ពីនេះ ពីនោះ
យុវជន​ខ្សោយ និង​ចូលរួម​ការងារ​សង្គម​តាម​អារម្មណ៍
25, Jun 2017 , 1:39 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ យុវជន​ស្រឡាញ់​សង្គម ស្រឡាញ់​យុត្តិធម៌ ស្អប់​អំពើ​អយុត្តិធម៌​សង្គម ស្អប់​ការប្រព្រឹត្ត​អំពើពុករលួយ ទើប​បង្ខំ​ឲ្យ​យុវជន​បច្ចុប្បន្ន​នាំគ្នា​ចូលរួម​ក្នុង​សកម្មភាព​សង្គម​យ៉ាង​ផុសផុល​។ តែមាន​យុវជន​មួយ​ភាគ​ធំ បែរជា​ចូលរួម​ការងារ​សង្គម​ព្រោះតែ​ចង់បាន​មុខមាត់ ចង់​ល្បីឈ្មោះ ចង់បាន​តំណែង​តួនាទី ទាំង​មិនទាន់​យល់ដឹង​ឲ្យ​បានច្បាស់លាស់ អំពី​បញ្ញត្តិ​ថា សង្គម រដ្ឋ រដ្ឋាភិបាល និង​នយោបាយ​ជាដើម​។



​ការ​ផុសផុល​របស់​យុវជន ចំពោះ​កិច្ចការ​សង្គម​ពិតជា​ក្ដីសង្ឃឹម​របស់​ជាតិ​ទាំង​នៅក្នុងពេល​បច្ចុប្បន្ន និង​ទៅ​អនាគត​។ ប៉ុន្តែ​សួរថា តើ​ការចូលរួម​របស់​យុវជន​នៅក្នុង​ការងារ​សង្គម​ប​ច្ចប្ប​ន្ន​នេះ​មានគុណ​ភាព​ហើយ​ឬ​នៅ​?

​ច្បាស់​ណាស់​គេ​អាច​មើលឃើញថា គុណភាព​នៃ​ការចូលរួម​របស់​យុវជន​បច្ចុប្បន្ននេះ មិនទាន់មាន​ច្រើន​ឡើយ​។ ព្រោះ​គេ​ស​ង្គេ​ត​ឃើញថា អំណាច​នៃ​ការចូលរួម​របស់​យុវជន មិនទាន់​ជះឥទ្ធិពល​ខ្លាំង​ដល់​បុគ្គល​អ្នកនយោបាយ និង​ថ្នាក់ដឹកនាំ​ប្រទេស​នៅឡើយ​នោះទេ​។ បញ្ហា​ធំ គឺ​នៅត្រង់ថា យុវជន ខ្មែរ​នៅ​ខ្វះ​គុណភាព​នៃ​ការគិត​ពិចារណា វិភាគ​ឲ្យ​បាន​ល្អិតល្អន់ មាន​ហេតុ​មាន​ផល មាន​ភស្ដុតាង មាន​ទឡ្ហីករណ៍​ច្បាស់លាស់ ខណៈពេលដែល​ខ្លួន​កំពុង​បំពេញភារកិច្ច​ក្នុង​កិច្ចការងារ​សង្គម​។ ព្រោះ​កន្លងទៅ​ការចូលរួម​របស់​យុវជន​ភាគច្រើន​ធ្វើ​ទៅតាម​អារម្មណ៍​របស់ខ្លួន​។ ព្រោះ​ពេលខ្លះ​អ្នក​ទាំងនោះ​ពិតជា​សកម្ម តែមួយ​រយៈពេល​ក្រោយ​ស្រាប់តែ​បាត់ស្រមោល​អ្នក​សកម្ម​ទាំងនោះ​អស់​ទៅវិញ​។​

