អន្តរជាតិ
ចិន​-​មី​យ៉ាន់​ម៉ា សន្យា​ពង្រឹង​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ជាច្រើន​ជាមួយគ្នា​
19, Aug 2016 , 4:56 pm        
រូបភាព
ដោយ:
​រដ្ឋាភិបាល​ក្រុង​ប៉េកាំង និង​រដ្ឋាភិបាល​ក្រុង​រ៉ង​ហ្គូ​ន បាន​សន្យា​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​ជាមួយនឹង​គ្នា​លើ​ការកសាង​ទំនុកចិត្ត​ផ្នែក​នយោបាយ និង​ចំណង​សេដ្ឋកិច្ច ក៏ដូចជា​បង្ហាញ​ឆន្ទៈ​ក្នុង​ធ្វើការ​ជាមួយគ្នា​ឡើងវិញ​លើ​គម្រោង​វា​រី​អគ្គិសនី​ដែល​ស្ថិតក្រោម​កិច្ចប្រតិបត្តិការ​ទ្វេភាគី​ដែល​បាន​ផ្អាក​តាំងពី​ឆ្នាំ​២០១១​មក​។ កិច្ចព្រមព្រៀង​នេះ ត្រូវបាន​ធ្វើឡើង​នាឱកាស​នៃ​ដំណើរ​ទស្សនកិច្ច​របស់​លោកស្រី​ទីប្រឹក្សា​រដ្ឋ​មី​យ៉ាន់​ម៉ា​ទៅកាន់​មហា​ចិន​។



​លោកនាយក​រដ្ឋមន្ត្រី​ចិន លី ឃឺ​ឈាង ដែល​បាន​ស្វាគមន៍​ជាមួយនឹង​កម្រាលព្រំ​ពណ៌​ក្រហម នៅ​ថ្ងៃទី​១៨ ខែសីហា​ម្សិលមិញ បាន​ថ្លែង​ទៅកាន់​លោកស្រី​ទីប្រឹក្សា​រដ្ឋ​មី​យ៉ាន់​ម៉ា អ៊ុង​សាន ស៊ូ​ជី ថា ចិន ពិត​ជាមាន​ឆន្ទៈ​ក្នុងការ​ផ្សាភ្ជាប់​យុទ្ធសាស្ត្រ​របស់ខ្លួន​ជាមួយនឹង​មី​យ៉ាន់​ម៉ា ដើម្បី​សហប្រតិបត្តិការ​លើ​វិស័យ​ស្នូល និង​បង្កើន​គម្រោង​ធំៗ​ដូចជា គម្រោង​ត​ភ្ជាប់​ប្រេង និង​ឧស្ម័ន និង​គម្រោង​ទំនប់​វា​រី​អគ្គិសនី Myitson ផងដែរ​។


​ទំនប់ Myitson គឺជា​គម្រោង​ទំនប់​ថាមពល​វា​រី​អគ្គិសនី​ដ៏​ធំ​មួយ​របស់​មី​យ៉ាន់​ម៉ា​ដែល​ស្ថិតក្រោម​កិច្ចសហប្រតិបត្តិការ​ជាមួយនឹង​ចិន​។ គម្រោង​ដែលមាន​ទំហំ​វិនិយោគ​រហូតដល់​ជាង​បី​ពាន់​ដុល្លារ​នេះ បានចាប់ផ្តើម​តាំងពី​ឆ្នាំ​២០០៩ និង​ផ្អាក​វិញ​នៅ​ឆ្នាំ​២០១១ ក្នុងពេលដែល​លោក​អតីត​ប្រធានាធិបតី​មី​យ៉ាន់​ម៉ា លោក ថេ​ន សេន ឡើងកាន់​អំណាច​។ ការផ្អាក​នេះ ក៏​ជា​ផ្នែក​មួយ​នៃ​ភាពចម្រូងចម្រាស​ក្នុងស្រុក​របស់​មី​យ៉ាន់​ម៉ា ដោយមាន​ការខ្វែងគំនិត​គ្នា​ពី​ក្រុម​ឧទ្ទាម​ទាហាន​ឯករាជ្យ ដែល​បានបង្ហាញ​គោលជំហរ​ជំទាស់​ខ្លាំង​នោះ ដោយ​ចោទថា​ចិន បាន​បំពាន​។

