ជាតិ
ស្ថានទូត​បារាំង​នឹង​បន្ត​ការគាំទ្រ​ដល់​រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ​បន្ថែមទៀត​
13, Jun 2016 , 5:48 pm        
រូបភាព
​ភ្នំពេញ​៖  នៅ​ព្រឹក​ថ្ងៃ​ចន្ទ ទី​១៣ ខែមិថុនា ស្ថានទូត​បារាំង​ប្រចាំ​កម្ពុជា លោក​ហ្ស​ង់​-​ក្លូដ ពាំ​បឺ​ហ្វ ឯកអគ្គរដ្ឋទូត​បារាំ​ង​ប្រចាំ​កម្ពុជា អមដំណើរ​ដោយ​លោក ហ្វី​លី​ព ស្ដាំ​ង​ម៉េ នាយក​ទីភ្នាក់ងារ​អភិវឌ្ឍន៍​បារាំង​ប្រចាំ​កម្ពុជា និង​ឡាវ បាន​អញ្ជើញ​ទៅពិនិត្យ​ដំណើរ​ការកសាង​សង់រោង​ចក្រ​ផលិត​ទឹកស្អាត​និរោធ ជំហាន​ទី​២ ដែល​ទទួល​ការស្វាគមន៍​ដោយ លោក ស៊ឹម ស៊ីថា អគ្គនាយក​រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ​។​



​រោងចក្រ​ផលិត​ទឹកស្អាត​និរោធ ត្រូវបាន​សាងសង់​ឡើងជា​ពីរ​ដំណាក់កាល​ក្រោម​ជំនួយ​ពី​ដៃគូ​អន្តរជាតិ ក្នុងនោះ​មាន​ទីភ្នាក់ងារ​អភិវឌ្ឍន៍​បារាំង​(AFD) និង​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​ជប៉ុន​(JICA)​។​ ​ការសាងសង់​ក្នុង​ជំហាន​ទី​១​ទទួលបាន​សហ​ហរិ​ញ្ញ​ប្ប​ទាន​ចំនួន​១៦​លាន​អឺរ៉ូ ពី​ទី​ភ្នា​ក់​ងារអភិវឌ្ឍន៍​បារាំង (​លើ​ការចំណាយ​សរុប​ជាង​៩០​លាន​ដុល្លារ​) ដែល​អាច​ផលិត​ទឹកស្អាត​បាន​ចំនួន ១៣​ម៉ឺន​ម៉ែត្រគូប​ក្នុង​មួយថ្ងៃ បន្ទាប់ពី​បានដាក់​ឲ្យ​ដំណើរការ​តាំងពី​ខែមករា ឆ្នាំ​២០១៣​មក​។​


 លោក ស៊ឹម ស៊ីថា អគ្គនាយក​រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ បាន​បញ្ជាក់ថា​ ​រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ មាន​រោងចក្រ​ផលិត​ទឹកស្អាត​ក្នុង​រាជ​នី​ភ្នំពេញ​អាចមាន​សមត្ថភាព​ផ្គត់ផ្គង់​ត្រឹមតែ​៤៥ម៉ឺន​​ម៉ែត្រគូប​ក្នុង​មួយថ្ងៃ​ប៉ុណ្ណោះ តែ​សេចក្តីត្រូវការ​មាន​រហូតដល់ ៥៤​ម៉ឺនម៉ែត្រគូប​ក្នុង​មួយថ្ងៃ​។ នៅពេលដែល​រោងចក្រ​និរោធ​ទី​២ បាន​សាងសង់​រួចហើយ នឹង​បាន​ទឹកស្អាត​បន្ថែម​១៣​ម៉ឺន​ម៉ែត្រគូប​ទៀត​។ ក្រោយពី​សាងសង់​រោងចក្រ​និរោធ រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ នឹង​ពង្រីក​សមត្ថភាព​រោងចក្រ​ទឹកស្អាត​ចំការ​ម៉ន ៥២០០០​ម៉ែត្រគូប​បន្ថែមទៀត ដែល​បំពេញតម្រូវការ​រហូត​ដល់​ឆ្នាំ​២០១៨​។​ បច្ចុប្បន្ន​រាជធានី​ភ្នំពេញ មាន​រោងចក្រ​ផលិត​ទឹកស្អាត មាន​បួន​ទីតាំង ជ្រោយចង្វារ ចំការ​ម៉ន និរោធ​ទី​១ និង​និរោធ​ទី​២ ។​

