ជាតិ
សង្គមជាតិ
តុលាការ​សម្រេច​ឃុំខ្លួន​ជនល្មើស​ដែលបាញ់​សម្លាប់​លោក កែម ឡី
13, Jul 2016 , 4:54 pm        
រូបភាព
ដោយ: ថ្មីៗ
ក្រោយពី​បញ្ចប់​ការសួរចម្លើយ​និង​កិច្ចពិភាក្សា​ដេញដោល​ចំពោះមុខ ចៅក្រម​សើ​ប​សួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​សម្រេច​ឃុំខ្លួន​ជន​ត្រូវ​ចោទ​ឈ្មោះ ជួប សម្លាប់ ដែល​បាញ់សម្លាប់​លោក កែម ឡី កាលពី​ថ្ងៃទី១០ កក្កដា ។ នេះ​បើតាម​លោក លី សុផាន់​ណា អ្នកនាំពាក្យ​សាលាដំបូង ដែល​បាន​សរសេរ​នៅលើ Telegram ខ្លួន។



តុលាការមិនទាន់អាចបញ្ជាក់ពីទីតាំងឃុំខួនជនត្រូវចោទនេះនៅឡើយទេ ដោយលោក លី សុផាន់ណា បានបញ្ជាក់ដូច្នេះថា៖«ដើម្បីសុវត្ថិភាព​និងសម្រួលដល់និតិវីធី​បញ្ជូន​ជន​ត្រូវ​ចោទទៅឃុំខ្លួនបណ្តោះអាសន្ន ខ្ញុំនឹងជូនដំណឹង​ពេល​ជនត្រូវចោទត្រូវបានបញ្ជូនដល់គោលដៅ» ។

គួរ​បញ្ជាក់ថា តំណាង​អយ្យការ​អម​សាលាដំបូង បានសម្រេច​ចោទប្រកាន់​ជនសង្ស័យ​ដែល​បាញ់សម្លាប់​លោក កែម ឡី ឈ្មោះ ជួប សម្លាប់ នេះ​ពីបទ​ឃាតកម្ម​គិតទុក​ជាមុន និង បទ​កាន់កាប់​អាវុធ​គ្មាន​ការអនុញ្ញាត។

បើតាម​លោក លី សុផាន់​ណា ការចោទប្រកាន់​ចំនួន​ពីរ​បទល្មើស​ខាងលើ ធ្វើឡើង​ទៅតាម​មាត្រា២០០ និង​មាត្រា ៤៩០ នៃ​ក្រមព្រហ្មទណ្ឌ។ ក្រៅពី​ចោទប្រកាន់​លើ​ជនល្មើស ព្រះរាជអាជ្ញា​ក៏​ចោទប្រកាន់​លើ​បុគ្គល ដែល​បាន​លក់​អាវុធ​ឲ្យ​ជនល្មើស ពីបទ​លក់​អាវុធ​ដោយ​គ្មាន​ការអនុញ្ញាត តាម​មាត្រា ២០ នៃ​ច្បាប់​ស្តីពី​ការគ្រប់គ្រង​អាវុធ​គ្រឿងផ្ទុះ​និង​គ្រាប់រំសេវ។ តែ​យ៉ាងណា អ្នកនាំពាក្យ​រូបនេះ មិនបាន​បញ្ជាក់​ពី​អត្តសញ្ញាណ​អ្នកលក់​អាវុធ​ឲ្យ​ជនល្មើស​នោះទេ៕


Tag:
 កែម ឡី
© រក្សាសិទ្ធិដោយ thmeythmey.com