ជាតិ
ទស្សនីយភាព​ស្ដីពី «​មាឃបូជា​»
22, Feb 2016 , 7:39 pm        
រូបភាព
ប្រភពរូបថត៖ ព្រះមហា ប៉ែន វិបុល
ប្រភពរូបថត៖ ព្រះមហា ប៉ែន វិបុល
ដោយ: ថ្មីៗ
​សមាគម​ទ្រទ្រង់​ការបោះពុម្ព និង​អប់រំ កាលពី​ព្រឹក​ថ្ងៃទី​២១ ខែកុម្ភៈ បានរៀបចំ​ពិ​ព័រ​ណ៌​ផ្ទាំងទស្សនីយភាព​ស្ដីពី​អត្ថន័យ​នៃ​ពិធីបុណ្យ​មាឃបូជា ក្រោម​ព្រះ​ធិបតី​ភាព​សម្ដេចព្រះ​មហាសុមេធាធិបតី ន​ន្ទ ង៉ែត សម្ដេចព្រះ​សង្ឃនាយក​នៃ​ព្រះរាជាណាចក្រ​កម្ពុជា លោក មិន ឃិន រដ្ឋមន្ត្រីក្រសួង​ធម្មការ និង​សាសនា នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ​រាជធានី​ភ្នំពេញ​។​



​បើតាម​ការផ្សាយ​របស់​គេហទំព័រ​ផ្លូវការ​ក្រសួង​ធម្មការ សម្ដេច​សង្ឃ ន​ន្ទ ង៉ែត មាន​ព្រះរាជបន្ទូល​ថា ការរៀបចំ​សម្ដែង និង​ពិព័រណ៍​បង្ហាញ​ស្ដីពី​មាឃបូជា​នេះ គឺ​ពិត​ពាក្យ​ប្រៀនប្រដៅ​របស់​ព្រះពុទ្ធ មិន​គាំទ្រ​ភាពល្ងង់ខ្លៅ ភាពទន់ខ្សោយ សេចក្ដី​ភ័យខ្លាច និង​ចំណង់​ឥត​ឆ្អែត​នោះទេ ប៉ុន្តែ​ពាក្យ​ប្រៀនប្រដៅ​ទាំងនេះ សំដៅ​ធ្វើ​ឲ្យ​មនុ​ស្សមាន​ពុទ្ធិ​យល់ដឹង​ត្រឹមត្រូវ​ដោយ​បន្សាត់​បង់ និង​បំផ្លាញចោល​នូវ​អកុសលធម៌​។​

​លោក មិន ឃិន រដ្ឋមន្ត្រីក្រសួង​ធម្មការ និង​សាសនា មានប្រសាសន៍​កោតសរសើ​រ​ដល់​ព្រះលិខិត​បញ្ញា ប៉ែន វិបុល នាយក​ប្រតិបត្តិ​សមាគម​ទ្រទ្រង់​ការបោះពុម្ព និង​អប់រំ​ដែល​បាន​លើកយក​ផ្ទាំងទស្សនីយភាព​នេះ​ឡើង ដើម្បី​រំឭក​ដល់​ថ្ងៃជា​មហា​មង្គល​ទាំងពីរ​នៃ​ព្រះសម្មាសម្ពុទ្ធ​បរមគ្រូ​នៃ​យើង​ដែល​ប្រកាស ដាក់​ជន្មាយុ​សង្ខារ​ផង និង​ថ្ងៃ​ប្រជុំ​ចតុរង្គសន្និបាត​នៃ​ព្រះអរហន្ត​ទាំង​១២៥០​អង្គ​ផង ក៏ដូចជា​ការលើកស្ទួយ​វិស័យ​ព្រះពុទ្ធសាសនា ដែលជា​សាសនា​របស់​រដ្ឋ​ឲ្យ​បាន​គង់វង្ស និង​ស្ថិតស្ថេរ​ចីរកាល​តរៀង​ទៅ​។​

​ព្រះលិខិត​បញ្ញា ប៉ែន វិបុល នាយក​ប្រតិបត្តិ​នៃ​សមាគម​ទ្រទ្រង់​ការបោះពុម្ព និង​អប់រំ​មាន​ថេរ​ដីកា​ថា​ផ្ទាំងទស្សនីយភាព​ជាច្រើន​ផ្ទាំង​ស្ដីពី​អត្ថន័យ​នៃ​ពិធីបុណ្យ​មាឃបូជា ដែលជា​បុណ្យ​ដ៏​ពិសិដ្ឋ​របស់​ព្រះពុទ្ធសាសនា​សម្រាប់​ពុទ្ធសាសនិក​ទូទាំង​ពិភពលោក ជាពិសេស​គឺ​ពុទ្ធសាសនិក​ខ្មែរ​យើង​នេះ​តែម្ដង​។​

​ព្រះអង្គ​បាន​បន្ថែមថា ក្នុងនាម​ជា​ប្រជា​ពុទ្ធបរិស័ទ​គប្បី​ត្រូវ​ចងចាំ​នូវ​ឱវាទ​បីយ៉ាង​ដែល​ព្រះអង្គ​ទ្រង់​បាន​ទូន្មាន​ដល់​ពុទ្ធសាសនិក​គ្រប់រូប​គឺ ការមិនធ្វើ​នូវ​អំពើ​បាប​ទាំងពួង ការបំពេញ​នូវ​អំពើ​ដែលជា​អកុសល​ទាំងពួង និង​ការធ្វើ​ចិត្ត​របស់ខ្លួន​ឲ្យ​ល្អ​ស្អាត​ផូរផង់​៕

​វីដេអូ​៖ 


 

 
 

© រក្សាសិទ្ធិដោយ thmeythmey.com