អន្តរជាតិ
អាស៊ាន ប្តេជ្ញា​ពង្រឹង «​ការរួបរួម សាមគ្គីភាព និង​ភាពជា​ស្នូល​»​រវាង​គ្នា
26, Jul 2016 , 5:03 pm        
រូបភាព
ដោយ:
​បន្ទាប់ពី​ការចេញ​សេចក្តីថ្លែងការណ៍​រួម​នៃ​រដ្ឋមន្ត្រីការបរទេស​លើក​ទី​៤៩​ដោយ​ជោគជ័យ រដ្ឋមន្ត្រីការបរទេស​អាស៊ាន បានចេញ​សេចក្តីថ្លែងការណ៍​រួមមួយ​ថ្មី​បន្ថែម​ដោយ​មិន​បញ្ជាក់​ពី​បញ្ហា​ជាក់លាក់​អ្វី​នោះទេ តែ បង្ហាញ​ពី​ការប្តេជ្ញាចិត្ត​របស់​សមា​ជិ​ក​អាស៊ាន​ទាំង​ដប់​ក្នុងការ​បន្ត​លើ​មាគ៌ា​តែមួយ​ជាមួយនឹង​គ្នា​។



​រដ្ឋមន្ត្រីការបរទេស នៃ​សមាជិក​អាស៊ាន បានចេញ​សេចក្តីថ្លែងការណ៍​មួយ​ដែល​បាន​ចុះផ្សាយ​នៅ​ថ្ងៃទី​២៦​ខែកក្កដា​នេះ​ស្តីពី​ការរក្សា​សន្តិភាព សន្តិសុខ និង​ស្ថិរភាព​នៅក្នុង​តំបន់​។ សេចក្តីថ្លែងការណ៍ បាន​បញ្ញត្តិ​ពី​ការប្តេជ្ញាចិត្ត​ជាថ្មី​រវាង​បណ្តា​សមាជិក​ទាំងអស់​ក្នុងការ​បន្តដំណើរ​ទៅមុខ​រួម​ជាមួយនឹង​គ្នា​។​

​សេចក្តីថ្លែងការណ៍​ដែលមាន​កម្រាស់​ត្រឹម​មួយ​ទំព័រ​ប៉ុណ្ណោះ បាន​បញ្ជាក់ថា អាស៊ាន បាន​ប្តេជ្ញា​ធានា​ឲ្យ​អាស៊ីអាគ្នេយ៍ និង​តំបន់​ជុំវិញ នៅតែមាន​សន្តិភាព ស្ថិរភាព និង​សន្តិសុខ​នៅក្នុង​តំបន់​។ ប្រទេស​ទាំងអស់ ក៏បាន​ប្តេជ្ញា​លើក​កម្ពល់​ពី​ផលប្រយោជន៍​រួម​រវាង​ទំនាក់ទំនង​នៃ​បណ្តា​សមាជិក​ដើម្បី​រក្សា​ឲ្យ​បាន​សន្តិភាព សន្តិសុខ និង​ស្ថិរភាព និង​សុខដុមរមនា​ជាមួយនឹង​រដ្ឋ​នៅក្នុង​តំបន់ និង​សហគមន៍​អន្តរជាតិ​ផងដែរ​។​

​នៅក្នុង​សេចក្តីថ្លែងការណ៍​ដដែល ក៏បាន​អះអាង​ពី​ការប្តេជ្ញាចិត្ត​របស់​សមា​ជិ​ក​អាស៊ាន​ក្នុង​ការបន្ត​អនុវត្ត​ធម្មនុញ្ញ​អង្គការសហប្រជាជាតិ ធម្មនុញ្ញ​អាស៊ាន និង​សន្ធិសញ្ញា​មិត្តភាព និង​សហប្រតិបត្តិការ​នៅក្នុង​អាស៊ីអាគ្នេយ៍​ជាដើម​។ បន្ថែម​ពីនេះ អាស៊ាន ក៏បាន​អះអាង​ជាថ្មី ពី​ការគោរព​នូវ​គោលជំហរ​របស់​អាស៊ាន​ដែល​បញ្ជាក់​នៅក្នុង​សេចក្តីថ្លែងការណ៍​រួម​នៃ​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​លើក​ទី​៤៩ ដែល​បានចេញ​ផ្សាយ​នៅ​ថ្ងៃទី​២៥ ខែកក្កដា​ម្សិលមិញ​។

​ជាពិសេស​នោះ សមាជិកសមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ ឬ​ហៅ​អាស៊ាន ក៏បាន​ប្តេជ្ញា «​ពង្រឹង​ការរួបរួម សាមគ្គីភាព និង​ភាពជា​ស្នូល និង​ទទូច​ឲ្យ​រដ្ឋ​ដទៃ​គោរព​បទដ្ឋាន និង​គោលការណ៍​របស់​អាស៊ាន​ផងដែរ​»​។

​សូម​រម្លឹក​ផងដែរ​ថា សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ ឬ​ហៅថា​កាត់​ថា​អាស៊ាន ត្រូវបាន​បង្កើត​ឡើងជា​ផ្លូវការ​នៅ​ឆ្នាំ​១៩៦៧ ដោយ​ស្ថាបនិក​ប្រាំ​ប្រទេស​រួមមាន ឥណ្ឌូនេស៊ី ម៉ាឡេស៊ី សិង្ហ​បុរី ហ្វីលីពីន និង​ថៃ​។ បច្ចុប្បន្ន​អាស៊ាន​មាន​សមាជិក​សរុប​ទាំងអស់​ដប់​ប្រទេស​ដែល​បន្ថែម​ពីលើ​ស្ថាបនិក​រួមមាន ព្រុយ​ណេ វៀតណាម មី​យ៉ាន់​ម៉ា ឡាវ និង​កម្ពុជា​។ ទី​ម័​រ​ខាងកើត កំពុងស្ថិត​នៅក្នុង​នីតិវិធី​នៃ​ការអង្កេត និង​វាយតម្លៃ​ពី​ក្រុមការងារ​អាស៊ាន​ដើម្បី​អាច​ក្លាយជា​សមាជិក​ទី​១១​នៃ​អាស៊ាន​៕


Tag:
 អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com