អន្តរជាតិ
ព្រុយណេចាប់ផ្តើមជំរុញប្រជាជនឲ្យត្បិតត្បៀត ព្រោះប្រេងកាន់តែជិតអស់ ![](https://image.thmeythmey.com/pictures/2016/06/01/brunei.jpg)
×![]()
រដ្ឋអាស៊ីអាគ្នេយ៍« ព្រុយណេ» មានសេដ្ឋកិច្ចរីកចម្រើនខ្លាំង ហើយប្រជាជនព្រុយណេជាង ៤សែននាក់រស់នៅសុខសាន្តដោយសារសម្បូរហូរហៀរដោយប្រេងនិងធនធានថាមពល។ ផលិតផលក្នុងស្រុកសម្រាប់មនុស្សម្នាក់មានទំហំជិត ៤ម៉ឺនដុល្លារអាមេរិក ខណៈរដ្ឋាភិបាលប្រើទុនឧបត្ថម្ភធនយ៉ាងច្រើនសម្រាប់លើកស្ទូយសេវាសាធារណសម្រាប់បម្រើប្រយោជន៍ប្រជាជនព្រុយណេទូទៅ។ ប៉ុន្តែបញ្ហាខ្សោះប្រេងនិងធនធានថាមពលនាពេលខាងមុខ ជាបញ្ហាប្រឈមធំសម្រាប់រដ្ឋអាស៊ីអាគ្នេយ៍តូចមួយនេះ។
ព្រុយណេកំពុងប្រឈមបញ្ហាសេដ្ឋកិច្ចជាបណ្តើរៗ ពេលប្រេងធ្លាក់ថ្លៃ ហើយរដ្ឋាភិបាលរបស់ក្សត្រស៊ុលតង់ Hassanal Bolkiah កំពុងតែស្រវាស្រទេញធ្វើពិពិធកម្មសេដ្ឋកិច្ចដើម្បីបន្ថយការពឹងផ្អែកលើប្រេង និងអប់រំប្រជាពលរដ្ឋឲ្យចេះសន្សំសំចៃត្រៀមបន្សាំបញ្ហាលំបាកដែលពួកគេនឹងប្រឈម។ នេះក៏ដោយសារគោលនយោបាយត្បិតត្បៀតនឹងត្រូវយកមកអនុវត្តជាបន្តបន្ទាប់។
ប្រេងធ្លាក់ថ្លៃនៅទីផ្សារអន្តរជាតិ ធ្វើឲ្យប្រទេស ព្រុយណេ ប្រឈមបញ្ហាឱនភាពសេដ្ឋកិច្ចជាប់ៗគ្នាក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ។ នេះក៏ដោយសារ ប្រេងនិងធនធានឧស្ម័នរួមចំណែករហូតដល់ ៩០ភាគរយនៃផលិតផលក្នុងស្រុកសរុបរបស់ប្រទេសនេះ។ ក្រៅពីប្រេងធ្លាក់ថ្លៃ យោងតាមការវាយតម្លៃរបស់ BP Energy Outlook ព្រុយណេនឹងអស់ប្រេងនឹងក្នុងរយៈពេល ២២ឆ្នាំខាងមុខនេះ ដែលនេះជាដំណឹងអាក្រក់មួយសម្រាប់ប្រជាជននិងរដ្ឋាភិបាលព្រុយណេ។ យ៉ាងណាមិញ សំណាងល្អសម្រាប់ព្រុយណេត្រង់ថា ប្រទេសនេះតូចហើយមានប្រជាជនតិចត្រឹមជាង ៤សែននាក់ប៉ុណ្ណោះ ប៉ុន្តែសំណាងអាក្រក់នោះគឺ គេគ្មានអ្វីសល់ទៀតបើសិនអស់ប្រេង។
១.ធនធានប្រេងកាត និងនយោបាយ
ព្រុយណេជារដ្ឋអាស៊ីអាគ្នេយ៍មួយដែលស្ថិតក្រោមរបបដឹកនាំរបបរាជានិយម ដែលស្ថិតក្រោមការដឹកនាំរបស់ព្រះមហាក្សត្រព្រុយណេ Sultan Hassanal Bolkiah ។ ព្រះចៅ Sultan Hassanal Bolkiah បានដឹកនាំប្រទេសអស់ប្រហែល៤៩ឆ្នាំមកហើយ ហើយទ្រង់ក្លាយជាមហាក្សត្រដែលមានអំណាចនិងឥទ្ធិពលបំផុតនិងទទួលបានការគោរពកោតខ្លាចបំផុតពីសំណាក់ប្រជាជនព្រុយណេគ្រប់ស្រទាប់វណ្ណៈ ដោយសារទ្រង់មានទ្រព្យសម្បត្តិមហាសាល។ ម្យ៉ាងគ្មានអ្នកណាហ៊ានរិះគន់ ទិតៀនស្ថាប័ននយោបាយជាពិសេសព្រះប្រមុខរដ្ឋឡើយដោយសារព្រុយណេប្រកាន់យករបបរាជានិយមផ្តាច់ការ ហើយព្រុយណេបានអនុវត្តច្បាប់សាសនាដ៏តឹងរ៉ឹងបំផុតថែមទៀត។
