ពីនេះ ពីនោះ
រឿង​ខ្លី​គួរ​ពិចារណា​៖ បក្សី និង​ស្វា​(​ភាគ​២)
08, May 2016 , 4:32 pm        
រូបភាព
ដោយ: ថ្មីៗ
នៅ​ត្រើយ​ទន្លេ​ម៌​ទា មាន​ដើមឈើ​មួយ​ដើម ដែលមាន​មែក​សាខា​ទ្រ​ឈឹង​ទ្រ​ឈៃ​។ ដើម​ជ្រៃ​នោះ មាន​បក្សី​ទាំងឡាយ​ធ្វើ​សម្បុក​ទុក​ពង​ជ្រក​អាស្រ័យ​នៅ​ដោយ​ក្តី​សុខក្សេមក្សាន្ត​។ សម័យមួយ​នៅក្នុង​រដូវភ្លៀង ពពក​មាន​ផ្ទៃ​ខ្មៅ​ជាំ​ដាស​ពាសពេញ​អាកាសវេហាស៍ សុទ្ធសឹង​ជលធារា​។ កាលនោះ​ភ្លៀង​ធំ​បង្អុ​ល​ចុះមក​យ៉ាងខ្លាំង​។ ខណៈ​នោះឯង បក្សី​ទាំងឡាយ​ក្រឡេកមើល ទៅលើ​ឃើញ​ពានរ​មួយ​ហ្វូង ដែល​ជ្រក​អាស្រ័យ​នៅលើ​ដើម​ជ្រៃ​នោះដែរ ត្រូវ​ត្រជាក់​រងា​បៀតបៀន​ខ្លាំង កំពុង​ញាប់​ញ័រ​ចំប្រប់​ឱបដៃ​តត្រុន​រណ្តំ​ធ្មេញ​ក្រឹ​តៗ កើតមាន​ចិត្ត​អាណិត អាសូរ​ខ្លាំង ទាល់តែ​អត់ទ្រាំ​មិនបាន ក៏​និយាយប្រាប់​ទៅ​ថាៈ នែ​បង​ពានរ​! ចូរ​ស្តាប់​ខ្ញុំ ខ្ញុំ​នឹង​និយាយប្រាប់​ចាប់ពីចំណុចទី៦តទៅ៖



៦- សំបុក​ដែល​យើង​ជ្រក​នេះ យើង​ធ្វើ​ខ្លួនឯង​ដោយ​ស្មៅ ដែល​យើង​ពាំ​យកមក​គ្រាន់តែ​ដោយ​ចំពុះ ចុះ​បង​ពាន​រឯង មាន​ដៃ​មាន​ជើង​ដូច​មនុស្ស​ដែរ ម្តេចក៏​មក​អង្គុយ​ទ្រាំ​លំបាក​រងា​ញ័រទទ្រើក​ដូច្នេះ​?

ពានរ​ទាំងឡាយ បាន​ស្តាប់​ពាក្យ​បក្សី​ទាំងឡាយ​ហើយ កើត​ក្នាញ់ក្នុងចិត្ត ឆ្លើយតប​ទៅវិញ​ថា​៖«​យីអើ​! អា​បក្សី​នេះ វា​អាង​បាន​នៅក្នុង​សម្បុក មាន​ភាពកក់ក្តៅ​សុខក្សេមក្សាន្ត​ស្រួល វា​ហ៊ាន​និយាយ​ឌឺដង​ឡកឡឺយ​យើង​។ មិន​អី​ទេ ចាំមើល​រាំង​ដឹង​ហើយ​!

