អន្តរជាតិ
លោក ពូ​ទីន​ថា ប៉ូឡូញ​និង​រ៉ូ​ម៉ា​នី​ក្លាយជា​គោលដៅ​នៃ​គ្រាប់​មី​ស៊ី​ល​រុស្ស៊ី​
28, May 2016 , 2:23 pm        
រូបភាព
​លោក វ្ល៉ា​ឌី​មៀ ពូ​ទីន បាន​ព្រមាន​ថា ប៉ូឡូញ​និង​រ៉ូ​ម៉ា​នីថា ប្រទេស​ទាំងពីរ​នេះ​អាច​រកឃើញថា​ពួកគេ​ស្ថិតនៅ​ជា​គោលដៅ​នៃ​គ្រាប់​រ៉ុក្កែត​របស់​រុស្ស៊ី​ព្រោះតែ​ប្រទេស​ទាំងពីរ​អនុញ្ញាត​ឲ្យ​អាមេរិក​ដាក់​ដំឡើង​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល​។ លោក​បានលើកឡើង​បែបនេះ​ក្នុងពេល​ទស្សនកិច្ច​ប្រទេស​ក្រិ​ក​ថ្ងៃ​សុក្រ​ទី ២៧ ម្សិលមិញ​។

 


​រ៉ូ​ម៉ា​នី​និង​ប៉ូឡូញ​ដែល​សុទ្ធតែជា​រដ្ឋ​រណប​រប​ស់​សហភាពសូវៀត​នោះ​កំពុង​នាំទុក្ខ​ដាក់ខ្លួន​ដោយ​បើកផ្លូវ​ឲ្យ​អាមេរិក​ដំឡើង​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល​នៅក្នុង​ទឹកដី​របស់​ពួកគេ​។ រដ្ឋាភិបាល​ក្រេ​ម​ឡាំង​ព្រមាន​ម្តង​ជា​ពីរដង​ដែរ​ចំពោះ​សកម្មភាព​បង្ករឿង​នេះ ដោយ​រដ្ឋាភិបាល​នេះ​អះអាងថា​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល​គំរាមកំហែង​សន្តិសុខ​រុស្ស៊ី​។​

​ជាថ្មី​ម្តងទៀត បុរស​ខ្លាំង​របស់​រុស្ស៊ី​លោក វ្ល៉ា​ឌី​មៀ ពូ​ទីន បាន​ព្រមាន​ប្រទេស​ទាំងពីរ​ខាងលើ​ជាថ្មី​ពាក់ព័ន្ធ​ការអនុញ្ញាត​ឲ្យ​អាមេរិក​ដំឡើង​ប្រព័ន្ធ​មី​ស៊ី​ល​នេះដែរ ក្នុង​សន្ន​សីទ​សារព័ត៌​មាននៅ​ទីក្រុង​អាថែន​ប្រទេស​ក្រិ​ក​ជាមួយ​នាយករដ្ឋមន្ត្រី​ក្រិ​ក Alexis Tsipras  ។ លោក ពូ​ទីន ព្រលយ​ថា ទាំង​រ៉ូ​ម៉ា​នី និង​ប៉ូឡូញ​អាច​រកឃើញថា​ពួកគេ​ក្លាយជា​ផ្ទាំង​ស៊ី​ប​នៃ​គ្រាប់​រ៉ុក្កែត​របស់​រុស្ស៊ី​រួចទៅហើយ​។​

​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters លោកពូ​ទីន បញ្ជាក់ថា​៖« ប្រសិនបើ​កាលពី​ម្សិលមិញ ប្រជាជន​រ៉ូ​ម៉ា​នី​មិនទាន់​ដឹងថា​តើ​ជា​ផ្ទាំង​ស៊ី​ប​មានន័យ​ដូចម្តេច យើង​នឹង​បង្ខំចិត្ត​ចាត់វិធានការ​ច្បាស់លាស់​មួយ​ដើម្បី​ធានា​សន្តិសុខ​របស់​យើង​។ ហើយ​នៅ​សំណុំរឿង​ប៉ូឡូញ​ក៏​ដូចគ្នា​»​។​

​ប្រមុខរដ្ឋ​រុស្ស៊ី​ខាងលើ​បញ្ជាក់​កាន់តែច្បាស់​ពី​ការត្រៀម​លក្ខណៈ​ដើម្បី​តបត​រាល់​ការគំរាមកំហែង​ពី​ខាងក្រៅ​ជាពិសេស​ពី​សំណាក់​សមាជិក​ណា​តូ​តែម្តង​។ ហើយ​ប្រទេស​ដែល​ធ្លាប់​ស្ថិតក្រោម​ឥទ្ធិពល​រុស្ស៊ី​នោះ​ប្រហែលជា​នឹង​អាច​រងគ្រោះ​ព្រោះតែ​ស្រ​វ៉ា​អោប​លោកខាងលិច​ផងដែរ​។ តែ​លោក ពូ​ទីន បាន​អធិប្បាយ​ហើយ​ថា ការឆ្លើយតប​ពី​សំណាក់​រុស្ស៊ី​នេះ​មិន​ធ្វើ​មុន​ឡើយ ពោលគឺ​ទាល់តែ​អាមេរិក​ធ្វើ​សកម្មភាព​មុន​ប៉ុណ្ណោះ​។​

​កន្លងមក​រុស្ស៊ី​បាន​បញ្ជាក់ថា​ច្បាស់​ហើយ​ថា ខ្លួន​នឹង​ចាត់វិធានការ​ឆ្លើយតប​ការបង្កើន​សកម្មភាព​យោធា​និង​ដំឡើង​សព្វាវុធ​របស់​បក្សសម្ព័ន្ធ​យោធា​ណា​តូ នៅក្បែរ​ព្រំដែន​រុស្ស៊ី​។ ប៉ុន្តែ​ឆ្លើយតប​បែបណា​ឬ​ពេលណា​នោះ​មិនមាន​ការបញ្ជាក់​ឲ្យ​ដឹង​ឡើយ​ពី​សំណាក់​មន្ត្រី​ក្រុង​ម៉ូស្គូ​សូម្បីតែ​លោក ពូ​ទីន ផ្ទាល់​។ ប៉ុន្តែ​អ្វីដែល​គួរ​ឲ្យ​បារម្ភ ក្រសួង​ការពារ​រុស្ស៊ី​បានប្រកាស​បង្កើត​កងពល​ធំ​ចំនួន​បី​រួចទៅហើយ​ដែលមាន​កងទ័ព​សរុប ៣​ម៉ឺ​នាក់ ដើម្បី​ការពារ​ព្រំដែន​រុស្ស៊ី​នៅ​ទីតាំង​សំខាន់​ជាប់​អឺរ៉ុប​។​


Tag:
 ​រ៉ូ​ម៉ា​នី​
  ប៉ូឡូញ​
  វ្ល៉ា​ឌី​មៀ ពូ​ទីន
© រក្សាសិទ្ធិដោយ thmeythmey.com