ជាតិ
អាជ្ញាធរ​អំពាវនាវ​ពលរដ្ឋ​ឲ្យ​ចូលរួម​កាត់បន្ថយ​ការបំពុល​បរិស្ថាន​
20, Jul 2016 , 7:39 am        
រូបភាព
ដោយ:
 
​ភ្នំពេញ​៖ អាជ្ញាធរ​ក្រសួងបរិស្ថាន បាន​អំពាវនាវ​ពលរដ្ឋ​ទូទាំងប្រទេស​ឲ្យ​ចូលរួម​កាត់បន្ថយ​ការបំពុល​បរិស្ថាន ដោយ​ចេះ​វេច​ខ្ចប់​កាកសំណល់​រឹង រាវ​ឲ្យ​បាន​ត្រឹមត្រូវ ខណៈពេល​ក្រសួង​ពាក់ព័ន្ធ និង​អង្គការ​អភិវឌ្ឍ​នានា កំពុង​ធ្វើ​សេចក្តីព្រាង យុទ្ធសាស្ដ្រ និង​ផែនការ​សកម្មភាព បរិស្ថាន​ជាតិ ឆ្នាំ ២០១៦-២០២៣ ដើម្បី​កម្ពស់​បរិស្ថាន​។​


​លោក សៅ សុភាព នាយខុទ្ទកាល័យ និង​ជា​អ្នកនាំពាក្យ​ក្រសួងបរិស្ថាន បាន​ជំរុញ​តំណាង​ភាគី​អន្តរក្រសួង និង​អង្គការ​ដៃគូ​អភិវឌ្ឍ​ជាតិ​-​អន្តរជាតិ​ឲ្យ​បន្តការងារ​អប់រំ​ពលរដ្ឋ​ចូលរួម​លើកកម្ពស់​បរិស្ថាន​ជាតិ​បន្ថែមទៀត​។​
 
​លោក​បាន​ថ្លែង​កិច្ចប្រជុំ​លើក​ទី​៤ របស់​ក្រុមការងារ​ចំពោះ​កិច្ច​អន្តរក្រសួង​ការរៀបចំ​ឯកសារ យុទ្ធសាស្ដ្រ និង​ផែនការ​សកម្មភាព​បរិស្ថាន​ជាតិ ឆ្នាំ ២០១៦ ដល់​ឆ្នាំ ២០២៣ នៅថ្ងៃនេះ​ថា ទាំង​អាជ្ញាធរ ពលរដ្ឋ និង​អង្គការ​មិនមែន​រដ្ឋាភិបាល មាន​តួនាទី​រួមគ្នា ក្នុងការ​កាត់បន្ថយ​ការបំពុល បរិស្ថាន ដោយ​ពុំ​អាច​ខ្វះ​បាន​។​
 
​លោក​ជឿជាក់​យ៉ាង​មុតមាំ​ថា ប្រសិនបើ​ពួកគេ​រួមសហការ​គ្នា​ចូលរួម​កាត់បន្ថយ​បញ្ហា​បំពុលបរិស្ថាន​ក្នុង​ទឹក ដី និង​ខ្យល់ ព្រមទាំង​អភិរក្ស​ធនធានធម្មជាតិ​ជីវចម្រុះ​នានា​នោះ កម្ពុជា​នឹងមាន​បរិស្ថាន​ធម្មជាតិ​ស្រស់បំព្រង​ប្រកបដោយ​និរន្តរភាព​។​
 
«​យើង​បាន​អប់រំ​ពលរដ្ឋ​សហគមន៍​មូលដ្ឋាន​ឲ្យ​ចេះ​គ្រប់គ្រង​កាកសំណល់​រឹង រាវ បា្ល​ស្ទីក និង​ធនធានធម្មជាតិ​ទាំងនេះ ឲ្យ​មាន​និរន្ត​ភាព​។ អាជ្ញាធរ​ពុំ​អាចអនុវត្ត​ដោយ​ពុំ​ការចូលរួម​ពី ពលរដ្ឋ​បានទេ​។ បើ​យើង​គ្រប់​គ្រង់​វា​បានល្អ​នោះ វា​នឹង​ការពារ​បាន​សេដ្ឋកិច្ចសង្គម សុខភាព និង​ជីវភាព​ពលរដ្ឋ ធានា​សន្តិសុខ​ទឹក ម្ហូបអាហារ និង​ថាមពល​វារ​អគ្គិសនី​ផងដែរ​»​។ អ្នកនាំពាក្យ​ក្រសួងបរិស្ថាន​ថ្លែង នៅ​ថ្ងៃទី​១៩ ខែកក្កដា ក្នុង​សណ្ឋាគារ​កាំបូឌីយ៉ាណា​។​
 