​ការចូលរួម​របស់​យុវជន​ដែល​ធ្វើ​តាមតែ​អារម្មណ៍​របស់ខ្លួន​បែបនេះ វា​ងាយ​នឹងធ្វើ​ឲ្យ​យុវជន​បាក់​ទឹកចិត្ត និង​អស់ជំនឿ​ចិត្ត​លើ​ខ្លួនឯង ខណៈពេល​ដែលមាន​បញ្ហា​ណាមួយ​កើតមានឡើង​ក្រោមរូបភាព​ល្បិច​នយោបាយ ហើយ​យុវជន​ទាំងនោះ​មិនអាច​ដឹង​មិនអាច​យល់ មិនអាច​ស្គាល់​ពី​របៀប​ដើរ​របស់​អ្នកនយោបាយ​។ ព្រោះ​ដោយសារ​នៅមាន​ភាពមិនច្បាស់លាស់ ពីអ្វី​ទៅ​ដែល​ហៅថា នយោបាយ​? ល្បិច​នយោបាយ​? អន្ទាក់​នយោបាយ​? និង​ការ​បំភ័ន្ត​ក្នុង​នយោបាយ​? អ្វីដែល​សំខាន់​ទៅទៀត​នោះ គឺ​មិនដឹង​ដោះស្រាយ​ដោយ​វិធី​ណា​? សំណួរ​ទាំងនេះ​វា​ពិបាក​កំណត់​ជា​និយមន័យ ប៉ុន្តែ​វា​ទាមទារ​ឲ្យ​យុវជន​ខ្លួនឯង​ចេះ​ស្វែងយល់​ដោយ​ខ្លួនឯង និង​ពង្រឹង​ជំហរ​ដោយ​ខ្លួនឯង​តាមរយៈ​ការប្រើប្រាស់​សមត្ថភាព និង​ចំណេះដឹង​របស់ខ្លួន​។​

​យុវជន​ត្រូវ​ចេះ​គិតពី​តម្លៃ​របស់​ខ្លួនឯង ដែល​មានន័យថា យុវជន​គឺ​ត្រូវ​ប្រើ​តម្លៃ​របស់ខ្លួន​ដើម្បី​បម្រើ​ផលប្រយោជន៍​ជាតិ មាតុភូមិ មិនមែន​គ្រាន់តែ​ជា យុវជន​ដែល​ហែរ​ហម អមដំណើរ​អ្នកនយោបាយ ហើយ​ត្រូវបាន​គេ​ប្រើ​ឲ្យ​ធ្វើ​នេះ ធ្វើ​នោះ​ក្នុងទិសដៅ​បម្រើ​ឲ្យ​ប្រយោជន៍​បុគ្គល​ឬ​ក្រុម​ណាមួយ​ឡើយ​។ ជាការ​ពិត នៅ​ផ្នត់គំនិត​មួយចំនួនធំ​របស់​ប្រជាជន​ខ្មែរ​តែ​យល់ឃើញថា ចង់បាន​មេដឹកនាំ​ល្អ សម្រាប់​ជាតិ​សម្រាប់​ប្រជាជន គឺ​ត្រូវ​ជ្រើសរើស​បុគ្គល​ដែល​អាច​បម្រើ​ឲ្យ​ឆន្ទៈ​រាស្ត្រ កើតចេញពី​ការបោះឆ្នោត​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ ជាដើម​។ ថ្វី​ត្បិត​ថា ចំណុច​នេះ គេ​ត្រូវការ​ជា​ចាំបាច់ ប៉ុន្តែ​វា​ពិតជា​មិនបាន​គ្រប់គ្រាន់​នោះទេ​។ 

​អ្វីដែល​សំខាន់ គឺ​ត្រូវការ​ការចូលរួម​ក្នុង​លក្ខណៈ​ជា​និរន្ត ចូលរួម​អ​ង្គេ​ត ចូលរួម​រិះគន់​បែប​ស្ថាបនា​ដោយមាន​ដំណោះស្រាយ​ច្បាស់លាស់ ចូលរួម​កោតសរសើ​ចំពោះ​ស្នាដៃ​ដែល​គេ​បាន​ស្ថាបនា​ឡើង​។ គឺ​មិនមែន​ចេះតែ​រិះគន់ និង​ចេះតែ​សរសើ​នោះទេ​។ ធ្វើបែបនេះ​គឺ​ក្នុងទិសដៅ​ឲ្យ​របៀប​នៃ​ការដឹកនាំ​បាន​ត្រឹមត្រូវ ចំណែក​យុវជន​ខ្លួនឯង​ក៏​អាច​រក្សា​ជំហរ​ខ្លួនឯង និង​តម្លៃ​ខ្លួនឯងបាន​៕


© រក្សាសិទ្ធិដោយ thmeythmey.com