ពីនេះ ពីនោះ
អាយុ​ដែល​គួរ «​រៀបការ​»?
05, Mar 2016 , 4:03 pm        
រូបភាព
ដោយ: ថ្មីៗ
​ជាធម្មតា និង​ជាទូទៅ មិនមាន​អាយុ​ពិតប្រាកដ ដែល​អ្នក​គួរ​រៀបការ​នោះទេ ប៉ុន្តែ យ៉ាងហោចណាស់ ក៏​អ្នក​ត្រូវមាន​អាយុ​លើសពី ១៨ ឆ្នាំ​ដែរ​។ អាយុ គ្រាន់តែ​ជា​តួលេខ​ប៉ុណ្ណោះ ដូច្នេះ អាពាហ៍ពិពាហ៍ ត្រូវ​ពឹងផ្អែក​ទៅលើ​ការរៀបចំ​ខ្លួន មនោ​ស​ញ្ជេ​ត​នា ការអប់រំ ការងារ លទ្ធភាព និង​ទំនាក់ទំនង​។ បើសិនជា​អ្នក​យល់ថា “​អូ​ខេ​” នោះ​អ្នក​គួរតែ​រៀបការ​ហើយ​។​



​អ្នក​ក៏ត្រូវ​ចងចាំ​ផងដែរ​ថា អាយុ​កាន់តែច្រើន បទពិសោធន៍​ជីវិត នឹង​កាន់តែច្រើន ដែលជា​ហេតុ​ធ្វើ​ឲ្យ​អ្នក ប្រហែលជា​មិន​ជ្រើសរើស​ខុស​នោះទេ​។ ប៉ុន្តែ វា​ក៏​មិន​ប្រាកដ ១០០ ភាគរយ​ដែរ​។ អញ្ចឹង តើ​អាយុ​ប៉ុន្មាន ដែល​អ្នក​គួរ​រៀបការ​នោះ​? ចូរ​សាក​ល្បងមើល អត្ថបទ​ខាងក្រោម​នេះ​សិន មុននឹង​សម្រេចចិត្ត ៖

​រៀបការ​នៅ​អាយុ ២០ ឆ្នាំ​ជាង​បន្តិច (២២ ទៅ ២៥​ឆ្នាំ​)
​តើ​វា​ជា​ពេលវេលា​ល្អ សម្រាប់​រៀបការ​ឬ​? ពី ២២ ទៅ ២៥ ឆ្នាំ ជាការ​ពិត វា​អាចជា​ពេល​សាក​សម​មួយ​ដែរ ពីព្រោះ អ្នក​ប្រហែលជា​អាច​បញ្ចប់​ការសិក្សា ហើយ​កំពុងមាន​ការងារ​ធ្វើ​ផង​ក៏​មិនដឹង​។ ប៉ុន្តែ វា​ជា​ពេល​ដ៏​ល្អ​មួយ​ផងដែរ សម្រាប់​បង្កើន​ទំនាក់ទំនង និង​ផលិតកម្ម​ការងារ​។ អាពាហ៍ពិពាហ៍ ទាមទារ​ការទទួលខុសត្រូវ​ខ្ពស់ ដូច្នេះ បើ​អ្នក​ចង់​ឡើង​ឋានៈ ឬ​ស្រឡាញ់​ការងារ​ខ្លាំង អ្នក​គួរតែ​ផ្តោតអារម្មណ៍​ទៅលើ​ការងារ ជាជាង​អាពាហ៍ពិពាហ៍​។​

