អន្តរជាតិ
កម្ពុជា គាំទ្រ​ទី​ម័​រ​ខាង​កើតជា​សមាជិក​ទី​១១​របស់​អាស៊ាន​
03, Jun 2016 , 4:28 pm        
រូបភាព
ដោយ:
​សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​មានប្រសាសន៍ ថា កម្ពុជា គាំទ្រ​ប្រទេស​ទី​ម័​រ​ខាងកើត ក្នុងការ​ក្លាយជា​សមាជិក​ទី​១១ នៃ​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ ឬ​អាស៊ាន​។



​ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា បាន​សរសេរ​នៅក្នុង​ហ្វេ​ស​ប៊ុ​ក​របស់​សម្តេច ថា «​ក្នុងនាម​រាជរដ្ឋាភិបាល​កម្ពុជា ខ្ញុំ​គាំទ្រ​ប្រទេស​ទី​ម័​រ​ខាងកើត​ដើម្បី​បាន​ចូល​ជា​សមាជិក​អាស៊ាន​ទី​១១ ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ និង​បង្កើន​សមាជិក​បន្ថែម​ក្នុងការ​ជំរុញ និង​ថែរក្សា​ស្ថានភាព​ក្នុង​តំបន់​អោយ​កាន់តែ​ប្រសើរឡើង​» ។​

​ការលើកឡើង​របស់​ស​ម្តេច​នាយករដ្ឋមន្ត្រី ត្រូវបាន​ធ្វើឡើង​ក្នុងជំនួប​ជាមួយនឹង​សម​ភាគី លោក Rul Maria de Aroujo នាយករដ្ឋមន្ត្រី​ទី​ម័​រ​ខាងកើត​នាឱកាស​នៃ​វេទិកា​សេដ្ឋកិច្ច​ដែល​ប្រារព្ធ​ឡើង​ក្នុង​ក្រុង​គួ​ឡា​ឡាំ​ពួរ​នៃ​ប្រទេស​ម៉ាឡេស៊ី​។

​សូម​ជម្រាប​ផងដែរ​ថា គឺ​រយៈពេល​៥​ឆ្នាំ​មកហើយ​ដែល​ទី​ម័​រ​ខាងកើត​ បាន​ស្នើសុំ​ធ្វើជា​សមាជិក​អាស៊ាន និង​ទន្ទឹងរង់ចាំ​ការយល់ព្រម​ជា​ឯកច្ឆន្ទ​ពី​សមាជិក​របស់​អាស៊ាន​ទាំងអស់​។ ទី​ម័​រ​ខាងកើត បានដាក់​ពាក្យស្នើសុំ​ចូល​ជា​សមាជិក​អាស៊ាន ២០១១ ហើយ​សមាជិក​អាស៊ាន ក៏បាន​យល់ព្រម​ក្នុង​ការសិក្សា​ស្រាវជ្រាវ​ពី​លទ្ធភាព​នៃ​រដ្ឋ​ថ្មី​ផងដែរ​។

​ថ្មីៗ​នេះ លោក Rahmat Pramono អគ្គរដ្ឋទូត​ឥណ្ឌូនេស៊ី​ប្រចាំ​អាស៊ាន ក៏បាន​អះអាង​ដែរ ថា «​សា​ធារ ណ​រដ្ឋ​ប្រជាធិបតេយ្យ​ទី​ម័​រ ឬ​ទី​ម័​រ​ខាងកើត នឹង​ក្លាយជា​សមាជិក​នៃ​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍​នៅ​ឆ្នាំ​២០១៧​ហើយ​»​។

​អគ្គរដ្ឋទូត​រូបនោះ ក៏បាន​បន្ថែមថា « នាពេលខាងមុខ​ដ៏​ខ្លី​នេះ តំណាង​របស់​អាស៊ាន​ទាំងអស់ នឹង​ប្រជុំ​ដើម្បី​ពិភាក្សា​ពី​ការចូលរួម​របស់​ទី​ម័​រ​ខាងកើត ហើយ​ប្រសិន ទទួលបាន​ការយល់ព្រម នោះ ទី​ម័​រ ខាងកើត នឹង​ក្លាយជា​សមាជិក​ទី​១១​របស់​អាស៊ាន​។ សមាជិក​ទាំងអស់​រប​ស់អា​ស៊ាន​បច្ចុប្បន្ន មាន ដូចជា ព្រុយ​ណេ កម្ពុជា ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី មី​យ៉ាន់​ម៉ា ហ្វីលីពីន សិង្ហ​បុរី ថៃ និង​វៀតណាម​។​

​ដូចដែល​បាន​បញ្ញត្តិ​ក្នុង​ជំពូក​ទី​៣ មាត្រា​៦ នៃ​ធម្មនុញ្ញ​អាស៊ាន ដើម្បី​ក្លាយជា​សមាជិក​របស់​អា​ស៊ាន រដ្ឋ​ដែល​បានដាក់​ស្នើ​ត្រូវបំពេញ​នូវ​លក្ខខណ្ឌ​គ្រឹះ​មួយចំនួន​។ ក្នុងនោះ​រួមមាន ត្រូវមាន​ទីតាំង​ភូមិសាស្ត្រ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ការទទួលស្គាល់​ពីរ​ដ្ឋ​អាស៊ាន​ទាំងអស់ គោរព​តាម​ធម្មនុញ្ញ​អាស៊ាន និង​ជាពិសេស​នោះ​ត្រូវ​ទទួលបាន​ការយល់ព្រម​ជា​ឯក​ច្ឆ័​ន​ពី​រដ្ឋ​អាស៊ាន​ក្នុង​កិច្ចប្រជុំ​កំពូល​ផងដែរ​៕


Tag:
 ​ទី​ម័​រ​ខាងកើត​
  កម្ពុជា​
  អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com