ជាតិ
ផ្សារ​ផលិតផល​ខ្មែរ​ដូរ​ទីតាំង​ថ្មី​មក​ជិត​តំបន់​ផ្សារ​ចាស់​
21, Jul 2016 , 8:39 am        
រូបភាព
 ​សៀមរាប​៖ ក្រោយពី​ដំណើរ​ការលក់​នៅលើ​សួនច្បារ​ក្នុង​សណ្ឋាគារ​ផ្កាយ​៤​អស់​រយៈពេល ៣​ឆ្នាំ​រួចមក ផ្សារ​ផលិតផល​កម្ពុជា បាន​ដូរ​ទីតាំង​ថ្មី មក​នៅក្បែរ​តំបន់​ផ្សារ​ចាស់​វិញ​។ ការសម្រេច​ដូរ​ទីតាំង​នេះ បើតាម​អ្នកគ្រប់គ្រង គឺជា​ផ្នែក​មួយ​ក្នុងការ​ទាក់ទាញ​ភ្ញៀវទេសចរ ដែល​ប្រមូលផ្តុំ​ច្រើន​នៅ​ផ្សារ​ចាស់ កណ្តាល​ក្រុង​សៀមរាប​។​

 
​អ្នកគ្រប់គ្រង​ទូទៅ​នៃ​ផ្សារ​ផលិតផល​កម្ពុជា លោក អ៊ុន សុវណ្ណ បាន​ប្រាប់​ពី​ហេតុផល​ចំពោះ​ការដូរ​ទីតាំង​ថ្មី​នេះ​។ តាម​ការបញ្ជាក់ ហេតុផល​ដោយសារ​សណ្ឋាគារ​សិ​ន្តា​មុន្នី យក​ទីតាំង​ដែល​ផ្តល់​ឲ្យ​នោះ ទៅប្រើ​ប្រាស់​វិញ​។ យ៉ាងណា លោក សុវណ្ណ​មិនបាន​បញ្ជាក់​លម្អិត​នោះទេ ដោយ​លោក​គ្រាន់តែ​បន្តថា ចៃដន្យ​អ្នកគ្រប់គ្រង​មជ្ឈមណ្ឌល​ឃី​ង​រ៉ូ​ដ ចាប់អារម្មណ៍​ចំពោះ​ផ្សារ​ផលិតផល​កម្ពុជា​។​
 
​មជ្ឈមណ្ឌល​ឃី​ង​រ៉ូ​ដ គឺជា​តំបន់​ផ្សារ​ចម្រុះ និង​ភោជនីយដ្ឋាន​ម៉ាក​ល្បីៗ ដែល​បាន​បើក​ដំណើរ​ជាង​២​ឆ្នាំ​មកហើយ នៅ​ខាងត្បូង​ផ្សារ​ចាស់ ខេត្តសៀមរាប​។ តំបន់​នេះ​ទទួលបាន​ការចាប់អារម្មណ៍​ច្រើន​ពី​ភ្ញៀវទេសចរ​បរទេស ក្នុង​តំបន់​ដែល​រៀបចំ​បែប​បុរាណ លាយ​សម័យមួយ​នេះ​។​
 
​លោក អ៊ុន សុវណ្ណ បាន​ឲ្យ​ដឹង​បន្ថែមថា អ្នកគ្រប់គ្រង​ឃី​ង​រ៉ូ​ដ បានផ្តល់​ទីតាំង​ធំ​ទូលាយ​សម្រាប់​បង្កើត​ផ្សារ​ផលិតផល​ខ្មែរ ហើយ​លោក​រំពឹងថា ផ្សារ​នេះ​ជា​ចំណែក​ដ៏​សំខាន់ ក្នុងការ​ទាក់ទាញ​ភ្ញៀវ​ឲ្យ​មក​កម្សាន្ត​ឃី​ង​រ៉ូ​ដ​។ «​ដំណាក់កាល​ដំបូង យើង​នឹង​ដំណើរការ​ក្នុង​ឃី​ង​រ៉ូ​ដ​រយៈពេល​១​ឆ្នាំ ប្រសិន​វា​ដំណើរការ​បានល្អ នោះ​យើង​នឹងធ្វើ​វា​បន្តទៀត​»​។​
 
​សម្រាប់​ទីតាំង​ថ្មី​នេះ ផ្សារ​ផលិតផល​កម្ពុជា​នឹង​ចាប់ផ្តើម​បើក​ដំណើរការ​នៅ​ថ្ងៃទី​២៣ កក្កដា ឆ្នាំ​២០១៦​។ តាម​ការ​ឲ្យ​ដឹង​ពី​លោក សុវណ្ណ សព្វថ្ងៃ​មាន​អាជីវ​ករចាស់ និង​ថ្មី​ចំនួន ៥០​រូប​ហើយ ដែល​បាន​ចុះឈ្មោះ​លក់​ក្នុង​ផ្សារ​មួយ​នេះ ហើយ​លោក​ជឿជាក់ថា នឹងមាន​អាជីវករ​ថ្មី​បន្ថែមទៀត នៅពេលដែល​ការរៀបចំ​ស្តង់​ថ្មី រួចរាល់​ជា​បន្តបន្ទាប់​។​
 
​ផ្សារ​ផលិតផល​កម្ពុជា​បង្កើត​ឡើង​នៅ​ឆ្នាំ​២០១៣ ដោយ​គំនិត​ផ្តួចផ្តើម​ដោយ​អតីត​អ្នកគ្រប់គ្រង​សណ្ឋាគារ សិ​ន្តា​មុន្នី​។ ផ្សារ​នេះ​ប្រមូលផ្តុំ​ដោយ​សម្ភារ​ដែល​ធ្វើ​ដោយ​ដៃ និង​ជា​ផលិតផល​ក្នុងស្រុក​តែមួយ​នៅ​ខេត្តសៀមរាប​។ ផលិតផល​ទាំងនោះ​រួមមាន ក្រមា វត្ថុ​អនុស្សាវរីយ៍ គំនូរ​លើ​ផ្ទាំង​ក្រណាត់ គំនូរ​គ្រាប់​អង្ករ ស្រា អាហារ និង​ការច្នៃ​ថង់​ប្លា​ស្ទិ​ត​ជា​សំលៀកបំពាក់​ជាដើម​។​ល​៕

© រក្សាសិទ្ធិដោយ thmeythmey.com