ភ្នំពេញ៖ ក្រុមហ៊ុនធំៗរបស់ចិន បោះទុនរួមគ្នាលើទឹកប្រាក់ប្រមាណជាង ៣ពាន់លានដុល្លារលើ់គម្រោងអភិវឌ្ឍន៍ឆ្នេរមាសឆ្នេរប្រាក់ នៅខេត្តព្រះសីហនុ។
ក្រុមហ៊ុនធំៗរបស់ចិនចំនួន៣ បោះទុនរួមគ្នា ដើម្បីអភិវឌ្ឍន៍តំបន់ឆ្នេរមាសឆ្នេរប្រាក់នៅខេត្តព្រះសីហនុ ដែលគ្របដណ្ដាប់លើផ្ទៃដី ៣៣៧ហិកតា។ បើតាមលោក ស៊ូ ហេមមីង នាយកក្រុមហ៊ុន EAST UNION SILK ROAD ដែលត្រូវដកស្រង់សំដីដោយសារព័ត៌មានជាតិកម្ពុជា AKP ឲ្យដឹងថា ក្រុមហ៊ុននឹងបង្កើតមជ្ឈមណ្ឌលវិស្សមកាលលំហែកាយទេសចរណ៍អន្តរជាតិ, ទីតាំងសន្និសីទនៃវេទិកាប្រជុំហរិញ្ញវត្ថុ, សោធននិវត្តន៍អន្តរជាតិ, មន្ទីរពេទ្យ, មហាវិទ្យាល័យសុខាភិបាល, មគ្គុទេសក៍ទេសចរ, សណ្ឋាគារលំដាប់ផ្កាយ៥ និងបង្កើតជាតំបន់សម្បទានទេសចរណ៍ធំបំផុតនៅកម្ពុជា។
លោក ស៊ូ ហេមមីង បានថ្លែងក្នុងពីធីសម្ពោធតំបន់គំរូក្រវាត់១ផ្លូវ១ និងតំបន់សាកល្បងកិច្ចសហប្រតិបត្តិទន្លេមេគង្គ-ឡានឆាង នៅថ្ងៃទី២៥ខែមិថុនា ថា គម្រោងវិនិយោគនេះ ជាការប្រតិបត្តិពាណិជ្ជកម្មច្នៃប្រឌិតថ្មីបែបអន្តរជាតិគ្រប់ជ្រុងជ្រាយរវាងរដ្ឋាភិបាលចិន-កម្ពុជា ក្នុងការលើកកម្ពស់សមត្ថភាពធ្វើអាជីវកម្មផ្នែកឧស្សាហកម្មអចលនទ្រព្យ សេដ្ឋកិច្ច និងហិរញ្ញវត្ថភាគនិរតីនៃប្រទេសកម្ពុជា។
ក្រុមហ៊ុនចិនទាំងនេះ រួមមាន ក្រុមហ៊ុន CITS, ក្រុមហ៊ុនយិះចៀ ធូរីហ្សឹម ឌីវេឡុបមេន និងក្រុមហ៊ុន East Union Silk Road ដែលនឹងត្រៀមបោះទុនប្រមាណជាង ៣ពាន់លានដុល្លារអាមេរិកសម្រាប់គម្រោងវិនិយោគមួយនេះ។
គួរបញ្ជាក់ថា គម្រោងអភិវឌ្ឍន៍ឆ្នេរមាសឆ្នេរប្រាក់ ដែលវិនិយោគដោយក្រុមហ៊ុនចិននៅពេលនេះ ធ្វើឡើងស្របពេលដែលរដ្ឋាភិបាលគ្រោងទាក់ទាញភ្ញៀវទេសចរចិនឲ្យមកកម្សាន្តនៅកម្ពុជា ក្នុងចំនួនប្រមាណ ២លាននាក់នៅឆ្នាំ២០២០ខាមុខ។
បើតាមរបាយការណ៍ក្រសួងទេសចរណ៍ បង្ហាញថា ក្នុងឆ្នាំ២០១៥ កម្ពុជាស្រូបបានភ្ញៀវទេសចរចិនប្រមាណ ៧០ម៉ឺននាក់ ដោយឈរនៅលេខរៀងទី២ បន្ទាប់ពីភ្ញៀវវៀតណាម។
ដោយឡែកក្នុងរយៈពេល៤ខែដើមឆ្នាំ២០១៦ ភ្ញៀវទេសចរចិននៅកម្ពុជាមានប្រមាណ ២៧,៥ម៉ឺននាក់ កើនឡើង ១៣.៦ភាគរយរយ បើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៥ ៕