អន្តរជាតិ
ប្រធានសភា​អឺរ៉ុប ប្រាប់​សមាជិក​ត្រៀមខ្លួន​ទទួលលទ្ធផល​ប្រជាមតិ​អង់គ្លេស​
27, May 2016 , 8:39 pm        
រូបភាព
​នៅសល់​រយៈពេល​ជិត​មួយខែ​ទៀត​ប៉ុណ្ណោះ ការធ្វើប្រជាមតិ​ដើម្បី​កំណត់ថា ចក្រភព​អង់គ្លេស​នឹង​បន្ត​ជា​សមាជិក​អឺរ៉ុប ឬ​យ៉ាងណា​នោះ នឹង​មកដល់​នៅ​ថ្ងៃទី​២៣ ខែមិថុនា​។ ខណៈ​នេះ បន្ទាប់ពី​ជំនួប​ជាមួយ​នាយករដ្ឋមន្ត្រី​ហុង​គ្រី ប្រធានសភា​អឺរ៉ុប លោក Martin Schulz បាន​ប្រាប់​ឲ្យ​អឺរ៉ុប​ទាំងមូល ត្រៀមខ្លួន​ប្រឈមមុខ​នឹង​អ្វីដែល​អាច​កើតឡើង បើទោះជា លទ្ធផល​ចេញមក​បែបណាក៏ដោយ​។



​ក្នុង​ដំណើរ​ទៅកាន់​ស្លូ​វ៉ា​គី ប្រធានសភា​អឺរ៉ុប លោក Martin Schulz នៅ​ថ្ងៃទី​២៦ ខែឧសភា បានប្រកាស​ឲ្យ​តំបន់​អឺរ៉ុប រៀបចំខ្លួន​សម្រាប់​លទ្ធផល​ដែល​ចេញពី​ការធ្វើប្រជាមតិ​របស់​ច​ក្រ​ភព​អង់គ្លេស​។ ប្រជាមតិ​ថ្ងៃទី​២៣ ខែមិថុនា នឹង​កំណត់​ពី​អនាគត​សមាជិកភាព​របស់​ចក្រ​ភព​អង់គ្លេស នៅ​សហភាព​អឺរ៉ុប ហើយ​វា​ច្បាស់​ណាស់​ថា អឺរ៉ុប​មិន​ចង់​ឲ្យ​អង់គ្លេស​ចាកចេញ​នោះទេ ដ្បិត​វា​នឹង​ប៉ះពាល់​ខ្លាំង​ដល់​អង្គការ​តំបន់​មួយ​នេះ​។

​នៅក្នុង​ទីក្រុង​ប្រា​ទី​ស្លា​វ៉ា ទាំង​ប្រធានសភា​អឺរ៉ុប ទាំង​នាយករដ្ឋមន្ត្រី​ស្លូ​វ៉ា​គី សុទ្ធតែ​អះអាងថា អឺរ៉ុប​ទាំងមូល ត្រូវតែ​ប្រុងប្រៀប​ឆ្លើយតប​នឹង​លទ្ធផល​នៃ​ការធ្វើប្រជាមតិ​នៅ​អង់គ្លេស ថ្ងៃទី​២៣ ខែមិថុនា​។ ថ្លែង​បន្ទាប់ពី​ជំនួប​ជាមួយ​នាយករដ្ឋមន្ត្រី​ស្លូ​វ៉ា​គី លោក Robert Fico លោក Schulz និយាយថា បើទោះជា​លទ្ធផល​បែបណាក៏ដោយ យើង​ត្រូវ​រៀបចំខ្លួន​ឲ្យ​ស្រេចបាច់ ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​។

​នាយករដ្ឋមន្ត្រី​ស្លូ​វ៉ា​គី ដែល​នឹង​ធ្វើជា​ប្រធាន​ក្រុមប្រឹក្សា​អឺរ៉ុប​នៅ​ថ្ងៃទី​១ ខែកក្កដា ក៏​បង្ហាញ​ជំហរ​ក្នុងការ​ដោះស្រាយ​បញ្ហា​នេះ​។ លោកនាយក​រដ្ឋមន្ត្រី Fico សន្យាថា ស្លូ​វ៉ា​គី នឹង​ប្រើ​តួនាទី​របស់ខ្លួន​ប្រកបដោយ​ការទទួលខុសត្រូវ ព្រមទាំង​សង្កត់ធ្ងន់​ដែរ​ថា ក្នុងអំឡុង​ពេលនេះ លោក​ធានាថា ស្លូ​វ៉ា​គី​នឹង​ត្រៀមខ្លួន​ឲ្យ​រួចរាល់​។ 

