អន្តរជាតិ
យោធា​ឥណ្ឌូនេស៊ី រឹបអូស​ទូក​នេសាទ​ខុសច្បាប់​វៀតណាម និង​ហ្វីលីពីន
02, Jun 2016 , 9:59 pm        
រូបភាព
ដោយ:
​យោធា​ឥណ្ឌូនេស៊ី បាន​អះអាងថា អាជ្ញាធរ​បាន​តាម​ស្ទាក់ និង​ឃាត់ទុក​ទូក​នេសាទ​ពីរ​គ្រឿង​របស់​ហ្វីលីពីន និង​វៀតណាម​ដែល​បាន​លួច​ចូលទៅ​នេសាទ​ត្រី​ដោយ​ខុសច្បាប់​ក្នុង​ដែនទឹក Raja Ampat នៃ​ខេត្ត Papua ។​



​យោធា​ឥណ្ឌូនេស៊ី នៅ​ថ្ងៃទី​៣១ ខែឧសភា​កន្លងទៅ បាន​រឹបអូស និង​ឃាត់ទុក​ទូក​នេសាទ​ពីរ​គ្រឿង បន្ទាប់ពី​បាន​ប្រតិបត្តិការ​តាន​ដាន​១៣​ម៉ោង​មក​។ ទូក​នេសាទ​ពីរ​គ្រឿង​នោះ មាន​មួយ​ជា​របស់​ហ្វីលីពីន ដែលមាន​ផ្ទុក​នាវិក​១០​នាក់ និង​មួយទៀត​ជា​របស់​វៀតណាម​ដែលមាន​ផ្ទុក​នាវិក​១៣​នាក់​។ នេះ​បើ​យោង​សារព័ត៌មាន Jakarta Globe ។

​អ្នកនាំពាក្យ​កងទ័ពជើងទឹក លោក Maman Sulaeman បាន​ឲ្យ​ដឹងថា​ទូក​ដែលមាន​ទម្ងន់​១២ និង​១៤​តោន​នោះ ត្រូវបាន​ស្ទាក់​ទុក​ក្រោយ ទូក​ទាំងនោះ មិន​គោរព​តាម​បទបញ្ជា​ដែល​បាន​បង្គាប់​ឲ្យ​ទូក​នោះ​ឈប់ ហើយ យោធា ក៏បាន​បាញ់​គំរាម​បី​គ្រាប់​ផងដែរ​។​

​អ្នកនាំពាក្យ​រូបនោះ ក៏បាន​បន្ថែមថា ក្រុម​ទូក​ទាំងនោះ ដំបូង​ឡើយ​មិនមាន​ឆន្ទៈ​ក្នុង​ការឈប់​ដំណើរ នោះទេ និង​ថែម​បាន​ព្យាយាម​រុលចូល​ទៀត​។ តែ​ក្រោយពី​ប្រតិបត្តិការ​ស្វិតស្វាញ​ច្រើន​មក ទើប​ក្រុម​ទូក​ទាំងនោះ ព្រម​ប្រគល់​។ យោធា ក៏បាន​រាប់​អូស​បាន​សត្វ​សមុទ្រ​មួយចំនួន​ផងដែរ​។​

​សូម​ជម្រាប​ផងដែរ​ថា ឥណ្ឌូនេស៊ី​ដែលជា​ប្រទេស​មាន​បណ្តុំ​កោះធំ និង​ច្រើនជាងគេ​របស់​ពិភពលោក បានចាប់ផ្តើម​ចាត់វិធានការ​តឹងរ៉ឹង ប្រឆាំងនឹង​ការនេសាទ​ខុសច្បាប់ ចាប់តាំងពី​លោក​ប្រធានាធិបតី ចូ​កូ វី​ដូ​ដូ ឡើងកាន់តំណែង​ក្នុង​ឆ្នាំ​២០១៤​។ វិធានការ​នេះ ធ្វើឡើង​ក៏​ដោយសារតែ​ការនេសាទ​ខុសច្បាប់ បានធ្វើ​ឲ្យ​ឥណ្ឌូនេស៊ី​បាត់បង់​ចំណូល​ជាតិ​ជាច្រើន​លាន​ដុល្លារ ។

​កាលពី​ខែកុម្ភៈ និង​មេសា​កន្លងទៅ អាជ្ញាធរ​ឥណ្ឌូនេស៊ី ក៏បាន​កម្ទេច​ទូក​នេសាទ​របស់ ហ្វីលីពីន វៀតណាម ម៉ាឡេស៊ី និង​មី​យ៉ាន់​ម៉ា​សរុប​៥០​គ្រឿង ដោយ​ចោទថា​ចូល​នេសាទ​ដោយ​ខុសច្បាប់ ក្នុង​ដែន​អធិបតេយ្យ​របស់ខ្លួន​៕


Tag:
 ឥណ្ឌូនេស៊ី​
  អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com