ជាតិ
២០១៦​នេះ EU ផ្តល់​អាហារូបករណ៍​ដល់​និស្សិត​កម្ពុ​ជាជាង​៥០​នាក់
20, Jul 2016 , 8:39 pm        
រូបភាព
ដោយ:
​​ភ្នំពេញ​៖ សហភាព​អឺរ៉ុប បានផ្តល់​អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ បរិញ្ញាបត្រ​ជាន់ខ្ពស់ និង​ថ្នាក់​ក្រោយ​បណ្ឌិត ដល់​និស្សិត និង​បុគ្គលិក​សិក្សា​របស់​កម្ពុ​ជាជាង​៥០​រូប នៅ​ឆ្នាំ​២០១៦​នេះ​។  អាហារ​រូបករណ៍​នេះ គឺជា​កម្មវិធី​អាហារូបករណ៍ Erasmus+ ដែល​ឧ​ត្ថ​ម្ភ​មូលនិធិ​ដោយ​សភាព​អឺរ៉ុប​។​



​និស្សិត និង​បុគ្គលិក​សិក្សា​ជាង​៥០​រូប ទទួលបាន​អាហារូបករណ៍​១០០% របស់​សភាព​អឺរ៉ុប ក្រោម​កម្មវិធី​អាហារូបករណ៍ Erasmus+ លើ​ជំនាញ​ចំនួន​១៥ រួមមាន​៖ កសិកម្ម វិទ្យាសាស្ត្រ​សត្វ​និង​អាហារ ធុរៈកិច្ច គីមី ទំនាក់​ទំនាក់ អប់រំ សេដ្ឋកិច្ច បរិស្ថាន វិស្វកម្ម ជលផល ព្រៃឈើ ព័ត៌មានវិទ្យា គ្រប់គ្រង រដ្ឋបាល​សាធារណៈ និង​អភិវឌ្ឍន៍ជនបទ​។  ក្នុងនោះ មាន​ប្រទេស​ចំនួន​១៤ ដូចជា ប្រទេស​អូទ្រីស ប៊ែ​ល​ហ្ស៊ិ​ក សាធារណរដ្ឋ​ឆែក អាល្លឺម៉ង បារាំង ហ្វាំ​ង​ឡង់ អៀរ​ឡង់ អ៊ីតាលី ហុង​គ្រី ហូ​ឡង់ ប៉ូឡូញ ព័រទុយហ្កាល់ អេ​ស្ប៉ា​ញ និង​ស៊ុយអែត​។ 

​លោក George EDGAR ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា បាន​មានប្រសាសន៍ថា  វិស័យ​អប់រំ មាន​តួនាទី​យ៉ាងសំខាន់​ជាងគេ​នៅក្នុង​ប្រទេស​កម្ពុជា ដែល​បាន​កែប្រែ​ប្រទេស​កម្ពុជា ពី​ប្រទេស​អភិវឌ្ឍន៍​តិចតួច ក្លាយជា​ប្រទេស​មានការ​ភិ​វឌ្ឍន៍​ប្រសើរ​មួយកម្រិត​ថែមទៀត​។ លើសពីនេះ វិស័យ​អប់រំ បាន​ជួយ​កសាង​ជំនាញ​ផ្សេងៗ ដើម្បី​អភិវឌ្ឍន៍​សេដ្ឋកិច្ច​នា​សម័យ​ទំនើប និង​បាន​ជួយផ្តល់​មូលដ្ឋាន​សម្រាប់​ប្រជាជន​កម្ពុជា ក្នុង​ជ្រើសរើស​ជំនាញ​ដែល​ខ្លួន​ពេញចិត្ត ដើម្បី​អភិវឌ្ឍន៍​ខ្លួនឯង ព្រមទាំង​ជំរុញ​ពលរដ្ឋ ឲ្យ​ក្លាយជា​ពលរដ្ឋ​ល្អ ក្នុងការ​ចូលរួមចំណែក​អភិវឌ្ឍន៍​ប្រទេសជាតិ​ផងដែរ​។ «​ហេតុនេះហើយ ទើប​សភាព​អឺរ៉ុប ផ្តោត​សំខាន់​ជួយ​ជ្រោមជ្រែង​ប្រទេស​កម្ពុជា​លើ​វិស័យ​អប់រំ​តាំងពី​ឆ្នាំ​២០០៣​មកនេះ ហើយ​យើង​នឹង​រំពឹងថា យើង​នឹង​បន្ត​ជួយ​វិស័យ​អប់រំ​នៅ​ប្រទេស​កម្ពុជា » នេះ​ជាការ​បញ្ជាក់​ពី​របស់លោក ច​ន អេ​ដ​ហ្កា នៅក្នុង​សន្និសីទ​សារព័ត៌មាន នៅការិយាល័យ​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា ក្នុង​រាជធានី​ភ្នំពេញ កាលពី​ល្ងាច​ថ្ងៃទី​១៩ កក្កដា ឆ្នាំ​២០១៦​។ ឯកអគ្គរដ្ឋទូត​សភា​អឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា​រូបនេះ​បន្តថា​៖«​គោលបំណង​ក្នុងការ​បង្កើត​កម្មវិធី​អាហារូបករណ៍ Erasmus+ នេះ គឺ​ដើម្បី​បង្កើត​ផ្សារភ្ជាប់​និស្សិត​នៅ​ប្រទេស​កម្ពុជា​ឬ​ប្រទេស​ផ្សេងៗ ជាមួយ​និស្សិត ឬ​បុ​គ្គិ​លិ​ក​សិក្សា​នៅ​សភាព​អឺរ៉ុប​»​។ លោក​បន្ថែមទៀតថា គោលបំណង នៃ​ការបង្កើត​កម្មវិធី​អាហារូបករណ៍​នេះ គឺ​ដើម្បី​ឲ្យ​និស្សិត​ឬ​បុគ្គលិក​សិក្សា ទទួលបាន​បទពិសោធ និង​ចំណេះដឹង​ថ្មីៗ រវាង​និស្សិត ឬ​បុគ្គលិក​សិក្សា​អឺរ៉ុប និង​កម្ពុជា​។