​លោក ស៊ឹម ស៊ីថា បាន​បន្តថា​៖«​រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ បានផ្ដល់​សេវាកម្ម​បាន​ប្រមាណ​ជា​៨៥% ដែល​នៅ​ក្នុងនោះ​មានតម្លៃ​ទាប​បំផុត​ចំពោះ​ពេលបច្ចុប្បន្ន ដែល​រដ្ឋាករ​ទឹកបាន​កែប្រែ​តម្លៃ​ទឹកជា​លើកដំបូង​ក្នុង​ឆ្នាំ​២០០១ មកដល់​សព្វថ្ងៃនេះ បើទោះបី​អគ្គិសនី​កម្ពុជា​បាន​ឡើងថ្លៃ​ក៏ដោយ ក៏​រដ្ឋាករ​ពុំបាន​ឡើងថ្លៃ​ជាង​១០​ឆ្នាំ​មកហើយ​»​។​រដ្ឋាករទឹក បាន​បញ្ចុះតម្លៃ​ទឹក​ដល់​ផ្ទះជួល​កម្មករ​រោងចក្រ និង​សិស្ស​និស្សិត ដែល​បាន​ប្រមាណ​ជាង​៤០​ម៉ឺន​នាក់​។​


​ម្យ៉ាងវិញទៀត រោងចក្រ​នេះ​នឹង​បំពាក់​ដោយ​បច្ចេកវិទ្យា​កម្រិត​ខ្ពស់​ដើរ​ដោយ​ប្រព័ន្ធ​បញ្ជា​ស្វ័យប្រវត្តិ ដែល​នឹង​ជួយ​ឲ្យ​រដ្ឋាករទឹក​រក្សាបាន​នូវ​តំណែង​ជា​អ្នក​ផលិត​និង​ចែកចាយ​ទឹកស្អាត​ក្នុង​តំបន់​។​លោក​ឯកអគ្គរដ្ឋទូត​បារាំង​បាន​ថ្លែង​កោតសរសើរ​ដល់​គុណភាព​ទឹក​ដែល​ផលិត​ដោយ​រដ្ឋាករទឹក​ក្រុងភ្នំពេញ ដែល​ស្របតាម​ស្តង់ដា​អន្តរជាតិ ជាមួយ​អត្រា​បាត់បង់​ទឹក​ប្រមាណ​តែ​៧%​ប៉ុណ្ណោះ ខណៈដែល​នៅ​ប្រទេស​បារាំង​អត្រា​បាត់បង់​ទឹក​មាន​រហូតដល់​១៥%​។​