ថ្វីដ្បិតតែផ្តាច់ការមែន រដ្ឋាភិបាលព្រុយណេបានពង្រឹងការគ្រប់គ្រងនិងអភិបាលកិច្ចយ៉ាងល្អដែលសម្រួលដល់ជីវភាពរស់នៅរបស់ប្រជាជនទូទៅតាមរយៈការឧបត្ថម្ភធនច្រើនសន្ធឹកសន្ធាប់។ ប្រជាជនព្រុយណេមិនបាច់បង់ពន្ធប្រាក់ចំណូល អាចរៀនសូត្រដោយមិនបានបង់ថ្លៃ និងអាចទទួលបាន ប្រយោជន៍ច្រើនពីកម្មវិធីលំនៅដ្ឋានរដ្ឋនិងប្រាក់កម្ចីទិញផ្ទះដែលមានការប្រាក់ទាបថែមទៀតផង។
យ៉ាងណាមិញ ដោយសារប្រេងឆៅធ្លាក់ថ្លៃយ៉ាងគំហុករយៈរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ រដ្ឋាភិបាលព្រុយណេហាក់ព្រួយបារម្ភខ្លាំងដែរ ដ្បិតថាសេដ្ឋកិច្ចប្រទេសនេះពឹងផ្អែកស្ទើរតែទាំងស្រុងលើប្រេងនិងឧស្ម័ននេះ។ យោងតាមសារព័ត៌មាន Economist ក្នុងឆ្នាំ ២០១៥ សេដ្ឋកិច្ចព្រុយណេនៅទ្រឹង ហើយស្ទើរតែរង្គោះរង្គើ ដោយជួបប្រឈមឱនភាពសេដ្ឋកិច្ច ក្នុងកម្រិត ១៦ភាគរយនៃផលិតក្នុងស្រុកសរុបឯណោះ។ ក្រៅពីប្រេងធ្លាក់ថ្លៃ ធនធានដែលមិនកកើតឡើងវិញដូចជាប្រេងនេះក៏កាន់តែហិនហោចជិតអស់ដែរ ដែលវាកំពុងធ្វើឲ្យរដ្ឋាភិបាលព្រុយណេបារម្ភពីការប្រឈមនៃសេដ្ឋកិច្ច។
តែការផ្លាស់ប្តូរគោលនយោបាយសាធារណជាពិសេសកាត់បន្ថយការចំណាយធំអាចជាចំណុចដែលរដ្ឋាភិបាលក្រុងបានដាសេរីបេហ្កាវ៉ាន់ ពិចារណាដើម្បីធានានិរន្តរភាពនៃការអភិវឌ្ឍនិងទប់ស្កាត់វិបត្តិសេដ្ឋកិច្ច។ ប៉ុន្តែវាហាក់ដូចរឿងលំបាកបំផុតសម្រាប់រដ្ឋាភិបាលព្រុយណេដែលត្រូវពន្យល់ប្រជាជនពីបញ្ហាប្រឈមនៃសេដ្ឋកិច្ចពេលខ្សោះប្រេង និងត្រូវអនុវត្តគោលនយោបាយត្បិតត្បៀតជាមុននោះ។
២.ដំណោះស្រាយពេលជិតអស់ប្រេងគឺធ្វើពិពិធកម្មសេដ្ឋកិច្ច និងអបរំប្រជាជន
រដ្ឋាភិបាលព្រុយណេកំពុងគិតគូរពីនយោបាយសេដ្ឋកិច្ចដែលត្រូវអនុវត្តដើម្បីជំរុញឲ្យសេដ្ឋកិច្ចប្រទេសជាតិបន្តដើរទៅមុខដោយមិនជួបវិបត្តិទោះជាអស់ប្រេងក៏ដោយក្នុងរយៈពេល២០ឆ្នាំខាងមុខ។ ជាដំបូងដូចលើកឡើងខាងលើស្រាប់ ព្រុយណេមិនអាចចៀសផុតពីអនុវត្តគោលនយោបាយត្បិតត្បៀតនិយមដើម្បីកាត់បន្ថយការចំណាយបានឡើយ។