​លោក ហង់ ជួនណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា បាន​ថ្លែងថា កម្មវិធី​អាហារូបករណ៍ Erasmus+ បានផ្តល់​អាហារូបករណ៍​ដល់​និស្សិត​កម្ពុជា​ប្រមាណ​៥០​នាក់​ក្នុង​មួយឆ្នាំ ហើយ​ក៏មាន​ប្រទេស​នៅ​អឺរ៉ុប​ដូចជា បារាំង អង់គ្លេស​ជាដើម តែងតែ​ផ្តល់​អាហារូបករណ៍​ដោយផ្ទាល់​ផងដែរ​។ លោក​បន្តថា មិនមែន​តែ​និស្សិត​កម្ពុជា​ទេ ដែល​បាន​ទៅ​សិក្សា​នៅ​អឺរ៉ុប តែមាន​និស្សិត​អឺរ៉ុប​នៅ​ឆ្នាំនេះ បានមក​សិក្សា​ផ្នែក​អភិវឌ្ឍន៍​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ផងដែរ​។ «​មាន​និស្សិត​អឺរ៉ុប គេ​មក​រៀន​នៅ​កម្ពុជា​ដែរ ដោយសារ​គេ​យល់ឃើញថា ការរៀន​ពី​ប្រទេស​កំពុងអភិវឌ្ឍន៍​នៅ​អាស៊ី យល់​ល្អ គួរ​មក​រៀន​នៅ​ប្រទេស​កម្ពុជា ដូច្នេះ យើង​មាន​កម្មវិធី​ផ្លាស់ប្តូរ​និស្សិត​ឲ្យ​ទៅ​សិក្សា​ពីគ្នា​ទៅវិញទៅមក​» នេះ​ការបញ្ជាក់​របស់ លោក ហង់ ជួនណា​រ៉ុ​ន​។ ថ្លែង​នៅ​ពិធី​ជូន​ដំណើរ​ជ័យលាភី​អាហារូបករណ៍​សហភាព​អឺរ៉ុប​កាលពី​ល្ងាច​ថ្ងៃ​១៩ កក្កដា នៅ​ការិយាល័យ​សហភាព​អឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា លោក ហង់ ជួនណា​រ៉ុ​ន បាន​បន្តថា ក្រៅពី​ការផ្តល់​អាហារូបករណ៍ សហភាព​អឺរ៉ុប គឺជា​ដៃគូ​អភិវឌ្ឍន៍​មួយ​យ៉ាងសំខាន់​សម្រាប់​កំណែទម្រង់​វិស័យ​អប់រំ និង​កំណែទម្រង់​ហិរញ្ញវត្ថុ​សាធារណៈ​នៅ​កម្ពុជា​ផងដែរ​។

​គួរ​បញ្ជាក់ថា ចាប់តាំងពី​ឆ្នាំ​២០០៥ ដល់​ឆ្នាំ​២០១៥ កម្មវិធី​អាហារូបករណ៍ Erasmus+ បានផ្តល់​អាហារូបករណ៍​ដល់​និស្សិត​កម្ពុជា​ប្រមាណ​ជាង​៥០០​នាក់ ដើម្បី​ទៅ​សិក្សា និង​បង្រៀន​នៅ​បណ្តា​ប្រទេស​នានា​ក្នុង​ទ្វីបអឺរ៉ុប​៕  


Tag:
 EU
  អាហារូបករណ៍
© រក្សាសិទ្ធិដោយ thmeythmey.com