ពីនេះ ពីនោះ
ការផ្លាស់ប្តូរ​តំណែង ឬ​ដក​ចេញពី​តំណែង​ធ្វើ​ឲ្យ​មន្ត្រី​ប្រឹង​ធ្វើការ​បម្រើ​ស្ថាប័ន និង​រាស្ត្រ​
12, May 2016 , 3:18 pm        
រូបភាព
ការប្រកាស​កែទម្រង់​, ការផ្លាស់ប្តូរ​តំណែង​, ការដក​ចេញពី​តំណែង​, ការទម្លាក់​តំណែង​, ការដំឡើង​តំណែង​…​។ ទាំងអស់នេះ គឺជា​អ្វីដែល​គេ​ត្រូវតែ​ធ្វើ​នៅក្នុង​ស្ថាប័នរដ្ឋ ស្ថាប័នឯកជន ឬ​ស្ថាប័ន​អង្គការ​សង្គម​ស៊ីវិល​។​ល​។



​វា​មិនមែនជា​រឿង​ចម្លែក​ទេ​រឿង​ផ្លាស់ប្តូរ​តំណែង រឿង​ដក ឬ​រឿង​តំឡើង​តំណែង​នោះ ពីព្រោះ រាល់​តំណែង​ទាំងឡាយ​មិនមែនជា​កម្មសិទ្ធិ​របស់​នរណាម្នាក់​ឡើយ​។ វា​ជា​កម្មសិទ្ធិ លុះត្រាតែ​តំណែង​នោះ ជា​តំណែង​នៅក្នុង​ក្រុមហ៊ុន​ដែលជា​កម្មសិទ្ធិ​របស់ខ្លួន​ឯង​។ ក្រៅពី​បរិបទ​នេះ តំណែង​ទាំងឡាយ​ជា​របស់​បុគ្គលិក ឬ​ជា​របស់​មន្ត្រី​ទូទៅ​។

​តើ​ការប្រកាស​កែទម្រង់​, ការផ្លាស់ប្តូរ​តំណែង​, ការដក​ចេញពី​តំណែង​, ការទម្លាក់​តំណែង​, ការដំឡើង​តំណែង ជា​រឿង​ល្អ​ឬទេ​?

​ចម្លើយ​ខ្លះ​ថា មិនល្អ​ទេ ពីព្រោះ បុគ្គល និង​បក្សពួក​ដែល​ត្រូវបាន​គេ​ដូរ​ចេញ​នោះ មិន​សប្បាយចិត្ត​ទាល់តែសោះ ព្រោះតែ​បាត់បង់​ប្រយោជន៍ និង​កិត្តិយស​។ តែ​ចម្លើយ​ខ្លះ​ទៀតថា វា​ជា​រឿង​ល្អ​។ ល្អ​ព្រោះថា ការផ្លាស់ប្តូរ​ធ្វើ​ឲ្យ​អ្នក​កាន់តំណែង​នីមួយៗ ប្រឹង​ធ្វើការ​ឲ្យ​បានល្អ​បំផុត​។ ពួកគេ ភ័យ ព្រួយ បារម្ភ ខ្លាច​ខ្លួនឯង​ដឹកនាំ​មិនកើត ហើយ​គ្មាន​ការគាំទ្រ​ដែល​នាំទៅ​ការបាត់បង់​តំណែង​។

​ភាពភ័យខ្លាច បារម្ភ ទាំងនេះ ធ្វើ​ឲ្យ​បុគ្គល​ដឹកនាំ​ប្រឹង​ហើយ​ប្រឹង​ទៀត ហើយ​ខិតខំ​ធ្វើជា​មនុស្ស​គំរូ​ជា​រៀងរហូត​។ តែបើ​គ្មាន​ការផ្លាស់ប្តូរ ឬ​ដកចេញ​ទេ មន្ត្រី​កាន់អំណាច​ពិតជា​មិន​ខ្វល់​ពីអ្វី​ទាំងអស់ ហើយក៏​គ្មាន​គំនិត​ថ្មីៗ​សម្រាប់​ការដឹកនាំ​ដែរ​។

​ស្ថាប័ន​មួយ​អាច​ខ្លាំង​បាន លុះត្រាតែ​មេដឹកនាំ​ស្ថាប័ន​ខ្លាំង ពោល គឺ​មិនមែនជា​មេដឹកនាំ​ដែល​រង់ចាំតែ​កូនចៅ​ប្រាប់​នោះទេ​៕


© រក្សាសិទ្ធិដោយ thmeythmey.com