អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ក្រុមសាធារណរដ្ឋបិទសន្និបាតបក្ស ខណៈលោក ត្រាំ បន្តវាយប្រហារលោកស្រី គ្លីនតុន
22, Jul 2016 , 12:32 pm        
រូបភាព
 
 
គណបក្សសាធារណរដ្ឋ បានបិទបញ្ចប់សន្និបាតបក្សរបស់ខ្លួនហើយ ដោយលោក ដូណាល់ ត្រាំ នឹងចាប់ដៃគ្នាជាមួយអភិបាលរដ្ឋ Indiana លោក Mike Pence ធ្វើដំណើរទៅកាន់ការបោះឆ្នោតប្រធានាធិបតីខែវិច្ឆិកា។ យ៉ាងណាក្ដី បេក្ខជនប្រធានាធិបតីរូបនេះ មិនភ្លេចនិយាយវាយប្រហារលើលោកស្រី ហ៊ីឡារី គ្លីនតុន ដែលនឹងត្រូវតែងតាំងជាបេក្ខជនប្រធានាធិបតីនៃបក្សប្រជាធិបតេយ្យនោះទេ។

 
លោក ដូណាល់ ត្រាំ (Donald Trump) បានប្រកាសទទួលការតែងតាំងពីបក្សសាធារណរដ្ឋ ជាបេក្ខជនប្រធានាធិបតីជាផ្លូវការ និងបានសន្យាពង្រឹងច្បាប់ និងសណ្ដាប់ធ្នាប់ នៅអាមេរិកឡើងវិញ។ លោក ដូណាល់ ត្រាំ ប្រកាសដូចនេះ ក្នុងពិធីបិទបញ្ចប់សន្និបាតគណបក្សសាធារណរដ្ឋរយៈពេលបួនថ្ងៃ នៅទីក្រុង Cleveland នៅថ្ងៃទី២១ ខែកក្កដា ដែលបានបង្ហាញពីការរួបរួមគ្នារវាងសមាជិកបក្សចំពោះបេក្ខភាពលោក ត្រាំ។
 
ថ្លែងក្នុងពិធីដដែលនោះ បេក្ខជនប្រធានាធិបតីរូបនេះ ក៏សន្យាដឹកនាំបក្សសាធារណរដ្ឋឆ្ពោះទៅកាន់សេតវិមាន និងផ្ដល់អាទិភាពលើផលប្រយោជន៍អាមេរិកមុនគេ។ ដោយលើកឡើងពីអំពើហិង្សា និងការបាញ់បោះ ដែលតែងតែកើតឡើងក្នុងសង្គមអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសដែរថា ឧក្រិដ្ឋកម្ម និងសកម្មភាពហិង្សាទាំងនោះ នឹងត្រូវដល់ទីបញ្ចប់។ លោក បន្តថា ចាប់ពីថ្ងៃទី២០ ខែមករា ឆ្នាំ២០១៧ ដែលជាថ្ងៃប្រធានាធិបតីថ្មីស្បថចូលកាន់តំណែង សុខសុវត្ថិភាពនឹងត្រូវបានស្ដារឡើងវិញ។
 
យ៉ាងណាមិញ សេដ្ឋីអចលនទ្រព្យរូបនេះ ក៏មិនភេ្លចរិះគន់ដៃគូប្រជែងរបស់លោក គឺលោកស្រី ហ៊ីឡារី គ្លីនតុន។ បើតាមទីភ្នាក់ងារព័ត៌មាន Reuters លោក ត្រាំ បានចោទប្រកាន់អតីតរដ្ឋមន្ត្រីការបរទេស ចំពោះវិនាសកម្ម និងការបាត់បង់ជីវិត ក្នុងពេលលោកស្រីកាន់តំណែង។ លោក បញ្ជាក់ថា អ្វីដែលលោកស្រី គ្លីនតុន បានធ្វើនៅលីប៊ី អេហ្ស៊ីប និងស៊ីរី បានធ្វើឲ្យស្ថានការណ៍កាន់តែអាក្រក់ឡើង។ 
 
បន្ថែមលើនេះ លោក ដូណាល់ ត្រាំ ក៏បានបន្ទោសបេក្ខជនបក្សប្រជាធិបតេយ្យ ចំពោះការកើនឡើងឥទ្ធិពលក្រុមរដ្ឋឥស្លាម ក៏ដូចជាព្រលះធ្ងន់ដល់លោកស្រី គ្លីនតុន ដែលចង់ទទួលជនភៀសខ្លួនស៊ីរីទៀតផង។ លោកសង្កត់ធ្ងន់ថា សង្រ្គាម១៥ឆ្នាំនៅមជ្ឈិមបូព៌ា ជាមួយនឹងការចំណាយរាប់ពាន់លានដុល្លារ ស្ថានការណ៍កាន់តែអាក្រក់  ហើយអ្វីដែលបានបន្សល់ទុក គឺការស្លាប់ និងការបំផ្លិចបំផ្លាញគ្រប់កន្លែង។  
 
ជាមួយគ្នានោះ បេក្ខជនសាធារណរដ្ឋ ក៏ចោទប្រកាន់លោកស្រី គ្លីនតុន ថាជាអាយ៉ងរបស់ក្រុមពាណិជ្ជកម្មធំៗ និងម្ចាស់ជំនួយ ដែលចង់រក្សាប្រព័ន្ធនយោបាយបច្ចុប្បន្ន។ លោកថ្លែងទៅកាន់អ្នកចូលរួមសន្និបាតទៀតថា ដោយសារហេតុនេះទើបលោកស្រី គ្លីនតុន តែងផ្ញើសារដដែល ប៉ុន្តែសាររបស់លោក គឺអ្វីៗត្រូវតែផ្លាស់ប្ដូរ និងផ្លាស់ប្ដូរពេលនេះតែម្ដង៕         
 
   
  
 
 

Tag:
 អាមេរិក
  Donald Trump
© រក្សាសិទ្ធិដោយ thmeythmey.com