​ជាមួយនឹង​ការប្រកាស​ត្រៀមខ្លួន​បែបនេះ លោក Fico ក៏បាន​បញ្ជាក់​ពី​បញ្ហា​ផ្សេងទៀត​ដែល​នឹង​កើតឡើង​។ លោក​បន្ថែមថា ចក្រភព​អង់គ្លេស​នឹងធ្វើ​ប្រជាមតិ​នៅ​ថ្ងៃទី​២៣ ខែមិថុនា ហើយ​មួយ​សប្ដាហ៍​បន្ទាប់មក នឹងមាន​ការបោះឆ្នោត​ទូទៅ​ដ៏​សំខាន់​មួយ​នៅ​អេ​ស្ប៉ា​ញ​។ លើសពីនេះ នាយករដ្ឋមន្ត្រី​រូបនេះ ក៏​ព្រួយបារម្ភ​វិបត្តិ​សេដ្ឋកិច្ច​របស់​ក្រិ​ក ក៏ដូចជា​លំហូរ​ជនភៀសខ្លួន​ផងដែរ​។​

១. G7 និយាយថា ការចាកចេញ​របស់​អង់គ្លេស ជា​រឿង​គ្រោះថ្នាក់​ដល់​សេដ្ឋកិច្ច​សកល
​ការចាកចេញ​របស់​អង់គ្លេស ក៏​ជា​ប្រធានបទ​សំខាន់​មួយ​ក្នុងចំណោម​ប្រធានបទ​សំខាន់​នានា របស់​កិច្ចប្រជុំ​ប្រទេស​មាន​សេដ្ឋកិច្ច​ជឿនលឿន​ទាំង​៧ (G7) ដែល​ធ្វើ​នៅ​ជប៉ុន​។ ក្នុង​សេចក្ដីថ្លែងការណ៍​របស់​ខ្លួន កិច្ចប្រជុំ​នេះ​ព្រមាន​ថា ការចាកចេញ​របស់​ច​ក្រ​ភព​អង់គ្លេស នឹង​ប៉ះពាល់​ដល់​និន្នាការ​សេដ្ឋកិច្ចពិភពលោក ដែល​កំពុងមាន​កំណើន​។​

​ការព្រមាន​ពី​ការចាកចេញ​របស់​អង់គ្លេស ពី​សំណាក់​ក្រុម​ប្រទេស​ជឿនលឿន​ទាំង​៧ រួមមាន​ជប៉ុន អាមេរិក អាល្លឺម៉ង់ អ៊ីតាលី ចក្រភព​អង់គ្លេស បារាំង និង​កាណាដា ធ្វើឡើង ខណៈ​ថ្ងៃ​ធ្វើ​ប្រជាមតិ​កាន់តែ​ជិត​មកដល់​។ ហើយ​យុទ្ធនាការ​នៅឯ​ចក្រភព​អង់គ្លេស ក៏​កាន់តែ​ក្ដៅគគុក​ផងដែរ រវាង​ក្រុម​ដែល​គាំទ្រ​ឲ្យ​អង់គ្លេស​បន្ត​ជា​សមាជិក​អឺរ៉ុប និង​ក្រុមប្រឆាំង​សមាជិកភាព​របស់​អង់គ្លេស​។​