​រៀបការ​នៅ​អាយុ​ជិត ៣០ ឆ្នាំ (​លើ ២៥ ឆ្នាំ​)
​ភាគច្រើន វា​ជា​ពេល​ដ៏​សាក​សម​បំផុត សម្រាប់​អាពាហ៍ពិពាហ៍ ពីព្រោះ​អ្នក​ទាំងពីរ កំពុង​តែមាន​ការងារ​ល្អ​នៅក្នុង​ដៃ មាន​ប្រាក់ចំណូល​ទៀងទាត់ និង​មាន​កិត្តិយស​គួរសម​ដែរ​ហើយ ដូច្នេះ បើ​អ្នក​បាន​គ្នា​ជា​គូ អ្នក​ក៏​អាច​រីកចម្រើន​ទៅមុខ ជាមួយនឹង​គ្នា​ដែរ​។ ក្រោ​ពីនេះ អារម្មណ៍ និង​ចិត្តគំនិត​របស់​អ្នក ក៏​ចាស់ទុំ​គួរសម​ដែរ​ហើយ​។ រីឯ​ការយក​កូន ក៏​មិនទាន់​ហួសពេល​ដែរ​។​

​រៀបការ​នៅ​អាយុ ៣០ ឆ្នាំ​ជាង​បន្តិច (៣២ ទៅ ៣៥​ឆ្នាំ​)
​គេ​អាច​នឹង​ហៅ​អ្នក​ថា ចាស់​ជ្រេ ជាពិសេស គឺ​មនុស្ស​ស្រី (​ក្រមុំចាស់​)​។ សម្រាប់​បុរស ពាក្យសំដី​នេះ ប្រហែលជា​មិន​អី​នោះទេ ប៉ុន្តែ សម្រាប់​មនុស្ស​ស្រី​វិញ គឺថា ទ្រាំ​មិន​បានទេ ហើយ​ចង់តែ​រក​ប្តី​ភ្លាមៗ​ថ្ងៃនេះ​តែម្តង ប៉ុន្តែ អ្នក​មិនគួរ​ខឹង ឬ​អន់​ចិត្តនឹង​ពាក្យ​ទាំង​នេះឡើយ​។ យ៉ាងណាមិញ អាយុ​ប៉ុន​នេះ គឺ​វា​ពិតជា​ជ្រេ​បន្តិច​មែន សម្រាប់​ស្ត្រី ពីព្រោះ វា​ហាក់ដូចជា យឺត​ពេល​ក្នុងការ​បង្កើត គ្រួសារ​មួយ​ដ៏​គួរ​ឲ្យ​កក់ក្តៅ​ហើយ​។​

​រៀបការ​នៅ​អាយុ​ជិត ៤០ (​លើស ៣៥ ឆ្នាំ​)
​ពេល​គេ​សួរថា ថ្ងៃ​ណា ទើប​អ្នក​រៀបការ​? អ្នក​ប្រហែលជា​ឆ្លើយថា អត់​ទាន់​ចង់បាន ឬ​រវល់​ណាស់ គ្មាន​ពេល​គិត​អំពី​វា​នោះទេ​។ ប៉ុន្តែ អ្នក​ត្រូវ​ដឹងថា អាពាហ៍ពិពាហ៍ មិនមែន​ត្រឹមតែ បង្ហាញ​អំពី​ទំនួល​ខុសត្រូវ​នោះទេ ប៉ុន្តែ វា​ត្រូវ​គិត​អំពី ដំណើរ​ជីវិត​ដ៏​វែងឆ្ងាយ ដែល​អ្នក​ត្រូវ​ចំណាយពេល​ជាមួយគ្នា ដើម្បី​កំសាន្ត រីករាយ និង​ជាពិសេស បង្កើត​កូនចៅ​។​

​រៀបការ​នៅ​អាយុ​លើសពី ៤០ ឆ្នាំ​
​តើ​អ្នកណាខ្លះ កំពុង​ជួប​វិបត្តិ​មួយ​នេះ​? អ្នក​ប្រហែលជា​អាច ស្វែងរក​អ្នក​យល់ចិត្ត ហើយ​រៀបការ​ជាមួយ​គេ​បាន ប៉ុន្តែ បើ​អ្នក​ចង់​បានកូន​វិញ គឺថា វា​ពិតជា​លំបាក​ណាស់​៕

ផ្តល់​សិទ្ធិ​ដោយ www.health.com.kh


© រក្សាសិទ្ធិដោយ thmeythmey.com