អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ការព្យាយាម​ធ្វើ​ឲ្យ​មាន​ភាពស្មុគស្មាញ​នៅ​សមុទ្រ​ចិន​ខាងត្បូង នឹងត្រូវ​បរាជ័យ​
11, Mar 2016 , 8:45 pm        
រូបភាព
ដោយ:
​សារព័ត៌មាន People’s Daily បាន​ចុះផ្សាយ​អត្ថបទ​វិចារណកថា​មួយ​ដែលមាន​ចំណងជើង​ថា «​ការព្យាយាម​ធ្វើ​ឲ្យ​មាន​ភាពស្មុគស្មាញ​នៅ​សមុទ្រ​ចិន​ខាងត្បូង នឹងត្រូវ​បរាជ័យ​»  នៅ​ថ្ងៃទី​១០ ខែមីនា​។ អត្ថបទ​នោះ បានបញ្ជាក់​ជាថ្មី​ពី​គោលជំហរ​របស់​ចិន​ដែល​បានលើកឡើង​ដោយ​រដ្ឋមន្ត្រីការបរទេស​ចិន​លោក វ៉ាង យី លើ​សមុទ្រ​ចិន​ខាងត្បូង និង​រិះគន់​ពី​ចេតនា​របស់​អាមេរិក​ក្នុងការ​ធ្វើ​យោ​ធូប​នីយកម្ម​។


​នា​កិច្ចប្រជុំ​កំពូល​ប្រចាំឆ្នាំ​នៃ​សភា​ចិន​ទាំងពីរ ប្រព័ន្ធ​ផ្សព្វផ្សាយ​ជាច្រើន បាន​ផ្តោត​សំខាន់​លើ​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​។ ហើយ​មាន​អ្នកខ្លះ បាន​លម្អៀង និង​បំផ្លើស​ពី​ជំហរ​របស់​ចិន​ទាំង​សកម្មភាព​ចិន ធ្វើឡើង​ក្នុង​អធិបតេយ្យ​របស់ខ្លួន​សោះ​។ ជាមួយគ្នា​នោះដែរ ក៏មាន​អ្នកខ្លះ មិនបាន​បញ្ជាក់​ឲ្យ​មានការ​យល់ដឹង​ពី​ម​ជ្ឈ​ត្ត​ការ​នោះទេ តែ​បែរជា​ធ្វើ​ឲ្យ​កាន់​តែមាន​ការយល់ច្រលំ​។ ការឆ្លើយតប​របស់​ចិន គឺ មាន​ហេតុផល និង​ស្របតាម​ច្បាប់​អន្តរជាតិ ហើយ​ចិន ក៏​មិនមែនជា​ប្រទេស​ទីមួយៗ​នោះទេ​ដែល​បាន​ពង្រាយ​សព្វាវុធ​នៅ កោះ Nansha ហើយក៏​មិនមែនជា​ប្រទេស​ដែល​បាន​ប្រតិបត្តិការ​សកម្មភាព​យោធា​ផ្សេងៗ​នៅក្នុង​តំបន់​នោះដែរ​។ ចិន មិនគួរ​ត្រូវបាន​ចោទប្រកាន់ថា​ធ្វើ​យោ​ធូប​នីយកម្ម​ឡើយ​។ ការចោទប្រកាន់​នេះ គឺ​ស័ក្តិសម​ជាមួយនឹង​ប្រទេស​ដទៃទៀត​វិញ​។​
 
