ជាតិ
ការរៀបចំ​រមណីយដ្ឋាន​ភ្នំ​គូ​លេន​មិនទាន់​ច្បាស់លាស់​
15, Jul 2016 , 5:09 pm        
រូបភាព
​សៀមរាប​៖ រាជរដ្ឋាភិបាល​បានប្រកាសថា ខ្លួន​សម្រេច​ដកសិទ្ធិ​គ្រប់គ្រង​ភ្នំ​គូ​លេន​ពី​ក្រុមហ៊ុន​ឯកជន មក​គ្រប់គ្រង​ខ្លួនឯង​វិញ​។ ការប្រកាស​នេះ គឺ​ចាប់តាំងពី​ចុងឆ្នាំ​២០១៥​មក ហើយ​រដ្ឋាភិបាល​បានប្រគល់​សិទ្ធិ​ដល់​ក្រសួងបរិស្ថាន​ក្នុងការ​រៀបចំ​រមណីយ​ដ្ឋា​ន​ប្រវត្តិសាស្ត្រ​មួយ​នេះ​។ ដំណឹង​ចំពោះ​ការអភិវឌ្ឍ​នេះ ក៏បាន​បញ្ជាក់ថា ប្រជាពលរដ្ឋ​ដែល​ចូលទៅ​តាំងទី​ខុស​ច្បាស់ រួម​និង​គ្រួសារ​កងទ័ព​ផង​នោះ នឹងត្រូវ​ផ្ទេរ​ចុះ​ពីលើ​ភ្នំ ឲ្យ​ទៅ​រស់នៅ​កន្លែង​អភិវឌ្ឍន៍​ថ្មី​។ យ៉ាងណា វា​នៅ​គ្រាន់តែ​ជា​ដំណឹង តែ​វិធានការ ឫ​ដំណោះស្រាយ​ជាក់ស្តែង នៅ​មិនទាន់មាន​ពិតប្រាកដ​នោះទេ​។​



​អាជ្ញាធរ​ពាក់​ព័ទ្ធ និង​ប្រជាពលរដ្ឋ​រស់នៅ​លើ​ភ្នំ​គូ​លេន បានត្រឹមតែ​ឮ​តាម​សារព័ត៌មាន និង​ពាក្យសំដី​និយាយ​ត​គ្នា ជុំវិញ​បញ្ហា​ផ្ទេរ​ប្រជាពលរដ្ឋ​ចុះ​ពី​ភ្នំ​គូ​លេន​។ ពួកគេ​ហាក់​កំពុង​រង់ចាំ ព័ត៌មាន​ច្បាស់ការ​ចំពោះ​ការផ្ទេរ​ចុះ​នេះ ព្រោះ​រហូតមកដល់​ថ្ងៃនេះ ពុំទាន់​មាន​ឯកសារ ឫ​ការនិយាយ​ដោយផ្ទាល់​ពី​អាជ្ញាធរ​ក្នុងភូមិ​ស្រុក​នោះទេ​។​

​អ្នកស្រី លី ចាន់​សុគន្ធា​រី អ្នកលក់​បាយ​នៅ​ព្រះអង្គ​ភ្នំ លើ​ភ្នំ​គូ​លេន បាន​បដិសេដ​ចំពោះ​គម្រោង​ផ្ទេរ​គ្រួសារ​អ្នកស្រី​ពីលើ​ភ្នំ​។ អ្នកស្រី​បន្តថា គ្រួសារ​អ្នកស្រី​ពឹង​អាស្រ័យ​លើ​វិស័យ​ទេសចរណ៍​នៅលើ​ភ្នំ ហើយ​អ្នកស្រី​ព្រួយបារម្ភ​ចំពោះ​ទីតាំង​ថ្មី​។ ទីតាំង​ថ្មី​ដែល​អ្នកស្រី សុគន្ធា​រី ចង់​សំដៅ គឺ​គ្មាន​ទឹក គ្មាន​ភ្លើង គ្មាន​ផ្ទះ ជាពិសេស​គ្មាន​កន្លែង​ប្រកបមុខរបរ​ដូច​សព្វ​ថ្ងៃ​។

​គ្រួសារ​អ្នកស្រី សុគន្ធា​រី បាន​ចូលមក​រស់នៅ​លើ​ភ្នំ​គូ​លេន​តាំងពី​ឆ្នាំ​១៩៩៨​មក​។ អ្នកស្រី​បាន​និយាយ​ក្នុងនាម​ប្រជាពលរដ្ឋ​ទូទៅ​ដែល​ជំទាស់​ចំពោះ​គម្រោង​អភិវឌ្ឍន៍​របស់​រដ្ឋាភិបាល​ថា នឹង​ពិចារណា ប្រសិនណាបើ​មាន​សំណង​សមរម្យ​។ «​បើ​ឲ្យ​គេ​ទៅ​ចេញ​ស្រួលៗ​មិន​បានទេ​។ គេ​ធ្វើ​ផ្ទះ​អស់​រាប់ម៉ឺន​។ បើ​ឲ្យ​ទៅ​កន្លែង​ថ្មី មាន​ដី​២០ ឫ​៣០​ម៉ែត្រ​អត់​ផ្ទះ អត់​ទឹក អត់​មុខរបរ យើង​មិន​ទៅជា​ដាច់ខាត​»​។ នេះ​ជាការ​លើកឡើង​របស់​អ្នកស្រី​អ្នក​បាយ​នៅជាប់​ព្រះអង្គ​ធំ​។​

