​អ្នក​ពាក់​ព័​ន្ឋ​ផងដែរ​។​

​ជាទី​បញ្ចប់​សូម​អរគុណ​សារព័ត៌មាន  ថ្មីៗ ដែល​យកចិត្តទុកដាក់​និង​ចុះផ្សាយ​លិខិត​មិត្ត​អ្នកអាន​ស្របតាម​សំណូមពរ​និង​តម្រូវការ​មិត្ត​អ្នកអាន​ផងដែរ​។ សូម​ថ្មីៗ​ជួបតែ​សំណាងល្អ​វិបុល​សុខ​គ្រប់បែបយ៉ាង​។​


© រក្សាសិទ្ធិដោយ thmeythmey.com