​វា​មិនមាន​អ្វីដែល​ពិបាក​នោះទេ​ដើម្បី​យល់​ពី​ការពិត​។  ចិន កំពុងតែ​បំពាក់​នូវ​សម្ភារ​ការពារ​ចាំបាច់​មួយ ចំនួន​នៅលើ​កោះ និង​ថ្ម​ប៉ប្រះ​ទឹក​របស់ខ្លួន ដោយយោង​ទៅតាម​ច្បាប់​អន្តរជាតិ​។ បន្ថែម​ពីនេះ ចិន ក៏​បាននិងកំពុង​សាងសង់​នូវ​សំណង់​ស៊ីវិល​មួយចំនួន​ដើម្បី​ផ្តល់​សេវាសាធារណៈ​ទៅកាន់​សហគមន៍​អន្តរ ជាតិ​។ សិទ្ធិសេរីភាព​នៃ​ការធ្វើ​នាវាចរ នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង នឹងមិន​ត្រូវបាន​គំរាមកំហែង​នោះទេ​។ ក្នុងករណី​ដែល​លើកឡើង​ដោយ​រដ្ឋាភិបាល​ហ្វីលីពីន ចិន​ត្រៀមខ្លួន​រួចរាល់​ហើយ​ក្នុង​ការចេញ​សេចក្តីថ្លែងការណ៍​ផ្លូវការ​ដោយ​យោងតាម​បទបញ្ញត្តិ​ច្បាប់​អន្តរជាតិ​ដើម្បី​ការពារ​គោលជំហរ​ខ្លួន ដោយ​មិន​រាប់បញ្ចូល​នូវ​ម​ជ្ឈ​ត្ត​ការ​។ ការបន្ត​បញ្ចេញ​ឥរិយាបថ​ផ្ទុយ​ច្បាប់ មិន​ស្មោះត្រង់ និង​គ្មាន​ហេតុផល​របស់​ហ្វីលីពីន នឹងមិន​ផ្លាស់ប្តូរ​ទិសដៅ និង​ការមើលឃើញ​របស់​សហ​គម​ន៍​អន្តរជាតិ ថា​សកម្មភាព​ហ្វីលីពីន គឺមាន​ផលប្រយោជន៍​នយោបាយ​នៅ​ពី​ក្រោយខ្នង​។ 
 
​ចិន នឹង​បន្ត​រក្សា​នូវ​កិត្យានុភាព​នៃ​អធិបតេយ្យ និង​បួ​រណ​ភាព​ដែនដី​របស់ខ្លួន ដោយ​ការតាំង​ចិត្ត​ដ៏​មុត មាំ​។ ចិន គ្រាន់តែ​ចង់​ការពារ​អធិបតេយ្យ និង​មិន​ធ្វើ​សកម្មភាព​ទាមទារ​ណា​ថ្មី​ដែល​មិនមែនជា​កម្មសិទ្ធិ​របស់​ចិន​នោះឡើយ​។ គោលនយោបាយ​របស់​ចិន​ដើម្បី​ការពារ​អធិបតេយ្យ មិនមាន​អ្វី​ត្រូវ​លាក់បាំង​ឡើយ ហើយ​បើ​មាន​អ្នកណា​ហ៊ាន​ប្រជែង​ចិន​ពាក់ព័ន្ធ​បញ្ហា​នេះ នឹងត្រូវ​បរាជ័យ​ជាក់​ជាពុំខាន​។ ជាមួយគ្នា​នោះ ចិន​មាន​ឆន្ទៈ ក្នុងការ​ដោះស្រាយ​ជម្លោះ​ជាមួយនឹង​ប្រទេសជិតខាង​របស់ខ្លួន​ដោយ​សន្តិវិធី​តាមរយៈ​ការសន្ទនា និង​ការចរចា ហើយ​រក្សា​នូវ​សន្តិភាព និង​ស្ថិរភាព​នៅក្នុង​តំបន់​ផងដែរ​។ គោលជំហរ​ចិន បានបង្ហាញ​ពី​ការគោរព និង​ឧ​ត្ត​ម​គតិ​ក្នុងការ​ដោះស្រាយ​បញ្ហា​។ ជាមួយគ្នានេះ អតីត​នាយករដ្ឋមន្ត្រី ម៉ាឡេស៊ី លោក មហា​ធៀ មហាម៉ាត់ ថ្មីៗ​នេះ ក៏បាន​បញ្ជាក់ដែរថា​៖ «​យើង​មិន​ជឿ​លើ​សង្គ្រាម​នោះទេ​, យើង​នៅតែ​ជឿជាក់ថា​ដំណោះស្រាយ​តាមរយៈ​ការចរចា​បែប​សន្តិវិធី គឺជា​មធ្យោបាយ​ដ៏​ល្អប្រសើរ​ដើម្បី​ដោះស្រាយ​បញ្ហា​»​។​
 
