កីឡាជាតិ
ជាតិ
សែន រ៉ា​ឌី​, កែ ឡេង​, ប៊ុង ហុង​, ធិ​ន សេង​ហុន​, ស៊ន សៀវ​ម៉ី និង​លោក សុខ ម៉ុង​ជាប់​ជ័យលាភី​
19, Feb 2016 , 11:13 am        
រូបភាព
ដោយ:
​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា (NOCC) ក្រោម​កិច្ចសហការ​ជាមួយ​សណ្ឋាគារ​ណាហ្គា​វើ​ល បានរៀបចំ​ពិធី​ចែក​រង្វាន់​ដល់​អត្ត​ព​លិ​ក គ្រូបង្វឹក និង​ប្រព័ន្ធ​ផ្សព្វផ្សាយ ដែល​ត្រូវបាន​វាយតម្លៃថា មាន​ស្នាដៃ​ឆ្នើម​សម្រាប់​កីឡា​ជាតិ នា​អំឡុង​ឆ្នាំ​២០១៥ ។ ពិធី​ចែក​រង្វាន់​ត្រូវបាន​ប្រព្រឹត្តទៅ​កាលពី​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍ ទី​១៨ ខែកុម្ភៈ នៅ​សណ្ឋាគារ​ណាហ្គា​វើ​ល​។​



​សែន រ៉ា​ឌី កីឡាករ​ប្រដាល់ និង​វ៉ូ​វី​ណា​ម បាន​ជាប់​ជា​កីឡាករ​ឆ្នើម​ប្រចាំឆ្នាំ ហើយ​ស្នាដៃ​ធំ​បំផុត​របស់គេ​នៅ​ឆ្នាំ​២០១៥ គឺ​ការ​ដណ្តើមបាន​មេដាយមាស​ពី​ព្រឹត្តិការណ៍​ដណ្តើម​ជើងឯក​ពិភពលោក​នៅ​ប្រទេស​អាល់​ហ្សេ​រី​។ ពាន​កីឡាការិនី​ឆ្នើម បាន​ទៅលើ​វីរនារី​ប៉េតង់​កម្ពុជា កែ ឡេង ដែល​បានឈ្នះ​មេដាយមាស​ពិភពលោក​ជា​លើក​ទី​ពីរ​នៅ​ប្រទេស​ថៃ និង​មេដាយ​ថ្នាក់​តំបន់​មួយចំនួនទៀត​។ សែន រ៉ា​ឌី និង​កែ ឡេង បាន​ប្រាក់រង្វាន់​ចំនួន​៣០០០​ដុល្លារ​អាមេរិក​។​

​ជាមួយគ្នានេះ​ផងដែរ អត្ត​ព​លិ​ក​ពិការ​ត្រូវ​បានទទួល​ការលើកទឹកចិត្ត​ជា​លើកដំបូង​ពី​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា ក្រោម​កិច្ចសហការ​ជាមួយ​សណ្ឋាគារ​ណាហ្គា​វើ​ល​។ កីឡាករ ប៊ុង ហុង ជាប់​ជា​កីឡាករ​ជនពិការ​ឆ្នើម​ប្រចាំឆ្នាំ​២០១៥ បន្ទាប់ពី​កីឡាករ​រត់​ចម្ងាយ​រូបនេះ បានឈ្នះ​មេដាយមាស និង​មេដាយ​សំរឹទ្ធ​ពី​ការប្រកួត​កីឡា​អាស៊ី​ប៉ា​រ៉ា​ហ្គេម​នៅ​ប្រទេស​សឹង្ហ​បុរី​។  កីឡាការិនី ធិ​ន សេង​ហុន ដែល​ទទួលបាន​មេដាយប្រាក់​ពី​ប្រទេស​សិង្ហ​បុរី ដូចគ្នា បាន​ជាប់​ជា​កីឡាការិនី​ពិការ​ឆ្នើម​ប្រចាំឆ្នាំ​។ សម្រាប់​រង្វាន់​អត្ត​ព​លិ​ក​ពិការ​ឆ្នើម ជ័យលាភី​ទទួលបាន​ប្រាក់រង្វាន់ ១៥០០​ដុល្លារ​អាមេរិក​។​


​លោក សុខ ម៉ុង គ្រូបង្វឹក​កីឡា​ប៉េតង់ ដែល​នាំ​ឲ្យ​កម្ពុជា​ទទួលបាន​មេដាយប្រាក់​៤ និង​សំរឹទ្ធ​៥​ពី​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​នៅ​សឹង្ហ​បុរី កាលពី​អំឡុង​ខែមិថុនា ឆ្នាំ​២០១៥ ក្លាយជា​គ្រូបង្វឹក​ឆ្នើម​ប្រចាំឆ្នាំ ដោយ​ទទួលបាន​ទឹកប្រាក់​២០០០​ដុល្លារ​អាមេរិក​។ លោក សុខ ម៉ុង ត្រូវបាន​អះអាងថា​ទទួលបាន​ការគាំទ្រ​ច្រើនជាង​គ្រូបង្វឹក​៨​រូប​ផ្សេង​រួមមាន គ្រូបង្វឹក​សី​ប៉ា​តា​ក្រ លោក ជាតិ ខេមរា គ្រូបង្វឹក​កាយសម្ព័ន្ធ លោក ណ​យ ផា​ណា គ្រូបង្វឹក​ចំបាប់ លោក ហុក ឈាង​គីម គ្រូបង្វឹក​វ៉ូ​វី​ណា​ម លោក ទេព ជីវ​សុខុម គ្រូបង្វឹក​ល្បុក្កតោ លោក សាន គឹមស៊ាន គ្រូបង្វឹក​អត្តពលកម្ម លោក ផៃ សុខ គ្រូបង្វឹក​ហែល​ទឹក លោក ហែម គី​រី និង​គ្រូបង្វឹក​បាល់ទាត់ លោក ប្រាក់ សុវណ្ណារ៉ា​។​