​លោក ហ្ស​ង់​-​ក្លូដ ពាំ​បឺ​ហ្វ ឯកអគ្គរដ្ឋទូត​បារាំ​ង​ប្រចាំ​កម្ពុជា បាន​បញ្ជាក់ថា​៖ វិស័យ​ទឹក​នេះ ជា​វិស័យ​អត្ថិភាព​មួយ​នៃ​កិច្ចសហប្រតិបត្តិការ​រ​វាង​កម្ពុជា នឹង​ទីភ្នាក់ងារ​អភិវឌ្ឍន៍​បារាំង​(AFD)​។​នេះ​ជា​ជំនួយ​មួយ​ដែល​សំខាន់​ក្នុង​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​ប្រទេស​កម្ពុជា ហើយ​ជំនួយ​របស់​បារាំង​ភាគច្រើន​គឺ​ផ្ដោតទៅលើ​វិស័យ​ទឹក​នៅ​រាជធានី​ភ្នំពេញ ហើយ​ក៏បាន​ត្រៀម​ជួយ​ដល់​ខេត្ត​ផ្សេងៗ​ទៀត​។​ជាពិសេស​មាន​ជំនួយ​មួយ​ក្នុង​គម្រោង​នៅ​ខេត្តសៀមរាប តែបើ​សិន​ខេត្ត​ផ្សេងៗ​មាន​សំណើរ​មក​ប្រទេស​បារាំង នឹង​បារាំង​ទទួល​សំណើរ​នោះ​ដោយ​យកចិត្តទុកដាក់​។​សម្រាប់​នៅ​ភ្នំពេញ​បានទទួល​បាន​ជោគជ័យ​រួចហើយ ក្នុង​កិច្ចសហប្រតិបត្តិការ​ជាមួយ​រដ្ឋាករទឹក​ភ្នំពេញ ដែលជា​គំរូ​ក្នុងការ​អភិវឌ្ឍ​បន្ថែមទៀត​ក្នុងប្រទេស​កម្ពុជា​។


​ជាមួយគ្នា​ដែរ ចាប់តាំងពី​ឆ្នាំ​១៩៩២​មក ប្រទេស​បារាំង​បាន​បន្ត​ជួយ​កម្ពុជា​ក្នុងការ​ស្ដារ​និង​កសាង​បណ្ដាញ​ទឹកស្អាត​តាមរយៈ​ការផ្ដល់​ហិរញ្ញប្បទាន​ពី​សំណាក់​រតនាគារ​បារាំង បន្ទាប់មកទៀត​តាមរយៈ​ជំនួយ​របស់​ទីភ្នាក់ងារ ដែល​បានផ្ដល់​កម្ចី​គ្មាន​ការធានា​ពីរ​ដ្ឋ​ដំបូង​គេ​ចំនួន ១១,១​លាន​អឺរ៉ូ ដល់​រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ​កាលពី​ឆ្នាំ​២០០៦ ដើម្បី​បង្កើន​ទ្វេដង​នូវ​សមត្ថភាព​រោងចក្រ​ផលិត​ទឹកស្អាត​ជ្រោយចង្វារ​។​ហិរញ្ញប្បទាន​ផ្ដល់​ជា​បន្តបន្ទាប់​ដោយ​ទីភ្នាក់ងារ​អភិវឌ្ឍន៍​បារាំង ដែលមាន​ចំនួន​សរុប​ជាង​៦១​លាន​អឺរ៉ូ ចាប់ពី​ឆ្នាំ​២០០២​មក ក៏បាន​ជួយ​រដ្ឋាករទឹក​ប​ង្រី​ក​បណ្ដាញ​ចែកចាយ​ទឹក​ប្រមាណ​៨២៥​គីឡូម៉ែត្រ​ផងដែរ​។​

​សូមបញ្ជាក់​ផងដែរ​ថា លោក ហ្ស​ង់​-​ក្លូដ ពាំ​បឺ​ហ្វ  បាន​គូសបញ្ជាក់ថា នឹង​ប្ដេជ្ញាចិត្ត​របស់​ប្រទេស​បារាំង​ក្នុង​ការបន្ត​គាំទ្រ​ដល់​រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ លើ​គម្រោង​វិនិយោគ​ធំៗ​របស់​ស្ថាប័ន​នេះ ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ​ទឹកស្អាត​ដែល​កាន់តែ​កើនឡើង​ជា​លំដាប់​របស់​ប្រជាជន​រស់នៅក្នុង​រាជធានី​ភ្នំពេញ​៕









SaveSaveSave

© រក្សាសិទ្ធិដោយ thmeythmey.com