អន្តរជាតិ
លោកស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន ឈានទៅ​ក្លាយជា​តំណាង​បក្ស​ជា​ផ្លូវការ​
02, Jun 2016 , 5:26 pm        
រូបភាព
​ការបោះឆ្នោត​សាកល្បង​នៅ​កាលី​ហ្វ​រ​នីញ៉ា​នា​ថ្ងៃ​ចន្ទ​សប្តាហ៍​ក្រោយ នឹង​កំណត់​ច្បាស់​ថា អ្នកណា​នឹង​ក្លាយជា​អ្នកតំណាង​បក្ស​ប្រជាធិបតេយ្យ​ដែល​ត្រូវ​ប្រជែង​ជាមួយ​លោក ដូ​ណា​ល់ ត្រាំ​។ ប៉ុន្តែ​លោកស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន បានទទួល​ចំនួន​អ្នកតំណាង​ជិត​គ្រប់​តាម​កំណត់ ២៣៨៣ ខណៈដែល​លោក ប៊ែ​នី សេន​ដឺ ទទួលបាន​ត្រឹម ១៥៤៥​នាក់​ប៉ុណ្ណោះ​។



​ប្រធានាធិបតី បា​រ៉ា​ក់ អូ​បា​ម៉ា បាន​ព្យាករណ៍​ថា បេក្ខជន​តំណាង​បក្ស​ប្រជាធិបតេយ្យ​ដែល​ត្រូវ​ចូលរួម​ប្រកួត​យក​តំ​ណែ​ប្រធានាធិបតី​នឹងត្រូវ​គេ​ដឹង​ច្បាស់​ថា​ជា​អ្នកណា​នៅ​សប្តាហ៍​ក្រោយនេះ​។  ថ្ងៃ​ចន្ទ​សប្តាហ៍​ក្រោយ ការបោះឆ្នោត​សាកល្បង​ក្នុង​បក្ស​ប្រជាធិបតេយ្យ​នឹងត្រូវ​រៀបចំឡើង​នៅ​រដ្ឋ កាលី​ហ្វ​រ​នីញ៉ា ហើយ​អ្នកណា​ដែល​ឈ្នះ​អាច​នឹងមាន​លទ្ធភាព​ខ្ពស់​ក្នុង​ការទទួល​បានការ​តែង​តាំងពី​បក្ស​។ នេះ​ក៏ដោយ​សារ​ក្នុង​រដ្ឋកា​លី​ហ្វ​រ​នីញ៉ា​មាន​តំណាង​សរុប​ជាង ៤៧៥ នាក់​ឯណោះ​។​

​ប៉ុន្តែ​ក្រៅ  បើតាម​ការ​ព្យា​ការណ៍​ជាមុន​តាម​ការស្ទង់មតិ​នោះ លោកស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន នាំមុខ​លោក ប៊ែ​នី សេន​ដឺ នៅក្នុង​ការបោះឆ្នោត​នៅ​កាលី​ហ្វ​រ​នីញ៉ា​។​

 ក្រៅពីនេះ មកទល់​ពេល​ឥឡូវ លោកស្រី​អតីតរដ្ឋមន្ត្រី​ការបរទេស​អាមេរិក ហ៊ី​ឡា​រី គ្លី​ន​តុ​ន រកបាន​អ្នកតំណាង​ជិត​គ្រប់​ចំនួន​កំណត់ ២៣៨៣ ហើយ​។ លោកស្រី​បាន​អ្នកតំណាង​ចំនួន ២៣១២ នាក់​ដោយ​ក្នុងចំណោម​នោះ​មាន​អ្នកតំណាង​ឯករាជ្យ​ចំនួន​៥៤៣​នាក់​ផងដែរ​។ បើ​មើល​គូប្រជែង​លោកស្រី សមាជិក​ព្រឹទ្ធសភា​រដ្ឋ Vermont លោក ប៊ែ​នី សេន​ដឺ​វិញ​ទើប​រកបាន​អ្នកតំណាង​ចំនួន​១៥៤៥ នាក់​ប៉ុណ្ណោះ​។

​កន្លងមក​លោក អូ​បា​ម៉ា ធ្លាប់​លើកឡើង​ដែរ​ថា វា​កាន់តែច្បាស់​ដែលថា​លោកស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន អាច​ដណ្តើមយក​ការតែងតាំង​ពី​បក្ស​បាន ហើយនឹង​បន្ត​ប្រជែង​ជាមួយ ដូ​ណា​ល់ ត្រាំ ក្នុងការ​បោះឆ្នោត​ប្រធានាធិបតី​នៅ​ខែវិច្ឆិកា​ខាងមុខ​ដែរ​។​

​យ៉ាងណាមិញ លោក បា​រ៉ា​ក់ អូ​បា​ម៉ា និង​អនុ​ប្រធានាធិបតី លោក Joe Biden ចៀសវាង​មិន​សរសើរ​បេក្ខជន​ណា​ម្នាក់​នៅក្នុង​បក្ស​ជាមួយគ្នានេះ​ទេ តែ​អ្នក​ទាំងពីរ​នឹង​ចាប់ផ្តើម​ចេញមុខ​គាំទ្រ​បេក្ខជន​ណា​ម្នាក់​ដែល​នឹង​ក្លាយជា​អ្នកតំណាង​បក្ស​ជា​ផ្លូវការ​ក្នុង​សមាជ​ខែកក្កដា​ខាងមុខ​៕


Tag:
 ហ៊ី​ឡា​រី គ្លី​ន​តុ​ន​
  ប៊ែ​នី សេន​ដឺ​
  បា​រ៉ា​ក់ អូ​បា​ម៉ា​
© រក្សាសិទ្ធិដោយ thmeythmey.com