កីឡាអន្តរជាតិ
អន្តរជាតិ
Euro2016៖ ប៉ូឡូ​ញ ​វេល​ស៍ និ​ងព័​រទុយ​ហ្គាល់​ ឡើង​ទៅវគ្គ​១/៤​ផ្តាច់​ព្រ័ត្រ
26, Jun 2016 , 7:35 am        
រូបភាព
រូបថត៖ UEFA EURO 2016
រូបថត៖ UEFA EURO 2016
ដោយ: ថ្មីៗ
ប៉ូឡូញ វេលស៍ និងព័រទុយហ្គាល់ សុទ្ធតែ​ទទួលបាន​ជ័យ​ជម្នះ​ទាំង​ប្រផិត​ប្រផើយ​នា​ការ​ប្រកួត​វគ្គ​១៦​ក្រុម​ចុងក្រោយ​ក្នុងព្រឹត្តិការណ៍ Euro 2016 នៅ​ប្រទេស​បារាំង កាលពី​រាត្រី​ថ្ងៃសោរ៍ ដោយប៉ូឡូញឈ្នះស្វ៊ីស ក្រោយ​ការ​ទាត់​បាល់​ប៉េណាល់​សម្រេចក្តី  វេលស៍​ឈ្នះអៀរឡង់​ខាងជើង ដោយគ្រាប់បាល់ Own Goal មុនពេល​ព័រទុយ​ហ្គាល់ទម្លាក់​ក្រូអាស៊ី នា​ការ​ប្រកួត​ដែល​ជិត​ឈាន​ដល់​១២០នាទី។



នា​ជំនួបនៅ​ក្រុង Saint-Etienne ព័រទុយហ្គាល់ បាននាំមុខ ១-០ នៅ​ជិត​បញ្ចប់តង់ទីមួយ ដែល​សម្រេច​បាន​ដោយ Jakup Blaszczykowski ប៉ុន្តែ Xhedrdan Shaqiri បាន​ធ្វើ​ឲ្យ​ការ​ប្រកួត​ឈាន​ដល់​ការបន្ថែមម៉ោង ដោយ​រូបគេ​បាន​ប្រើ​ក្បាច់ជើង​កន្ត្រៃហោះ (scissor-kick) ស៊ុតបាល់បញ្ចូលទី​តាម​ស្មើ ១-១ សម្រាប់ស្វ៊ីស ។

ការ​បន្ថែម​១៥នាទី ពីរ​ដង​ មិន​មាន​ការស៊ុត​បាល់បញ្ចូលទីឡើយ ទើប​សម្រេច​ឲ្យមាន​ការ​ទាត់បាល់ប៉េណាល់​ទី​សម្រេច​ក្តី។ ប៉ូឡូញ ទទួល​បាន​កៅអីនៅ​វគ្គ​១/៤ផ្តាច់ព្រ័ត្រ ជាមួយ​នឹង​ជ័យ​ជម្នះ ៥-៤ ខណៈ​ខ្សែបម្រើ​ស៊្វីស Granit Xhaka គឺ​ជាកីឡាករតែម្នាក់​គត់​ដែល​ស៊ុត​បាល់​មិន​ចំគោលដៅ។

សម្រាប់​ការប្រកួត​មួយទៀតនៅ​ទីក្រុងប៉ារីស ខ្សែការពារ​អៀរឡង់​ខា​ងជើង Gareth McAuley បាន​កាដូ​ដ៏គាប់​ចិត្ត​សម្រាប់​វេលស៍ ដោយ​រូបគេ​ភ្លាត់​ធ្វើ​ឲ្យ​បាន​ចូល​ទី​ខ្លួន ក្រោយ​ការ​បញ្ជូន​ចេញពីមុំ​ខាងឆ្វេង​របស់​ Gareth Bale ចូល​ទៅ​កាន់តំបន់​គ្រោះ​ថ្នាក់។ វេលស៍​ឈាន​ទៅ​កាន់វគ្គ​បន្ត​ជាមួយ​នឹង​ជ័យ​ជម្នះ ១-០ ។


ដោយឡែកជំនួបនៅ​ក្រុង Lens កីឡាករ Ricardo Quaresma បាន​តែតបាល់បញ្ចូលទី​សម្រាប់ព័រទុយហ្គាល់នៅ​នាទី១១៧ លើ​ក្រូអាស៊ី បន្ទាប់ពី​ក្រុមទាំង​ស្មើគ្នា ០-០ នៅ​ក្នុងធម្មតា។ ព័រទុយហ្គាល់​ត្រូវប៉ះ​ប៉ូឡូញ​នាការ​ប្រកួត​វគ្គ​១/៤​ផ្តាច់ព្រ័ត្រ ខណៈវេលស៍ រង់ចាំមើល​ការប្រកួត​រវាង​ហុងគ្រី និង​បែលហ្ស៊ិក៕






Tag:
 Euro2016
© រក្សាសិទ្ធិដោយ thmeythmey.com