​នាយករដ្ឋមន្ត្រី​អង់គ្លេស ដេវីដ ខេ​មេ​រ៉ូ​ន (David Cameron) ដែល​កំពុង​ចូលរួម​ប្រជុំ​G7 ដែរនោះ ជា​អ្នកគាំទ្រ​ឲ្យ​អង់គ្លេស​បន្ត​ស្ថិតក្នុង​តំបន់​អឺរ៉ុប​។ លោក​កំពុងតែ​ធ្វើ​យុទ្ធនា​ការរក​ការគាំទ្រ​ពី​ពលរដ្ឋ​អង់គ្លេស សម្រាប់​ប្រជាមតិ​ថ្ងៃទី​២៣ ខែមិថុនា​។ លោក​អះអាងថា ការចាកចេញ នឹងធ្វើ​ឲ្យ​អង់គ្លេស​ចុះខ្សោយ​ផ្នែក​សេដ្ឋកិច្ច ការធ្លាក់ចុះ​លើ​ការវិនិយោគ និង​ធ្វើ​ឲ្យ​មនុស្ស​ជាច្រើន​បាត់បង់​ការងារ​។​

២. ស្កុ​តលែ​ន ទំនងជា​ចាកចេញ​ពី​ចក្រភព​អង់គ្លេស ប្រសិនបើ​អង់គ្លេស​ចាកចេញ​ពី​អឺរ៉ុប​
​អតីរដ្ឋមន្ត្រី​ទីមួយ​របស់​ស្កុ​តលែ​ន និយាយថា ស្កុ​តលែ​ន នឹង​បាន​ឯករាជ្យ​ក្នុង​រយៈពេល​ពីរ​ឆ្នាំ ប្រសិនបើ​ស្កុ​តលែ​ន​ត្រូវ​ចាក​ចេញពី​អឺរ៉ុប ដោយសារតែ​អង់គ្លេស​នោះ​។ ស្កុ​តលែ​ន​អាច​នឹង​រៀបចំ​ការធ្វើប្រជាមតិ​ថ្មី​មួយ ប្រសិនបើ​លទ្ធផល​ប្រជាមតិ​អង់គ្លេស​នៅ​ថ្ងៃទី​២៣ ខែមិថុនា បង្ហាញថា ចក្រភព​អង់គ្លេស​ចាកចេញ​មែន​។​

​ថ្លែង​ក្នុង​វេទិកា​ដេញដោល​តាម​ទូរទស្សន៍​ស្ដី​ការធ្វើប្រជាមតិ​អង់គ្លេស លោក Alex Salmond អះអាងថា រដ្ឋាភិបាល​ស្កុ​តលែ​ន​នឹងធ្វើ​ប្រជាមតិ ដើម្បី​កំណត់​ឯករាជ្យ ហើយ​វា​នឹង​ជោគជ័យ​តែ​ក្នុង​រង្វង់​ពីរ​ឆ្នាំ​ប៉ុណ្ណោះ​។ បើតាម​សារព័ត៌មាន​The Guardian អតីតរដ្ឋមន្ត្រី​ទីមួយ​របស់​ស្កុ​តលែ​ន​រូបនេះ បន្តថា ប្រជាមតិ​នឹង​បោះឆ្នោត​គាំទ្រ​ឯករាជ្យ ក្នុងករណី​ដែល​អ្នកដទៃ​ក្នុង​ចក្រភព​អង់គ្លេស ជ្រើសរើស​ការចាកចេញ​ពី​អឺរ៉ុប​។  

​យ៉ាងណាមិញ សមាជិក​អភិរក្ស​របស់​សភា លោក Liam Fox ដែល​គាំទ្រ​ការចាកចេញ បាន​ឆ្លើយតប​នឹង​លោក Salmond ក្នុងពេល​នោះដែរ​ថា សមាជិកភាព​របស់​ច​ក្រ​ភព​អង់គ្លេស​នៅ​អឺរ៉ុប ជាការ​សម្រេចចិត្ត​ដែល​សម្រេច​ក្នុងនាម​ជា​ចក្រភព​អង់គ្លេស​តែមួយ​។ លោក​បន្តទៀតថា សន្លឹកឆ្នោត​ទាំងអស់​មានតម្លៃ​ដូចគ្នា បើទោះជា​រស់នៅ​ទីណា​ក៏ដោយ ហើយ​វា​ជាការ​សម្រេចចិត្ត​របស់​ពលរដ្ឋ​គ្រប់រូប ដែល​គួរតែ​ត្រូវបាន​គោរព​៕  


Tag:
 អឺរ៉ុប​
  ​អង់គ្លេស​
  Brexit
© រក្សាសិទ្ធិដោយ thmeythmey.com