ជាតិ
​​​ន​យោ​បាយ​ជាតិ​
បារាំង​ប្រាថ្នា​ចង់ឃើញស្ថាប័ន​រដ្ឋរបស់​កម្ពុុជា ធ្វើការគោរពតាម​នីតិរដ្ឋ និង​សិទ្ធិមនុស្ស​
14, Jul 2016 , 7:15 pm        
រូបភាព
លោកឯកអគ្គរដ្ឋទូតបារាំង Jean-Claude Poimboeuf
លោកឯកអគ្គរដ្ឋទូតបារាំង Jean-Claude Poimboeuf
ដោយ:
​ឯកអគ្គ​រដ្ឋ​ទូត​របស់​ប្រទេស​បារាំង​ប្រចាំ​នៅក្នុង​ប្រទេស​កម្ពុជា នៅថ្ងៃនេះ បាន​បញ្ចេញ​នូវ​ក្តី​ប្រាថ្នា​របស់​រដ្ឋាភិបាល​បារាំង​មកលើ​ប្រទេស​កម្ពុជា ដោយ​ចង់ឃើញ​ស្ថាប័ន​នានា​របស់​កម្ពុជា ធ្វើការ​ស្របតាម​គោលការណ៍​នីតិរដ្ឋ និង​គោរព​សិទ្ធិមនុស្ស​។


​ក្តី​ប្រាថ្នា​របស់​បារាំង​ចំពោះ​កម្ពុជា​បែបនេះ ត្រូវ​បាន​ប្រកាស​ឲ្យ​ដឹង ​ដោយ​ឯកអគ្គរដ្ឋទូត​បារាំង​ប្រចាំ​នៅ​កម្ពុជា​លោក ហ្ស​ង់ ក្លូដ ពាំ​បឺ​ហ្វ (Jean-Claude Poimboeuf) នៅក្នុង​ទិវា​បុណ្យជាតិ​បារាំង​នៅ​ល្ងាច​ថ្ងៃទី ១៤ ខែកក្កដា នេះ  ដែល​​ប្រារព្ធ​ធ្វើ​នៅស្ថានទូតបារាំងប្រចាំកម្ពុជា​។ លោក​ឯកអគ្គរដ្ឋទូត បាន​ថ្លែង​សុន្ទរកថា នៅ​ចំពោះ​ភ្ញៀវ​ជាតិ និង​អន្តរជាតិ ជាពិសេស​នៅ​ចំពោះមុខ​មន្ត្រី​រដ្ឋាភិបាល លោក ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម និង​ថាមពល យ៉ាងនេះ​ថា​៖« ក្តី​ប្រាថ្នា​ធំ​បំផុត​របស់​បារាំង គឺ​ចង់ឃើញ​ស្ថាប័ន​នានា​របស់​កម្ពុជា មានដំណើរ​ការប្រកប​ដោយ​ភាព​សុខដុម  នៅក្នុង​បរិយាកាស​គោរព​នីតិរដ្ឋ និង​សិទ្ធិមនុស្ស ដែលជា​លក្ខខណ្ឌ​ចាំបាច់​នៃ​ការរីកចម្រើន​ផ្នែក​នយោបាយ​សេដ្ឋកិច្ច និង​សង្គម​»​។​
 
​ក្រៅពី​លើកឡើង​ពី​បំណងប្រាថ្នា​របស់​រដ្ឋាភិបាល​ខ្លួន​ហើយ នៅក្នុង​ពិធី​ដដែល​នេះ លោក Jean-Claude Poimboeuf ក៏​ឆ្លៀត​លើកឡើង​ពី​ការរីកចម្រើន​នៃ​ទំនាក់ទំនង​រវាង​រដ្ឋា​ភិ​បាល​កម្ពុជា និង​បារាំង​កន្លង​ទៅមួយ​ឆ្នាំនេះ​ផងដែរ តាមរយៈ​ការយាង​ទៅ​ទស្សនកិច្ច​នៅ​ប្រទេស​បារាំង​របស់​ព្រះមហាក្សត្រ​កម្ពុជា និង​ដំណើរ​ទស្សនកិច្ច​របស់​សម្តេច ហ៊ុន សែន នៅក្នុង​ប្រទេស​សេដ្ឋកិច្ច​ជឿនលឿន​មួយ​នេះ​។ ហើយ​លោក​មន្ត្រី​ទូតរូបនេះ​ បាន​បន្ត​លើកឡើង​ពី​ជំនួយ​របស់បារាំង ​ដែល​ផ្តល់ជូន​កម្ពុជា​នាពេល​បច្ចុប្បន្ន ដោយ​ផ្តោតទៅលើ​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ជាដើម​។  
 
​សូមបញ្ជាក់ថា ថ្ងៃទី​១៤​កក្កដា គឺជា​ថ្ងៃ​បុណ្យជាតិ​បារាំង​ដែល​ត្រូវបាន​ប្រារព្ធ​ជាង​២០០​ឆ្នាំ​មកហើយ បន្ទាប់​ពីជ័យជម្នះ​នៃ​ចលនា​បដិវត្តន៍​ប្រឆាំង​របបរាជានិយម​ផ្តាច់ការ​។​ ថ្ងៃនេះ ក៏​ជា​កាលបរិច្ឆេទ​សំខាន់​មួយ ​ដែលមាន​ទំនាក់ទំនង​ខ្លាំង​ ទៅនឹង​បដិវត្ត​ន៍នៅ​ប្រទេស​បារាំង ដោយហេតុថា ថ្ងៃ​១៤​កក្កដា​ឆ្នាំ​១៧៨៩ គឺជា​ព្រឹត្តិការណ៍​ដែល​រម្លឹក​ពី​ជ័យជម្នះ​នៃ​ប្រជាជន​បារាំង​ ទល់នឹង​អំណាច​រាជានិយម​ផង និង​ជាការ​រម្លឹក​ដល់​ពិធីបុណ្យ​១៤​កក្កដា​ ឆ្នាំ១៧៩០​ផង ហើយ​ដែល​ត្រូវបាន​រៀបចំឡើង ​ដើម្បី​អបអរ​ជ័យជម្នះ​នោះ ដោយមាន​វត្តមាន​ព្រះមហាក្សត្រ​។ 

Tag:
 Jean-Claude Poimboeuf
© រក្សាសិទ្ធិដោយ thmeythmey.com