​ថ្មីៗ​នេះ មាន​អ្នកនយោបាយ​និង​អ្នកជំនាញ​អាមេរិក​មួយចំនួន បាន​ចោទ​ចិន ថា​កំពុង​ធ្វើ​យោ​ធូប​នីយកម្ម​នៃ​សមុទ្រ​ចិន​ខាងត្បូង និង​ព្យាយាម​បកស្រាយ​ថា​ចិន ជា​ប្រទេស​វាតទី​និយម​ទៀតផង​។ តែ​ថ្មីៗ​នេះ អាមេរិក បាន​បញ្ជូន​នាវាចម្បាំង និង​យន្តហោះ​យោធា​ទំនើបៗ មកកាន់​តំបន់​ជម្លោះ​ម្តង​ហើយ​ម្តងទៀត ក្នុង​គោលបំណង​បំផ្លាញ​ស្ថិរភាព និង​ចលាចល​។ កាលពី​ថ្ងៃទី​០៨ ខែមីនា​កន្លងទៅ​កាសែត New York Times បាន​ចុះផ្សាយ​ពីបទ​អធិប្បាយ ថា​យន្តហោះ និង​នាវាចម្បាំង​របស់​អាមេរិក​ដែល​បាន​មកដល់ សមុទ្រ​ចិន​ខាងត្បូង​កាលពី​សបា្តហ៍​មុន គឺ​គ្រាន់តែ​ជា​លំ​ហាត់​យោធា​ធម្មតា​តែប៉ុណ្ណោះ​។​
 
​សមុទ្រ​ចិន​ខាងត្បូង មិនមែនជា​បញ្ហា​រវាង​ចិន និង​អាមេរិក​នោះទេ​។ ហើយ​ហេតុផល​ដែល​អាមេរិក​បន្ត លូកដៃ​ក្នុង​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង គឺ​ដោយសារ អាមេរិក នៅតែមាន​មន្ទិល​លើ​ការអភិវឌ្ឍ​របស់​ចិន ពោលគឺ មានការ​ព្រួយបារម្ភ​ពី​ការជំនួស​តួនាទី​ខ្លួន​ដោយ​ចិន​នៅ​ថ្ងៃ​ណាមួយ​។ អ្នកស្រាវជ្រាវ​មួយចំនួន បាន​បង្ហាញថា​សមុទ្រ​ចិន​ខាងត្បូង មិនមែនជា​ហេតុផល ប៉ុន្តែ​លទ្ធផល​នៃ​ការប្រកួតប្រជែង​រវាង​អាមេរិក និង​ចិន​។ ដោយ​ចាត់ទុក​ចិន​ជា «​ក​ញ្ច្រោ​ង​» អាមេរិក បាន​ព្យាយាម​ជំរុញ​អាស៊ាន​ឲ្យ​គាំទ្រ​យុទ្ធសាស្ត្រ នយោបាយ និង​យោធា​របស់ខ្លួន​។ តែ​ច្បាស់​ណាស់ វា​មិនអាច​ទៅរួច​នោះទេ​។ លោកនាយក​រដ្ឋមន្ត្រី សិង្ហ​បុរី លី សៀន ឡុង ក៏បាន​លើកឡើង​ដែលថា​ប្រទេស​នៅក្នុង​តំបន់​ចង់​បញ្ចៀស​នូវ​ការជ្រើសរើស ការគាំទ្រ​ឬ​ប្រឆាំង​ប្រទេស​មហាអំណាច​។ ការប្រកួតប្រជែង​បច្ចុប្បន្ន គឺ​មិន​ដូច​ទៅនឹង​ការប្រកួតប្រជែង​មនោគមន៍វិជ្ជា​អំឡុង​សម័យ​សង្គ្រាមត្រជាក់ ហើយ​វា​ក៏​មិនមែនជា​ល្បែង​ឈ្នះ​ចាញ់​ផងដែរ​។​
 
​ចិន កំពុង​ប្រឹងប្រែង បង្កើត​សន្តិភាព និង​ស្ថិរភាព​នៅ​តំបន់​សមុទ្រ​ចិន​ខាងត្បូង​។​តាម​ការធ្វើការ​ជាមួយ អាស៊ាន ចិន​មាន​ទំនុកចិត្ត និង​ការលើកទឹកចិត្ត​ក្នុងការ​ធានា​ឲ្យ​បាន​នូវ​សន្តិភាព និង​ការអភិវឌ្ឍ​នៅក្នុង​តំបន់​។ ប្រសិនបើ​នរណាម្នាក់ ព្យាយាម​បង្កើត​ឲ្យ​មាន​ភាពចម្រូងចម្រាស​នៅក្នុង សមុទ្រ​ចិន​ខាងត្បូង ចិន​នឹងមិន​ឯកភាព​នោះទេ ហើយ​ប្រទេស​ភាគច្រើន​នៅក្នុង​តំបន់​ក៏​មិន​គាំទ្រ​ឲ្យ បញ្ហា​នេះ​កើតឡើង​ដែរ​៕ 
.
 

Tag:
 សមុទ្រចិនខាងត្បូង
 ចិន
 អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com