អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
សហភាព​អឺរ៉ុប និង​គុយបា ផ្សារភ្ជាប់​ទំនង​ទំនង​ឡើងវិញ​ក្នុង​ប្រវត្តិសាស្ត្រ​ជាង​១​ទសវត្សរ៍​
12, Mar 2016 , 8:10 pm        
រូបភាព
ដោយ: ថ្មីៗ
 
​ការចរចា​រយៈពេល​ពី​រ​ឆ្នាំ​រវាង​មន្ត្រីជាន់ខ្ពស់​សហភាព​អឺរ៉ុប​ជាមួយនឹង​មន្ត្រីជាន់ខ្ពស់​គុយបា បានចេញ​លទ្ធផល​ផ្លៃ​ផ្កា​ជា​បណ្តើរៗ​ហើយ​។ ភាគី​ទាំងពីរ បានសម្រេច​ចុះ​កិច្ចព្រមព្រៀង​ដំណើរការ​ទំនាក់ទំនង ឡើងវិញ ក្រោយពី​បាន​កាត់ផ្តាច់​អស់​រយៈ​ជាង​មួយ​ទសវត្ស​រ៍ហើយ​នោះ​។


​សហភាព​អឺរ៉ុប និង​គុយបា បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​កាលពី​ថ្ងៃទី​១១ ខែមីនា ម្សិលមិញ​ក្នុងការ​ដំណើរការ​ឡើងវិញ​នូវ​ទំនាក់ទំនង​រវាង​ភាគី​ទាំងពីរ ក្រោយពី​បាន​កាត់ផ្តាច់​ជា​ឯកតោភាគី​ដោយ​សហភាព​អឺរ៉ុប​រយៈពេល​១៣​ឆ្នាំ​ហើយ​នោះ​។  កិច្ចព្រមព្រៀង​នេះ ធ្វើឡើង​ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​ប្រធាន​គោ​លន​យោ​យ​បរទេស​សហភាព​អឺរ៉ុប​លោកស្រី Federica Mogherini ទៅកាន់​ក្រុង ហា​វា​ណា នៃ​ប្រទេស​គុយបា​។ 
 
​ក្នុងឱកាស​នៃ​កម្មវិធី​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​នោះ លោកស្រី Mogherini បាន​ថ្លែងថា នេះ​គឺជា កិច្ចព្រមព្រៀង​ប្រវត្តិសាស្ត្រ​មួយ​រវាង​សហភាព​អឺរ៉ុប និង​គុយបា​។ លោកស្រី បាន​ទទូច​ឲ្យ​សហរដ្ឋអាមេរិក ដកចេញ​ការ​ហុំ​ព័ទ្ធ​សេដ្ឋកិច្ច​របស់​អាមេរិក​ទៅលើ​គុយបា​ផងដែរ​។ 
 
​កិច្ចព្រមព្រៀង​ដំណើរកា​រ​ទំនាក់ទំនង​ឡើងវិញ​នេះ នឹង​ផ្តល់ឱកាស​សម្រាប់​កិច្ចសហប្រតិបត្តិការ​សេដ្ឋ កិច្ច និង​ជំនួយ​ទៅកាន់​គុយបា​ផងដែរ​។ ក៏ប៉ុន្តែ កិច្ចព្រមព្រៀង​នេះ មិនទាន់មាន​អនុភាព​ដើម្បី​អនុវត្ត​នៅឡើយ​នោះទេ ពោលគឺ​ត្រូវ​រង់ចាំ​ការផ្តល់​សច្ចាប័ន​ពី​ប្រទេស​សហភាព​អឺរ៉ុប និង​សភា​គុយបា​ជាមុនសិន​។ 
 
​យ៉ាងណាក៏ដោយ​លោកស្រី Mogherini បាន​អះអាងថា លោកស្រី នឹង​បញ្ចុះបញ្ចូល​ក្រុមប្រឹក្សា​អឺរ៉ុប ដើម្បី​បញ្ចប់​គោលនយោបាយ​២០​ឆ្នាំ ដែលជា​គោលនយោបាយ​រួម​របស់​សហភាព​អឺរ៉ុប​ដែល​ធ្វើឡើង ដើម្បី​រឹតត្បិត​ចំណងមិត្តភាព​រវាង​សហភាព​អឺរ៉ុប និង​គុយបា​។ 
 
​សួ​ម​រម្លឹក​ផងដែរ សហភាព​អឺរ៉ុប បានដាក់​ទណ្ឌកម្ម​ទៅ​គុយបា តាមរយៈ​ការព្យួរ​ទំនាក់ទំនង​វាង​ភាគី​ទាំងពីរ​តាំងពី​២០០៣​មកម្ល៉េះ ដែល​ពេលនោះ រដ្ឋាភិបាល​គុយបា បាន​បង្ក្រាប​ទៅលើ​ក្រុមអ្នកកាសែត និង​ក្រុម​សកម្មជន ដែល​បាន​បំពាន​នឹង​សិទ្ធិមនុស្ស​យ៉ាងធ្ងន់ធ្ងរ​។ តែ​កន្លងមក រដ្ឋាភិបាល​គុយបា បានចាត់ទុក​ការដាក់ទណ្ឌកម្ម​របស់​សហភាព​អឺរ៉ុប គឺជា​ការជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​។​
 
​អ្វី​គួរកត់សម្គាល់ កិច្ចព្រមព្រៀង​រវាង​សហភាព​អឹ​រ៉ុ​ប និង​គុយបា ធ្វើឡើង​ស្រប​នឹង​គម្រោង​នៃ​ដំណើរ ទស្សនកិច្ច​របស់​ប្រធានាធិបតី​អាមេរិក​លោក បា​រ៉ា​ក់ អូ​បា​ម៉ា​ទៅកាន់​គុយបា​ផងដែរ​។ នៅ​ថ្ងៃទី​២១-២២ ខែមីនា ខាងមុខនេះ លោក​អូ​បា​ម៉ា នឹងធ្វើ​ទស្សនកិច្ច​ទៅកាន់​គុយ​ជា​លើកដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​ប្រធានាធិបតី​អាមេរិក​ចាប់ពី​ឆ្នាំ​១៩២៨៕ 
 
 

Tag:
 ចិន
  គុយបា
© រក្សាសិទ្ធិដោយ thmeythmey.com