ជាតិ
រលំ​ផ្ទះ​៦០​ខ្នង​និង​របើក​ដំបូល​ជាង​៣០០​ខ្នង​នៅ​ស្រុក​ពួក​កាល​ម្សិលមិញ​
14, May 2016 , 10:20 am        
រូបភាព
 
​សៀមរាប​៖ ក្រោយពី​មាន​ភ្លៀង​មួយ​មេ​ធំ លាយឡំ​និង​ខ្យល់​កន្ត្រាក់​ខ្លាំង​កាលពី​ម្សិលមិញ​មក ធ្វើ​ឲ្យ​ផ្ទះ​ចំនួន ៦០​ខ្នង​បាន​ដួលរលំ និង​ជាង​៣០០​ខ្នង​ទៀត របើក​ដំបូល នៅ​ស្រុក​ពួក​។ ខ្យល់​កន្ត្រាក់​កាលពី​ម្សិលមិញ បាន​ប៉ះពាល់​ឃុំ​ទាំង​៧​របស់​ស្រុក​ពួក ខេត្តសៀមរាប​។​

 
​អភិបាលស្រុក​ពួក លោក ម៉ៅ វិសុទ្ធ បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​នៅ​ព្រឹក​ថ្ងៃទី​១៤ ឧសភា​នេះ​ថា ផ្ទះ​តូចធំ​ចំនួន ៦០​ខ្នង បាន​រលំ​ដួល​ដល់​ដី និង ៣៣២​ខ្នង​ទៀត​មាន​តូចធំ បាន​របើក​ដំបូល បន្ទាប់ពី​ត្រូវ​ខ្យល់​ខ្លាំង​កាលពី​រសៀល​ថ្ងៃទី​១៣ ម្សិលមិញ​។ លោក ម៉ៅ វិសុទ្ធ បន្ថែមថា ហេតុការណ៍​នេះ​បង្ក​ឲ្យ​មនុស្ស ៧​នាក់​រងរបួស ក្នុងនោះ​របួសធ្ងន់ ២​នាក់​។​
 
​ក្នុង​បទ​សម្ភាស​យ៉ាង​ប្រញាប់ប្រញាល់ ដោយ​ជាប់រវល់​ក្នុង​ការចុះ​ត្រួតពិនិត្យ​កន្លែងកើតហេតុ លោក ម៉ោង វិសុទ្ធ បញ្ជាក់ កងកម្លាំង​សមត្ថកិច្ច​បាន​ទៅដល់​គោលដៅ​ទាំង ៧​ឃុំ របស់​ស្រុក​ពួក​ហើយ ក្នុងនោះ​មាន​ទាំង​ទាហាន ប៉ូលិស ប៉េអឹម ដើម្បី​ជួយសង្គ្រោះ​ប្រជាពលរដ្ឋ​រងគ្រោះ​។ លោក​បន្ថែមថា មានផ្ទះ​ខ្លះ​ត្រូវ​រុះរើ និង​ខ្លះទៀត ត្រៀម​ជួសជុល​ផងដែរ​។​
 
​លោក ម៉ៅ វិសុទ្ធ បាន​ឲ្យ​ដឹង​បន្ថែមថា នៅ​រសៀល​នៅ​ថ្ងៃទី​១៤ ឧសភា​នេះ អភិបាលខេត្ត​សៀមរាប​នឹង​ចុះសួរសុខទុក្ខ​ពលរដ្ឋ​រងគ្រោះ​ដោយ​ខ្យល់​កន្ត្រាក់​នៅ​ស្រុក​ពួក ព្រមទាំង​នាំ​អំណោយ​របស់​កាកបាទក្រហម ទៅ​ចែក​ផងដែរ​។​
 
​គួររម្លឹកថា ក្រៅពី​ស្រុកពួក ម្សិលមិញ​ក្នុង​រមណីយដ្ឋាន​អង្គរ ក៏មាន​ភ្លៀង​លាយ​ខ្យល់​កន្ត្រាក់​ខ្លាំង​ផងដែរ​។ ក្នុងនោះ​បណ្តាល​ឲ្យ​ដើមឈើ​តូចធំ​ជាច្រើន​ដើម បាន​បាក់ និង​ដួលរលំ​។ មាន​ដើមឈើ​មួយចំនួន បាន​បាក់​គង​កំពែង​ប្រាសាទបុរាណ តែ​មិន​បង្ក​ឲ្យ​ផលប៉ះពាល់​ដល់​ប្រាសាទ ឫ​មនុស្ស​នោះទេ​។ ចំណែក​នៅ​បារាយណ៍ទឹកថ្លា ស្ថិតនៅ​សង្កាត់​ទឹក​វិល​នោះ មាន​ករណី​រន្ទះបាញ់ ដែល​បណ្តាល​ឲ្យ​មនុស្ស​៣​នាក់​រងរបួស​៕
    




© រក្សាសិទ្ធិដោយ thmeythmey.com