អន្តរជាតិ
អ្នកជំនាញ​ថា ពលករ​ភូមា និង​ឡាវ​ទទួលបាន​ការយក​ចិត្ត​ដាក់​ជាង​ពលករ​ខ្មែរ​
29, May 2016 , 7:39 am        
រូបភាព
ដោយ:
​វ៉ាស៊ីនតោន​៖ ពលករ​ចំណាកស្រុក​ខ្មែរ​ទទួលបាន​ការយក​ចិត្ត​ទុកដាក់​តិចជាង​ពលករ​ចំណាកស្រុក​ដែល​មកពី​ប្រទេស​ភូមា​និង​ឡាវ ដែល​ចូលមក​ធ្វើការ​ដោយ​ខុសច្បាប់​នៅ​ប្រទេស​ថៃ​ដូចគ្នា​។ នេះ​បើតាម​ការលើកឡើង​រប​ស់​សមាជិក​ព្រឹទ្ធសភា​ម្នាក់​នៃ​គណបក្សប្រឆាំង​។ សេចក្តីរាយការណ៍​នានា​ឱ្យដឹងថា មាន​ពលករ​ខ្មែរ​យ៉ាងហោចណាស់​ចំនួន​មួយ​លាន​នាក់ កំពុងធ្វើការ​ដោយ​ស្របច្បាប់ និង​មិន​ស្របច្បាប់​ក្នុងប្រទេស​ថៃ​។​



​លោក សោ ចាន់​ដេ​ត សមាជិក​ព្រឹទ្ធសភា​នៃ​គណបក្ស សម រង្ស៊ី ដែល​បាន​ទៅ​បំពេញ​ទស្សនកិច្ច​ស្វែងយល់​ការពិត​ពី​ស្ថានភាព​ពលករ​ចំណាកស្រុក​ខ្មែរ​រាប់សែន​នាក់​ក្នុងប្រទេស​ថៃ បានបញ្ជាក់​ក្នុង​កម្មវិធី Hello VOA កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា​៖

«​បើ​យើង​ប្រៀបធៀប​ទៅនឹង​ប្រទេស​ជិត​ក្បែរ​យើង ដែល​គេ​ធ្វើ​ចំណាកស្រុក​ដែរ​ជាពិសេស​ឡាវ និង​ភូមា ភូមា​និង​ឡាវ គឺ​ពលករ​គេ​ទៅ​ច្រើន​អីចឹង​ដែរ ក៏ប៉ុន្តែ​យើង​ឃើញថា អាជ្ញាធរ​គេ​ជាពិសេស​មន្ត្រី​ទូត គឺ​គេ​យកចិត្តទុកដាក់​។ គេ​តែងតែ​ចុះ​តាម​តំបន់ ដែល​គេ​យល់ថា ពលករ​គេ​ពលរដ្ឋ​គេ​ទៅ​នៅ​ទីនោះ​ច្រើន គឺ​គេ​ទៅ​ស៊ើប​មើល​ហើយ​គេ​បំពេញ​នូវ​ភាពស្របច្បាប់​ទៅឱ្យ​ពលករ​គេ​ងាយស្រួល​បំផុត​លឿន​បំផុត​។ រីឯ​ពលករ​យើង​ពិបាក​មែន​ទែ​ន‍​»​។​

​លោក​បន្ថែមថា មន្ត្រី​ស្ថានទូត​ភូមា និង​ឡាវ​តែងតែ​មក​បោះតង់​នៅខាងមុខ​រោងចក្រ​ដែលមាន​ពលរដ្ឋ​គេ​ធ្វើការ​ខុសច្បាប់ ហើយ​តម្រូវឱ្យ​ពលករ​បង់ប្រាក់​ចំនួន​ពីរពាន់​ដុល្លារ សម្រាប់​ការបំពេញ​លិខិតស្នាម និង​មួយ​សប្តាហ៍​ក្រោយ​ពលករ​ទាំងនោះ ទទួលបាន​លិខិតស្នាម​សម្រាប់​ស្នាក់នៅ​ធ្វើការ​រយៈពេល​ពីរ​ឆ្នាំ​។​

