ជាតិ
សហភាព​អឺរ៉ុប ពន្យារពេល​ផ្តល់​សម្ភារ​បច្ចេកទេស​ដ​ល់គ​.​ជ​.​ប​
20, Jul 2016 , 11:39 pm        
រូបភាព
​ភ្នំពេញ​៖ តាម​ការគ្រោងទុក សហភាព​អឺរ៉ុប ត្រូវ​ផ្តល់ជំនួយ​ផ្នែក​សម្ភារ​បច្ចេកទេស ទៅ​ឲ្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ដែល​ហៅ​កាត់​ថា គ​.​ជ​.​ប នៅ​ថ្ងៃទី​១៥ ខែកក្កដា​នេះ​។ ប៉ុន្តែ​គម្រោង​នេះ ត្រូវបាន​ខកខាន ដោយ​សហភាព​អឺរ៉ុប សុំ​លើក​ពេល​ទៅ​ថ្ងៃក្រោយ​វិញ​។​


 
​គ​.​ជ​.​ប នៅតែ​បន្ត​រង់ចាំ​ឧបករណ៍​បច្ចេកទេស ដែលជា​ជំនួយ​របស់​សហភាព​អឺរ៉ុប​។ សភាព​អឺរ៉ុប បាន​ស្នើសុំ​ពន្យារពេល ក្នុងការ​បញ្ជូន​សម្ភារ​បច្ចេកទេស ទៅកាន់​គ​.​ជ​.​ប ក្នុង​ខែកក្កដា​នេះ​។ នេះ​ជាការ​លើកឡើង​របស់លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ​របស់​គជ​ប ដែល​បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​។

​ម្យ៉ាងទៀត លោក ហង្ស ពុទ្ធា ក៏​មិនអាច​បញ្ជាក់ថា សហភាព​អឺរ៉ុប នឹង​ផ្តល់​សម្ភារ​ទាំងនោះ ដល់គ​.​ជ​.​ប​នៅពេលណា​ឲ្យ​ជាក់លាក់​នោះទេ​។ លោក​គ្រាន់តែ​បង្ហើប​ថា សភាព​អឺរ៉ុប ទំនងជា​ពន្យារពេល រហូត​ផុត​ខែកក្កដា​នេះ ទើប​ប្រគល់​សម្ភាប​ច្ចេកទេស ជូ​នគ​.​ជ​.​ប​។ លោក បញ្ជាក់​បែបនេះ​ថា​៖«​ខ្ញុំ​ក៏​មិនទាន់​ដឹង​ដែរ តែ​ប្រហែលជា​ដាច់​ខែ​នេះហើយ​មើលទៅ​»​។

​បើតាម​ការអះអាង​រប​ស់លោក ហង្ស ពុទ្ធា កន្លងមក ឧបករណ៍​បច្ចេកទេស​ដែល​សភាព​អឺរ៉ុប នឹង​ប្រគល់​ឲ្យ​គ​.​ជ​.​ប មានដូចជា កំ​ព្យូ​ទ័​រ​, ឧបករណ៍​ស្កេ​ន​មេដៃ​, កាមេរ៉ា​សុវត្ថិភាព (Security Camera), ឧបករណ៍​ផ្ទុក​ភ្លើង (Power Bank), ឧបករណ៍​ភ្ជាប់​អិន​ធើ​ណិ​ត និង ម៉ាស៊ីនភ្លើង ជាដើម​។ អ្នកនាំពាក្យ​រូបនេះ ក៏​ធ្លាប់​លើកឡើង​ដែរ​ថា នៅពេល​គ​.​ជ​.​ប ទទួលបាន​សម្ភារ​ខាងលើ​រួចហើយ ដំណើរ​ការរៀប​ចំការ​បោះឆ្នោត នឹង​ប្រព្រឹត្តទៅ​កាន់តែ​រលូត​។

​លោក ហង្ស ពុទ្ធា បន្តទៀតថា ធនធានមនុស្ស​និង​ថវិកា មិនមែនជា​ឧបសគ្គ​សម្រាប់​គ​.​ជ​.​ប ទៀត​នោះទេ​។ លោក មានប្រសាសន៍ថា គ​.​ជ​.​ប មានលទ្ធភាព​គ្រប់គ្រាន់​ក្នុងការ​ស្វែងរក​បុគ្គលិក​ប្រមាណ​ជា​៧​ពាន់​នាក់ ដែល​ចេះ​ប្រើប្រាស់​កំ​ព្យូ​ទ័​រ ដើម្បី​បម្រើ​ការងារ​ទាក់ទង​នឹង​ការបោះឆ្នោត នា​អាណត្តិ​ក្រោយ​។ ជាងនេះទៀត គ​.​ជ​.​ប ក៏បាន​ត្រៀម​ថវិកា​ចំនួន​២៣​លាន​ដុល្លារ​ផងដែរ ដើម្បី​ចាយវាយ​ក្នុងអំឡុងពេល​នៃ​ការចុះឈ្មោះ​បោះឆ្នោត​ថ្នាក់ឃុំ​-​សង្កាត់ នាពេលខាងមុខ​។​

​រហូតមកដល់​ពេលនេះ គ​.​ជ​.​ប បាន​សេចក្តីជូនដំណឹង​ជា​ផ្លូវការ​ហើយ ជុំវិញ​កាលបរិច្ឆេទ​នៃ​ការចុះឈ្មោះ​បោះឆ្នោត​។ យោងតាម​សេចក្តីជូនដំណឹង  គ​.​ជ​.​ប នឹង​ចាប់ផ្តើម​ចុះឈ្មោះ​បោះឆ្នោត នៅ​ថ្ងៃទី​១ កញ្ញា ឆ្នាំ​២០១៦ តទៅ​៕


Tag:
 គជប​
  សហភាព​អឺរ៉ុប​
  ជំនួយ
© រក្សាសិទ្ធិដោយ thmeythmey.com