​យ៉ាងណាក៏ដោយ លោក​អនុរដ្ឋមន្ត្រី​ការបរទេស​ចិន Liu Zhenmin បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​ក្រោយ​កិច្ចប្រជុំ​ថា លោកស្រី​ទីប្រឹក្សា​រដ្ឋ និង​ជា​រដ្ឋមន្ត្រីការបរទេស​មី​យ៉ាន់​ម៉ា បាន​អះអាងថា រដ្ឋាភិបាល​លោកស្រី នឹង​បង្កើត​គណៈកម្មាធិការ​អង្កេត​ការណ៍​មួយ​ដើម្បី​ស្វែងរក​ដំណោះស្រាយ​នេះ​។

​យោងតាម​កាសែត​រដ្ឋ​ចិន China Daily នា​ជំនួប​ជាមួយនឹង​លោកនាយក​រដ្ឋមន្ត្រី លី ឃឺ​ឈាង លោកស្រី អ៊ុង​សាន ស៊ូ​ជី បាន​បញ្ជាក់ថា រដ្ឋាភិបាល​ថ្មី​មី​យ៉ាន់​ម៉ា ពិតជា​ផ្តល់​តម្លៃ​ខ្ពស់​លើ​ចំណងមិត្តភាព​ជាមួយនឹង​ចិន ហើយ​ប្តេ​ជា្ញ​បង្កើន​ទំនាក់ទំនង​ឲ្យ​កាន់តែ​ល្អប្រសើរ​តាមរយៈ​ការផ្លាស់ប្តូរ​មន្ត្រីជាន់ខ្ពស់​, បង្កើន​ទំនុកចិត្ត​នយោបាយ សហប្រតិបត្តិការ​តាម​ព្រំដែន​លើ​វិស័យ​ពាណិជ្ជកម្ម និង​កសិកម្ម ក៏ដូចជា​រក្សា​ស្ថិរភាព​តាម​តំបន់​ព្រំដែន​។ ជាមួយគ្នា​នោះ លោកស្រី ក៏​ឆ្លៀត​អញ្ជើញលោក​នាយករដ្ឋមន្ត្រី​លី បំពេញ​ទស្សនកិច្ច​នៅ​មី​យ៉ាន់​ម៉ា​ផង​ង​ដែរ​។


​សូម​ជម្រាប​ផងដែរ​ថា លោកស្រី អ៊ុង​សាន ស៊ូ​ជី កំពុងតែ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​រយៈពេល​ប្រាំ​ថ្ងៃ​ទៅកាន់​ចិន​ក្នុងនាម​ជាទី​ប្រឹក្សា​រដ្ឋ​ដែលជា​តំណែង​លំដាប់​កំពូល​ទី​ពីរ​របស់​មី​យ៉ាន់​ម៉ា​តាម​ការអញ្ជើញ​របស់លោក​នាយករដ្ឋមន្ត្រី​លី ឃឺ​ឈាង​។ ដំណើរ​ទស្សនកិច្ច​ដែល​បានចាប់ផ្តើម​តាំងពី​ថ្ងៃទី​១៧​ខែសីហា​មកនេះ គឺជា​ការបំពេញ​ទស្សនកិច្ច​លើកដំបូង​ហើយ​របស់​លោកស្រី​ទៅកាន់​ចិន​ក្នុងនាម​ជា​មេដឹកនាំ​មី​យ៉ាន់​ម៉ា​ចាប់តាំងពី​បក្ស​លោកស្រី​ដឹកនាំ​រដ្ឋាភិបាល​ថ្មី​មី​យ៉ាន់​ម៉ា​។ នេះ ក៏​ជា​ដំណើរ​ទស្សនកិច្ច​ក្រៅបរទេស​ផ្លូវការ​លើកដំបូង ក្រៅពី​ប្រទេស​អាស៊ាន​ផងដែរ​៕


Tag:
 មី​យ៉ាន់​ម៉ា​
  ចិន​
  អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com