ជាតិ
សេដ្ឋកិច្ច
លោក ភូ ពុ​យ ស្នើ​រដ្ឋាភិបាល​កំណត់​កូតា​អង្ករ​នាំចូល ដើម្បី​ឲ្យ​ស្រូវ​ក្នុងស្រុក​មានតម្លៃ​ខ្ពស់​
10, Mar 2016 , 9:59 pm        
រូបភាព
លោក សុខ ពុទ្ធីវុធ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា
លោក សុខ ពុទ្ធីវុធ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា
ដោយ:
​ភ្នំពេញ​៖ លោក ភូ ពុ​យ ប្រធាន​សមាគម​រោង​ម៉ាស៊ីនកិនស្រូវ​កម្ពុជា បានស្នើ​ដល់​រាជរដ្ឋាភិបាល​ឲ្យ​រឹតត្បិត​ការ​នាំចូល​អង្ករ​ពី​ប្រទេសជិតខាង​កម្ពុជា ដើម្បី​អាច​ឲ្យ​កសិករ​លក់​ផលិតផល​របស់ខ្លួន​បាន​តម្លៃ​ខ្ពស់​។ លោក មានប្រសាសន៍ថា បើ​មិន​មានការ​រឹតត្បិត​ការ​នាំចូល​អង្ករ​នោះទេ ខាង​ភាគី​ម៉ាស៊ីនកិនស្រូវ ដែល​ប្រមូល​ទិញស្រូវ​ពី​ប្រជាកសិករ នឹង​ជួប​វិបត្តិ​គ្មាន​ទីផ្សារ ហើយ​លទ្ធផល​ចុងក្រោយ​វា​នឹង​ប៉ះពាល់​ដល់​តម្លៃ​ស្រូវ​របស់​ប្រជាពលរដ្ឋ​។​



​រដ្ឋាភិបាល​គួរតែ​រឹតត្បិត​ការ​នាំចូល​អង្ករ​ពី​ប្រទេសជិតខាង ដើម្បី​ស្រោចស្រង់​ដំណើរការ​ប្រមូល​ទិញស្រូវ​ក្នុងប្រទេស​កម្ពុជា​ឡើងវិញ ដែល​យន្តការ​នេះ​នឹង​នាំ​ឲ្យ​ប្រជាកសិករ​លក់​ផលិតផល​របស់ខ្លួន​បាន​តម្លៃ​ខ្ពស់​។ នេះ​បើតាម​ការ​ថ្លែង​របស់លោក ភូ ពុ​យ ប្រធាន​សមាគម​រោង​ម៉ាស៊ីនកិនស្រូវ​កម្ពុជា និង​ជា​សមាជិក​ក្រុមប្រឹក្សាភិបាល​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា ក្នុង​សន្និសីទ​សារព័ត៌មាន​ស្តីពី​ផែនការ​ដោះស្រាយ​បញ្ហា​ប្រឈម​ក្នុង​វិស័យ​ស្រូវ​អង្ករ នៅ​ថ្ងៃទី​៩​ខែមីនា​។ លោក មានប្រសាសន៍​យ៉ាង​ដូច្នេះ​ថា​៖«​ខាង​ម៉ាស៊ីនកិនស្រូវ​ទាំងអស់​ជួយប្រមូល​ទិញស្រូវ​ពី​កសិករ​ទាំង​ប្រភេទ​ស្រូវ​នាំចេញ ទាំង​ប្រភេទ​ស្រូវ​មិនអាច​នាំចេញ​។ ហើយ​ប្រភេទ​ស្រូវ​មិនអាច​នាំចេញ​បាន យើង​ត្រូវការ​ទីផ្សារ​ក្នុងស្រុក​។ តែបើ​មាន​ការហូរចូល​អង្ករ​ពី​ប្រទេសជិតខាង នោះ​ធ្វើ​ឲ្យ​ម៉ាស៊ីនកិនស្រូវ​អត់​មាន​ទីផ្សារ​លក់​ចេញ​ទេ​»​។​

​លោក ភូ ពុ​យ អះអាងថា បើ​រាជរដ្ឋាភិបាល​អាច​កម្រិត​ការ​នាំចូល​អង្ករ​ពី​ក្រៅប្រទេស​បាន នោះ​ជា​ឱកាស​សម្រាប់​អ្នកប្រមូល​ទិញ​មាន​ទីផ្សារ​លក់​អង្ករ ហើយ​អ្នកប្រមូល​ទិញ​ក៏​ហ៊ាន​ទិញស្រូវ​ពី​ប្រជាពលរដ្ឋ​ក្នុងតម្លៃ​ខ្ពស់​ផងដែរ​។​

​អ្នកជំនាញ​ខាង​វិស័យ​ស្រូវ​អង្ករ​រូបនេះ បាន​បញ្ជាក់ថា ប្រទេស​ទីផ្សារសេរី​ផ្សេងទៀត ក៏​គេ​បើកចំហរ​ឲ្យ​នាំចូល​តែ​ផលិតផល​ណា​ដែល​ប្រទេស​របស់គេ​ខ្វះខាត​តែប៉ុណ្ណោះ​។ លោក បន្ត​លើកឡើង​ពី​ករណី ប្រទេស​ថៃ ដែល​មិន​អនុញ្ញាត​ឲ្យ​នាំចូល​ផលិតផល​ណា ដែល​ប៉ះពាល់​ដល់ទី​ផ្សារ​ក្នុងស្រុក​របស់គេ​។ ដូច្នេះហើយ លោក ភូ ពុ​យ ស្នើ​ដល់​រាជរដ្ឋាភិបាល​ឲ្យ​រឹតត្បិត​ការ​នាំចូល​អង្ករ​ពី​ប្រទេសជិតខាង តាមរយៈ​ការតំឡើង​ពន្ធ និង​ការកំណត់​បរិមាណ​នាំចូល​។

​ដោយឡែក​លោក សុខ ពុ​ទ្ធី​វុ​ធ ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា បាន​ថ្លែងថា កម្ពុជា​ជា​ប្រទេស​ទីផ្សារសេរី យើង​មិនអាច​ហាមឃាត់​ការ​នាំចូល​អង្ករ​ពី​ក្រៅប្រទេស​បានទេ​។ លោក បន្ថែមទៀតថា យើង​បើក​ឲ្យ​មានការ​នាំចូល​ដោយ​សេរី​ក៏ពិតមែន តែ​ការ​នាំចូល​នោះ​ត្រូវតែ​អនុវត្តតាម​នីតិវិធី​ច្បាប់​ត្រឹមត្រូវ ហើយ​មានការ​បង់ពន្ធ​ច្បាស់លាស់​។    
    
​បើតាម​លោក គឹម សាវុធ អនុប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា បាន​អះអាងថា គេ​មិនអាច​ដឹង​ពី​បរិមាណ​ជាក់លាក់​នៃ​អង្ករ​នាំចូល​ពី​ប្រទេសជិតខាង​កម្ពុជា​បានឡើយ ដោយសារ​មានការ​នាំចូល​អង្ក​រយ៉ា​ង​អាណាធិបតេយ្យ​តាម​ច្រករបៀង​នានា​។ តែ​លោក បញ្ជាក់ថា បរិមាណ​អង្ករ​នាំចូល​អាច​ច្រើនជាង​១​លាន​តោន បើ​យោងតាម​របាយការណ៍​ក្រៅផ្លូវការ​របស់​អ្នកស្រាវជ្រាវ​។​


Tag:
 ​សេដ្ឋកិច្ច​
© រក្សាសិទ្ធិដោយ thmeythmey.com