ជាតិ
GMAC ហួសចិត្ត​នឹង​សំណើរបស់​ប្រធាន​បក្សប្រឆាំង​ទៅកាន់​សហគមន៍​អឺរ៉ុប
20, Jul 2016 , 9:39 pm        
រូបភាព
 ភ្នំពេញ​៖ សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា (GMAC) សម្ដែង​ការជំទាស់​ចំពោះ​ការអំពាវនាវ​របស់ ឯកឧត្តម សម រង្ស៊ី កាលពីពេល​ថ្មីៗ ដែល​ឲ្យ​សហគមន៍​អឺរ៉ុប​បិទ​ទីផ្សារ​នាំចូល​វាយ​ន​ភណ្ឌ​របស់​កម្ពុជា​។ តំណាង GMAC  ឲ្យ​ដឹងថា បើ​អឺរ៉ុប​បន្ថយ​ការ​នាំចូល​សម្លៀកបំពាក់​ពី​កម្ពុជា​មែន នោះ​នឹងធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កម្មករនិយោជិត​មុនគេ​។​



​នៅក្នុង​សេចក្ដីប្រកាស​ដែល​ចុះ​ថ្ងៃទី​២០​ខែកក្កដា លោក ខេន លូ អគ្គលេខាធិកា GMAC ថ្លែងថា​៖«​សហភាព​អឺរ៉ុប​គឺជា​ទីផ្សារ​ធំ​បំផុត សម្រាប់​ការនាំចេញ​សម្លៀកបំពាក់​របស់​កម្ពុ​ជា ហើយ​បើ​សហភាព​អឺរ៉ុប​ចាត់វិធានការ​ណាមួយ​ដើម្បី​បន្ថយ​ការ​នាំចូល​មានន័យ​ស្មើនឹង​ការ​វាយ​បំបែក​ឆ្នាំងបាយ​របស់​ក​ម្មករ​យ៉ាង​ដូច្នោះ​ដែរ​»​។​

​លោក​បន្ថែមថា​៖«​កម្មករ​អាច​នឹង​បាត់បង់​ការងារ​ធ្វើ ខណៈដែល​និយោជក​អាច​នឹងត្រូវ​រើ​អាជីវកម្ម​របស់ខ្លួន​ចេញពី​កម្ពុជា ដោយសារតែ​ពួកគេ​លែង​អាច​នាំចេញ​ផលិតផល​របស់ខ្លួន​ទៅ​សហភាព​អឺរ៉ុប​បាន​ទៀត​»​។​

​អគ្គលេខាធិការ GMAC រូបនេះ​ចាត់ទុក​ការលើកឡើង​របស់​ឯក​ឧ​ត្ត​ម សម រង្ស៊ី ថា​នឹងធ្វើ​ឲ្យ​មាន​ការមិនសប្បាយចិត្ត​ពី​កម្មករ និង​និយោជក​។​

​ជាមួយគ្នានេះ GMAC ក៏​អំពាវនាវ​ឲ្យ​មាន​កិច្ចខិតខំ​ប្រឹងប្រែង​រួមគ្នា​ពី​ភាគី​ពាក់ព័ន្ធ​ទាំងអស់ ដើម្បី​លើកកម្ពស់​ឧស្សាហកម្ម​វាយ​ន​ភណ្ឌ​កម្ពុជា ខណៈ​មានការ​ប្រកួតប្រជែង​ទីផ្សារ​កាន់តែខ្លាំង​ឡើង​ក្នុង​វិស័យ​មួយ​នេះ​៕


Tag:
 GMAC
  សម រង្ស៊ី​
© រក្សាសិទ្ធិដោយ thmeythmey.com