​ជាមួយគ្នានេះ សណ្ឋាគារ​ណាហ្គា​វើ​ល បាន​ប្រើប្រាស់​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់ខ្លួន ដើម្បី​ស្ទង់​មតិ​ស្វែងរក​អត្ត​ព​លិ​ក​ដែលមាន​ប្រជាប្រិយភាព​ជាងគេ​។ ជា​លទ្ធផល កីឡាការិនី​តេ​ក្វាន់​ដូ ស៊ន សៀវ​ម៉ី ដែល​បានឈ្នះ​មេដាយមាស​កីឡា​អាស៊ី​កាលពី​ឆ្នាំ​២០១៤ នៅ​ប្រទេស​កូរ៉េខាងត្បូង នៅតែ​ជា​កីឡាការិនី​ដែលមាន​ប្រជាប្រិយភាព​ជាងគេ ដោយ​នាំមុខ​កីឡាការិនី​ហែល​ទឹក ហែម​ថុ​ន វិ​ទិ​នី កីឡាករ​បាល់ទាត់ ចាន់ វឌ្ឍនាកា​, ប្រាក់ មុន្នី​ឧ​ត្ត​ម និង​កីឡាការិនី​ក្បាច់គុន​ចម្រុះ សំ ថា​រ័ត្ន​។



​លទ្ធផល​នៃ​ការគាំទ្រ​រវាង​ស៊ន សៀវ​ម៉ី និង ហែម​ថុ​ន វិ​ទិ​នី មានការ​ប្រកៀក​ប្រកិត​គ្នា ដោយ សៀវ​ម៉ី ប្រើប្រាស់​កម្មវិធី​ផ្សាយ​ផ្ទាល់​តាម​ហ្វេ​ស​ប៊ុ​ក​ដើម្បី​ទាញ​ប្រជាប្រិយភាព ខណៈ​វិ​ទិ​នី មាន​ការជួយ​គាំទ្រ និង​ជ្រោមជ្រែង​ពី​សំណាក់​តារា​សម្តែង និង​តារា​ល្បីល្បាញ​នៅលើ​ហ្វេ​ស​ប៊ុ​ក មួយចំនួន ដូចជា PeyPey Dy និង Salath Srey Lang ជាដើម​។ សម្រាប់​ពាន​អត្ត​ព​លិ​កមាន​ប្រជាប្រិយភាព សៀវ​ម៉ី បាន​ប្រាក់រង្វាន់​២០០០​ដុល្លារ​អាមេរិក​។​



​ប្រព័ន្ធ​ផ្សព្វផ្សាយ​ផ្នែក​កីឡា​ក៏ត្រូវ​លើកទឹកចិត្ត​ជា​លើកដំបូង​ផងដែរ​តាមរយៈ​ការដាក់​ស្នាដៃ​ដើម្បី​ធ្វើការ​ប្រកួតប្រជែង​។ អត្ថបទ​របស់​អ្នកកាសែត​ឈ្មោះ ស៊ី​ង ឡុង ទទួលបាន​ពិន្ទុ​ខ្ពស់​ជាងគេ ខណៈ​រូបថត​កីឡា​ដែល​ថត​ដោយ​លោក តាំង ឈិន​សុ​ទ្ធី ក៏​ជាប់​ចំណាត់ថ្នាក់​លេខ​១​ផងដែរ​។ ជ័យលាភី​ទាំងពីរ​ទទួល​ប្រាក់រង្វាន់​១០០០​ដុល្លារ​អាមេរិក​។​



​នៅក្នុង​ពិធី​ប្រគល់​ពានរង្វាន់​ដល់​កីឡាករ​កម្ពុជា​ឆ្នើម​ប្រចាំឆ្នាំ​២០១៥ នៅ​សណ្ឋាគារ​ណាហ្គា​វើ​ល ដោយមាន​ការចូលរួម​ពី​សំណាក់ លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា លោក ហ៊ុន ម៉ា​ណែ​ត ឧ​ត្ត​ម​សេនីយ៍​ឯក​កងទ័ពជើងគោក នៃ​កងយោធពល​ខេរ​ភូមិន្ទ លោក អ៊ុក សិទ្ធី​ជាតិ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កីឡា​នៃ​ក្រសួង​អប់រំ​យុវជន និង​កីឡា លោក នុត សាអាន រដ្ឋលេខាធិការ លោកស្រី ម៉ក់ វ៉ាន់​ស៊ីថា អភិបាលរង​រាជធានី​ភ្នំពេញ និង​លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា និង​អនុរដ្ឋលេខាធិការ​ក្រសួងទេសចរណ៍​៕

​ប្រភព​រូបថត​៖ ណាហ្គា​វើ​ល​


© រក្សាសិទ្ធិដោយ thmeythmey.com