​ទាំង​ប្រជាពលរដ្ឋ និង​មេឃុំ សុទ្ធសឹង​បញ្ជាក់ថា ពុំទាន់​មាន​ចុះ​សួរនាំ​ចំពោះ​គម្រោង​អភិវឌ្ឍន៍​ភ្នំ​គូ​លេន​នៅឡើយ​។ មេឃុំ​ខ្នងភ្នំ លោក ឈឿ​ម តាំង បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​នៅ​ថ្ងៃទី​១៥ កក្កដា​ថា ពលរដ្ឋ​ភាគច្រើន​មាន​មុខរបរ​ជាមួយ​វិស័យ​ទេសចរណ៍ ហើយ​ពួកគេ​ពុំ​ព្រម​តាម​សំណើរ​ចុះ​ពីលើ​ភ្នំ​ឡើយ​។ លោក ឈឿ​ម តាំង​បន្តថា លោក​នៅ​ពុំទាន់​ទទួលបាន​ឯកសារ​ពាក់ព័ន្ធ​ណាមួយ​ចំពោះ​បញ្ហា​នេះ​នៅឡើយ​។ លោក​បន្ថែមថា​៖« ឮ​តែ​គេ​និយាយ​ដូចគ្នា តែ​អត់​មាន​អ្នកណា​ចុះមក​និយាយ​ជាមួយ​ពលរដ្ឋ​នៅឡើយ​»​។​

​ទោះជា​មកដល់ពេលនេះ ប្រជាពលរដ្ឋ​មិនទាន់​ទទួលដំណឹង និង​ខ្លះ​បាន​បដិសេធ​ចំពោះ​ការ​ផ្តាស់​ប្តូរ​ទីលំនៅ​ពីលើ​ភ្នំ​ក៏ពិតមែន ប៉ុន្តែ​លោក ឈឿ​ម តាំង​បញ្ជាក់ថា លោក​នឹង​សហការ​ជាមួយ​រដ្ឋាភិបាល​។

​ឧទ្យាន​ជាតិ​ព្រះ​ជ័យវរ្ម័ន​-​នរោត្តម មាន​ផ្ទៃដី​ប្រមាណ ៣៧៥០០ ហិកតា ដែល​បច្ចុប្បន្ន ក្រុមហ៊ុន នគរ​គោកធ្លក របស់លោក សៀង ណាំ និង​ទាហាន​ភូមិភាគ​៤ កំពុង​គ្រប់គ្រង​យក​ថ្លៃ​សំបុត្រ​ទស្សនា​។​

​អ្នកនាំពាក្យ​ក្រសួងបរិស្ថាន លោក សៅ សុភាព បាន​និយាយថា គម្រោង​អភិវឌ្ឍន៍​ភ្នំ​គូ​លេន ត្រូវការ​ប្រើពេល​ច្រើន​។ លោក​បន្តថា អាជ្ញាធរ​នឹង​រៀបចំ​ទីតាំង​សមរម្យ​ដល់​ពួកគេ អាច​នៅ​ជើងភ្នំ​គូ​លេន​តែម្តង​។ លោក សុភាព​បញ្ជាក់ថា​គ្រួសារ​ដែល​ត្រូវ​ផ្ទេរចេញ មានគ្រួសារ​កងទ័ព និង​គ្រួសារ​ចំណូល​ថ្មី ដែល​ចូលទៅ​តាំងទី​ខុសច្បាប់ ចំណែក​ប្រជាជន​ចាស់ ពួកគេ​នឹងត្រូវ​រៀបចំ​ឲ្យ​អភិវឌ្ឍន៍​នៅនឹងកន្លែង​។​

​ទាក់ទង​នឹង​បញ្ហា​នេះ កាលពី​ថ្ងៃទី​២៣ ឧសភា អនុគណៈកម្មការ​មួយ​ត្រូវបាន​បង្កើតឡើង​។ អនុគណៈកម្មការ​នេះ គឺ​បង្កើតឡើង​តាម​សំណើរ​របស់​ក្រសួងបរិស្ថាន ដែលមាន​សមាជិក​ចំនួន​២៣​រូប ដែលមាន​អភិបាលខេត្ត​សៀមរាប​លោក ឃឹម ប៊ុន​សុង​ជា​ប្រធាន​។ យោងតាម​ការបង្កើត អនុគណៈកម្មការ​នេះ មាន​តួនាទី សហការ​ជាមួយ​គណៈកម្មការ​គ្រប់គ្រង និង​ដោះស្រាយ​បញ្ហា​ប្រឈម​នៅក្នុង​ឧទ្យាន​ជាតិ​ព្រះ​ជ័យ​វ​រ័​ន្ម​-​នរោត្តម ភ្នំ​គូ​លេន​។ ត្រូវធ្វើ​ជំរឿន​ស្ថិតិ​ប្រជាពលរដ្ឋ និង​លំនៅដ្ឋាន​របស់​ប្រជាជន ដើម្បី​ធ្វើការ​វាយតម្លៃ និង​ដោះស្រាយ​ការផ្ទេរ​ចុះ​ពីលើ​ភ្នំ​នូវ​កងទ័ព គ្រួសារ​កងទ័ព និង​ប្រជាជន​ទាំងអស់ ដែល​កំពុង​តាំង​លំនៅ​ថ្មី និង​រស់នៅ​ជា​លក្ខណៈ​អាណាធិបតេយ្យ​។ កំណត់​ទីតាំង​សម្រាប់​ដោះស្រាយ ធ្វើ​របាយការណ៍​ពី​លទ្ធផល​ការងារ និង​លើក​យោបល់​ទៅ​ថ្នាក់ដឹកនាំ​។​ល​៕


© រក្សាសិទ្ធិដោយ thmeythmey.com