យោងតាមបទសម្ភាសន៍កាលពីខែមីនារវាងរដ្ឋមន្ត្រីថាមពលនិងឧស្សាហកម្មលោក Haji Mohammad Yasmin bin Haji Umar ជាមួយទស្សនាវដ្តី Forbes ព្រុយណេកំពុងប្រឹងប្រែងទាញអ្នកវិនិយោគអាស៊ីមានជប៉ុននិងចិន ជាដើមឲ្យមកដាក់ទុនរកស៊ីនៅក្នុងប្រទេសតាមរយៈការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធបន្ថែមនិងដាក់ចេញគម្រោងថាមពលទ្រងទ្រង់វិស័យផលិតកម្មនិងឧស្សាហកម្មផង ដើម្បីធ្វើយ៉ាងណាបន្ថយការពឹងពាក់លើនាំចេញប្រេងនិងធនធានថាមពល។
ពាក់ព័ន្ធការកាត់បន្ថយការចំណាយដោយអនុវត្តនយោបាយត្បិតត្បៀត លោករដ្ឋមន្ត្រីម្នាក់នេះបានពន្យល់ថា រដ្ឋាភិបាលលោកបានប្រឹងប្រែងច្រើនដើម្បីបង្រៀននិងពន្យល់ប្រជាជនច្រើនដែរ។ ជាឧទាហរណ៍ លោករដ្ឋមន្ត្រីខាងលើបានអះអាងថា ចាប់តាំងពីពេលលោកឡើងកាន់តំណែងឆ្នាំ ២០១០ លោកបានចំណាយពេលវេលាច្រើនដើម្បីអប់រំប្រជាជនព្រុយណេស្តីពីការសន្សំសំចៃអគ្គិសនី និងបន្សាំជាមួយការត្បិតត្បៀតផងដែរ។ បញ្ហាប្រឈមធំកន្លងមកគឺ ប្រជាជនព្រុយណេខ្ជះខ្ជាយខ្លាំង ព្រោះធ្លាប់រស់នៅស្រណុកសុខស្រួល ហើយម្យ៉ាងទៀតនៅព្រុយណេគឺមានទម្លាប់មួយគឺ «ប្រើតិចមានទណ្ឌកម្ម តែបើប្រើច្រើនគឺបានរង្វាន់»។ ដូច្នេះម្នាក់ៗនាំប្រឹងប្រើប្រាស់អគ្គិសនីខ្លាំង។ ពេលខ្លះប្រជាជនសង់ផ្ទះតូចមួយដាក់ម៉ាស៊ីនត្រជាក់បួនទៅប្រាំគ្រឿង ហើយគេនាំគ្នាបើកម៉ាស៊ីនត្រជាក់ចោល ២៤ម៉ោង ដោយមិនខ្វល់ថាមានមនុស្សនៅផ្ទះឬអត់ឡើយ។
ក្រៅពីនេះ រដ្ឋាភិបាលព្រុយណេ បានដាក់ស្វះស្វែងដាក់ចេញគោលនយោបាយសេដ្ឋកិច្ចឆ្នាំ២០៣៥ ដោយគោលនយោបាយនេះជំរុញការផ្តោតការយកចិត្តទុកដាក់លើវិស័យសំខាន់ៗផ្សេងទៀតមានទេសចរណ៍ ឧស្សាហកម្ម និងសេវាកម្មជាដើម ដោយមិនមែនពឹងលើតែឧស្សាហកម្មប្រេងនិងឧស្ម័នប៉ុណ្ណោះឡើយ។ ហើយព្រុយណេក៏ប្តេជ្ញាថានឹងសម្រេចឲ្យបាននូវការប្រើប្រាស់បាននូវថាមពលប្រើប្រាស់ឡើងវិញត្រឹមឆ្នាំ ២០៣៥នេះដែរ។
តែមានមតិរិះគន់រដ្ឋាភិបាលព្រុយណេច្រើនដែរកន្លងមក ព្រោះគេយល់ថា ការអនុវត្តគោលនយោបាយពិពិធកម្មសេដ្ឋកិច្ចដើម្បីជំរុញកំណើនសេដ្ឋកិច្ចគួរតែអនុវត្តតាំងពី១០ឆ្នាំមុនឬតាំងពីយូរមកហើយមិនមែនរង់រហូតដល់ពេលប្រទេសប្រឈមបញ្ហាទើបចាប់ផ្តើមអនុវត្តឡើយ។ នេះក៏ដោយសារវាជាគោលនយោបាយដែលត្រូវការពេលវែងឆ្ងាយ ទម្រាំវាហុចផលឲ្យ។ ការចាប់យកវិស័យទេសចរណ៍របស់ព្រុយណេក៏នៅមានបញ្ហាប្រឈមច្រើនដែរ ដោយសារប្រទេសនេះអនុវត្តច្បាប់សាសនា Sharia ដែលមានលក្ខណៈតឹងរ៉ឹងហើយប្រទេសនេះបានហាមការប្រារព្ធពិធីបុណ្យ Christmas ថែមទៀតផង៕
© រក្សាសិទ្ធិដោយ thmeythmey.com