​ពលករ​មួយចំនួន​រត់​ភៀសខ្លួន​ចេញពី​ប្រទេស​ភូមា​មក​ធ្វើការ​នៅ​ប្រទេស​ថៃ គឺ​ដោយសារតែ​ហេតុផល​នយោបាយ​ជាជាង​ហេតុផល​សេដ្ឋកិច្ច​។ ប៉ុន្តែ​ចំណាត់ការ​របស់​មន្ត្រី​ទាំងនោះ​មិន​គិតពី​និន្នាការ​នយោបាយ​ទេ​។ នេះ​បើតាម​ការរកឃើញ​រប​ស់លោក សោ ចាន់​ដេ​ត​។​

«​ស្រុក​គេ​គេ​មាន​បញ្ហានយោបាយ​ពិតមែន​។ ក៏ប៉ុន្តែ​រឿង​ជាតិ​គេ​ធំៗ​ពាក់ព័ន្ធ​ទៅនឹង​កេរ្តិ៍ឈ្មោះ​កិត្តិយស ពាក់ព័ន្ធ​ទៅនឹង​អាយុជីវិត​របស់គេ​គឺ​គេ​គិត​រួម​។ គេ​អត់​មាន​ដូច​ខ្មែរ​យើង​ទ‍េ​»​។​

​លោក ចាន់​ដេ​ត បន្ថែមថា ខាង​អាជ្ញាធរ​ខ្មែរ​មានការ​ចុះទៅ​ជួយ​បំពេញបែបបទ​ដែរ​ដោយ​តម្រូវឱ្យ​បង់ប្រាក់​ចំនួន​១៦០០​បាត​ជា​ផ្លូវការ ប៉ុន្តែ​មិន​ផ្តល់ជូន​លទ្ធផល​តាម​កា​រ​សន្យា​ទេ ដោយមាន​ករណីខ្លះ​ពលករ​ត្រូវ​ចំណាយ​បន្ថែម រហូតដល់​ពីរម៉ឺន ឬ​បី​ម៉ឺន​បាត​ហើយ នៅតែ​មិនបាន​ឯកសារ​តាម​ត្រូវការ​។​

​លោក​បន្ថែមថា​៖ «​ខ្ញុំ​បាន​ជួប​ដល់​ទៅ​ថៅកែ​ថៃ​។ ថៅកែ​ថៃ​ក៏​គេ​ថ្អូ​ញ​ថ្អែ​រ​ជំនួស​ពលករ​យើង​ផង​គេ​ថា គេ​បានរៀបចំ​ចំណាយ ដើម្បី​ធ្វើឯកសារ​ជូន​ពលករ​ខ្មែរ​ដើម្បីឱ្យ​ស្របច្បាប់​ធ្វើការ​ជាមួយ​គេ​។ ប៉ុន្តែ​គេ​ឆ្ងល់​ផ្ទុយទៅវិញ​ថា ហេតុអ្វី​គេ​ចំណាយលុយ​អស់​ច្រើន​ហើយ យូរ ពេលខ្លះ​អត់​បាន​ទៅទៀត​។ នេះ​ជា​បញ្ហា​ដែល​យើង​ត្រូវ​គិត​ទាំងអស់​គ្ន‍ា​»​។​

​សេចក្តីរាយការណ៍​នានា​ឱ្យដឹងថា មាន​ពលករ​ខ្មែរ​យ៉ាងហោចណាស់​ចំនួន​មួយ​លាន​នាក់ កំពុងធ្វើការ​ដោយ​ស្របច្បាប់ និង​មិន​ស្របច្បាប់​ក្នុងប្រទេស​ថៃ ដោយ​អ្នក​ខ្លះទៅ​ធ្វើការ​រយៈពេល​យូរ​តាម​ក្រុមហ៊ុន​ត្រឹមត្រូវ អ្នកខ្លះ​ធ្វើការ​រយៈពេល​មធ្យម​ដោយ​ទៅតាម​មេខ្យល់ និង​បងប្អូន​ដែល​នៅ​ទីនោះ​យូរ ហើយ​និង​អ្នក​ខ្លះទៀត​ទៅធ្វើ​ការ​រយៈ​ពេល​ខ្លី​តាម​រដូវ​កាល​។ ការរកឃើញ​នានា​បញ្ជាក់ថា គឺ​ពលករ​ពីរ​ក្រុម​ចុងក្រោយ​នេះ​ជា​អ្នក​ប្រឈម​នឹង​ការ​ធ្វើទុក្ខបុកម្នេញ និង​រំលោភសិទ្ធិ​ផ្សេងៗ​។​