​ទន្ទឹមគ្នា លោក​បន្តថា ក្រសួង​បានស្នើ​ម្ចាស់​ក្រុមហ៊ុន រោងចក្រ សហគ្រាស​ឧស្សាហកម្ម ត្រូវ​ពិនិត្យ​ផលប៉ះពាល់​នៃ​ការអភិវឌ្ឍ និង​ការវិនិយោគ​ពួកគេ​ផងដែរ  ដើម្បី​កាត់បន្ថយ​ឧស្ម័ន​ផ្ទះ​កញ្ចក់ និង​កាត់បន្ថយ​ការបំពុល​បរិស្ថាន​។​
 
​យ៉ាងណា លោក​សង្កេតឃើញថា ពលរដ្ឋ​មានការ​យល់ដឹង​ច្រើន​ជាមុន ក្រោយពី​ក្រសួង​បាន​អប់រំ​ផ្សព្វផ្សាយ​ជា​សាធារណៈ តាមរយៈ​កិច្ចប្រជុំ​បរិស្ថាន តាម​វិទ្យុ ទូរទស្សន៍ កាសែត ហ្វេ​ស​ប៊ុ​ក កម្មវិធី​អប់រំ​ក្នុង និង​ក្រៅ​ប្រព័ន្ធ​របស់​ក្រសួង​កន្លងទៅ​។ លោក​សង្ឃឹមថា ក្រោយ​ឯកសារ​ព្រាង​បរិស្ថាន​ដែល​ចាប់ផ្តើម​ក្នុង​ខែកញ្ញា ឆ្នាំ​២០១៥ រហូតដល់​ឆ្នាំ ២០១៦ រួចរាល់ វា​នឹង​ជួយ​ជំរុញ​ការលើកកម្ពស់​បរិស្ថាន​បន្ថែមទៀត​។​
 
​ជាមួយគ្នា លោក ពេជ្រ សុ​ខេ​ម អ្នកដឹកនាំ​ក្រុមការងារ​សិក្សា​គោលនយោបាយ​បរិស្ថាន​អន្តរជាតិ ជឿជាក់ថា ការរៀបចំ​យុទ្ធសាស្ត្រ​បរិស្ថាន ស្របតាម​ច្បាប់​ស្តីពី កិច្ចការពារបរិស្ថាន និង​គ្រប់គ្រង​ធនធានធម្មជាតិ​នេះ នឹងចូលរួម​លើកកម្ពស់​បរិស្ថាន​ធម្មជាតិ​កម្ពុជា​បន្ថែមទៀត​។​
 
​តែ​យ៉ាងណា លោក​បានលើកឡើង​ពី​បញ្ហា​ប្រឈម​ក្នុង​ការងារ​លើកកម្ពស់​បរិស្ថាន​នោះ គឺ​ក្រសួង​ពុំមាន​ថវិកា​គ្រប់គ្រាន់ និង​ការបែងចែក​អំណាច​មុខងារ​គ្រប់គ្រង​បរិស្ថាន​ឲ្យ​អាជ្ញាធរ ថ្នាក់ក្រោម​ជាតិ​ស្ថិតក្រោម​ការពិនិត្យ​រប​ស់​ក្រសួង​នៅមានកម្រិត​នៅឡើយ​។​
 
«​ក្រសួង​គួរ​បែងចែក​មុខងារ​ថ្នាក់ក្រោម​ជាតិ​បន្ថែម ព្រោះ​អាជ្ញាធរ​ថ្នាក់ក្រោម​ជាតិ​នៅ​ផ្ទាល់​ជាមួយ​បញ្ហា​។ ពួកគេ​អាច​ជួប​ផ្ទាល់​ជាមួយ​ពលរដ្ឋ​មូលដ្ឋាន ដូចនេះ​ពួកគេ​នឹង​យល់ច្បាស់ ពី​បញ្ហា​»​។ លោក ពេជ្រ សុ​ខេ​ម បញ្ជាក់​៕
 
 

Tag:
 បរិស្ថាន​
  កម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com