​លុះដល់​រាំង​ភ្លៀងហើយ ពានរ​ទាំងឡាយ​នោះ បាន​វារ​ឡើងទៅ​បោចរោច​សម្បុក​បក្សី​ខ្ទេចខ្ទី​ហិនហោច​ទាំងអស់ ធ្លាក់​ស៊ុត​បក្សី​មក​ដី​បែកខ្ចាយ​អន្តរាយ​អស់​ទៅ​ហោង​។ ព្រោះហេតុនេះ បានជា​ខ្ញុំ​(​កុក​ទី​ឃ៌​មុខ​) និយាយថា​៖«​មានតែ​អ្នកប្រាជ្ញ​ទេ​» ដូច្នេះ​ជាដើម​(​លេខ​៥) ។ រាជហង្ស​សួរ​តទៅ​ទៀតថា​៖«​ចុះ​ក្ងោក​ទាំងនោះ វា​ធ្វើ​ដូចម្តេច​តទៅទៀត​»​។ ទី​ឃ៌​មុខ​និយាយ​តទៅ​ថា​៖«​កាលនោះ ក្ងោក​ទាំងឡាយ​ក្រេវក្រោធ​ច្រឡោតខឹង​សួរ​តប​មក​ខ្ញុំបាទ​វិញ​ថាៈ ចុះ​រាជហង្ស ជា​ស្តេច​អ្នកឯង​នោះ បាន​នរណា​លើកតម្កើង​ជា​ស្តេច​? គ្រានោះ ខ្ញុំបាទ អាក់អន់ចិត្ត​ក្នាញ់​ខ្លាំងណាស់ ក៏​សួរ​ត្រឡប់​ទៅ​ក្ងោក​ទាំងឡាយ​នោះ វិញ​ថា​៖«​ចុះ​ក្ងោក​ជា​ស្តេច​អ្នក​ទាំងអស់គ្នា​នេះ បាន​នរណា​លើក​ឲ្យ​សោយរាជ្យ​?»​។ ក្ងោក​ទាំងឡាយ​នោះ លុះ​បាន​ស្តាប់​ពាក្យ​ខ្ញុំបាទ​សួរ​ដូច្នេះហើយ ក្តៅក្រហាយ​ខ្លាំង ចង់​រករឿង​សម្លាប់​ខ្ញុំបាទ ខ្ញុំបាទ​ក៏​សម្តែង​ក្តី​អង់អាច​មិន​ខ្លាច​តប​ទៅវិញ ព្រោះថា​៖

៧- ក្នុង​កាល​ខ្លះ សេចក្តី​អត់ធន់​ជា​គ្រឿង​លម្អ​នៃ​បុរស ដូច​សេចក្តី​អៀនខ្មាស​ជា​គ្រឿង​លម្អ​នៃ​ស្ត្រី​ទាំងឡាយ​។ តែ​សេចក្តីក្លាហាន​ជា​គ្រឿង​លម្អ​នៃ​បុរស​ក្នុងពេលដែល​គេ​មើលងាយ ដូច​ការមិន​អៀនខ្មាស​ជា​គ្រឿង​លម្អ​នៃ​ស្ត្រី​ក្នុងការ​សេពសន្ថវៈ​ដូច្នេះ​ដែរ​។

រាជហង្ស​អស់សំណើច​សើច​ឃឹ​ក ហើយ​និយាយថា​៖
៨- នរ​ជន​ណា កាល​មើលឃើញ​ការ​មាន​កម្លាំង​និង​ការ​ឥត​កម្លាំង​រវាង​ខ្លួន និង​សត្រូវ​ហើយ មិន​ស្គាល់​ប្រភេទ​ផ្សេងគ្នា​ទៀត នរ​ជន​នោះ ត្រូវ​សត្រូវ​មើល​ងើយ​។

៩- មែនពិត​លា​កំឡៅ ពាក់​ស្បែក​ខ្លា ចូលទៅ​ស៊ី​ស្រូវ​ក្នុង​ស្រែ​កាល​យូរ ត្រូវគេ​សម្លាប់ចោល​បង់សៀត ព្រោះ​ទោស​កើត​មកពី​សម្តី​។
​ទី​ឃ៌​មុខ​សួរថា​៖«​ចុះ​រឿង​នោះ គឺ​ដូចម្តេច​?»​។ រាជហង្ស​និយាយ​រឿង​នោះ​ប្រាប់ថា​៖

(​សូម​តាមដាន​ភាគ​បន្ត​)

ប្រភព​៖ «​ស្រី​ហិ​តោ​បទេស​ភាគ​ទី​៣» បកប្រែ​ពី​ភាសា​សំ​ស្ត្រឹ​ត​ដោយ ភិក្ខុ ប៉ាង ខាត់


© រក្សាសិទ្ធិដោយ thmeythmey.com