​ក្នុងពេល​កន្លងមក មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​បាន​រិះគន់ ការរកឃើញ​របស់​អង្គការ​សង្គម​ស៊ីវិល និង​គណបក្សប្រឆាំង​ពាក់ព័ន្ធ​នឹង​ការលំបាក​របស់​ពលក​រ និង​ផល​អវិជ្ជមាន​នៃ​ការធ្វើ​ចំណាកស្រុក ដោយបាន​អះអាង​ពី​ជ្រុង​វិជ្ជមាន​ថា ប្រាក់​ដែល​ពលករ​ផ្ញើមក​ក្រុមគ្រួសារ​បាន​ជួយ​ដល់​សេដ្ឋកិច្ចជាតិ និង​បង្កើត​ជីវភាព​ពលរដ្ឋ​តាមរយៈ​ការ​មាន​លំនៅដ្ឋាន​ធំៗ​ជាដើម​។​

​លោក សោ ចាន់​ដេ​ត ទទួលស្គាល់ថា ពិត​ជាមាន​ប្រាក់កម្រៃ​មួយចំនួន​ដែល​ពលករ​បាន​បញ្ជូន​ត្រឡប់មក​ក្រុមគ្រួសារ​វិញ ហើយ​មានការ​សាងសង់​ជា​ផ្ទះ​ធំៗ​នៅ​ភូមិកំណើត​មែន ប៉ុន្តែ​ម្ចាស់​លុយ​ទាំងនោះ​មិនបាន​ស្នាក់​នៅផ្ទះ​ថ្មី​គេ​នោះទេ​។​

«​យើង​ទៅ​មោទនភាព​ដែល​គាត់​ទៅ​ធ្វើការ​ខាងក្រៅ​ផ្ញើ​លុយ​មក​ធ្វើ​ផ្ទះ ហើយ​ផ្ទះ​អត់​មាន​មនុស្ស​នៅ តើ​វា​មានន័យ​អ្វី​? គឺ​អត់​មានន័យ​អ្វី​ទ‍េ​»​។​

​លោក ចាន់​ដេ​ត បញ្ជាក់ថា លោក​បាន​ស្នើសុំ​ឱ្យមាន​អន្តរាគមន៍​តាមរយៈ​ស្ថាប័នព្រឹទ្ធសភា ដើម្បី​ដោះស្រាយ​បញ្ហា​បន្ទាន់​ដែល​ត្រូវការ​ភ្លាមៗ​ដោយ​លោក​ចាត់ទុកថា​ពលករ​ខ្មែរ​ដែល​ធ្វើការ​នៅក្នុង​ទឹកដី​ថៃ កំពុងតែ​«​រងគ្រោះ​យ៉ាងធ្ងន់ធ្ងរ​» ជាពិសេស​អ្នក​ដែល​អត់​មាន​លិខិតស្នាម​ហ្នឹង​។ លោក​លើក​ឧ​ទា​រណ៍​មួយ​ដែល​កើតមានឡើង​ក្នុងអំឡុងពេល ដែល​លោក​ចុះ​បំពេញបេសកកម្ម​នោះ គឺមាន​ស្ត្រី​ពលករ​ម្នាក់​ត្រូវគេ​វាយ​ស្លាប់ ដោយសារ​ទំនាស់ ហើយ​មិនអាច​ទាំង​សុំ​វត្ត​របស់គេ ដើម្បី​បូជាសព​បាន​ផង​។​

​លោក សោ ចាន់​ដេ​ត បាន​បន្តថា មាន​កុមារ​ខ្មែរ​មួយចំនួន​អាយុ​៧ ឬ​៨​ឆ្នាំ អង្គុយ​សុំទាន​នៅ​តំបន់​ទេសចរណ៍​ប៉ា​តា​យ៉ា ប្រទេស​ថៃ ហើយ​ខ្លះទៅ​ជាមួយ​ម្តាយ​តាំងពី​តូច​និង​មិនដែល​ត្រឡប់មក​ប្រទេស​វិញ​ទេ ដោយ​មិន​ទទួលបាន​ការសិក្សាអប់រំ​អ្វី​ឡើយ​៕

សូមចុចទៅប្រភពដើម VOA ត្រង់នេះ


© រក្សាសិទ្ធិដោយ thmeythmey.com