អន្តរជាតិ
ចិន សន្យា​ជួយ​មី​យ៉ាន់​ម៉ា​ក្នុង​ដំណើការ​ចរចា​សន្តិភាព​
20, Aug 2016 , 7:32 pm        
រូបភាព
មហា​យក្ស​ចិន បានប្រកាស​ជួយ​មី​យ៉ាន់​ម៉ា​ក្នុង​ដំណើការ​ចរចា​ស្វែងរក​សន្តិភាព​រវាងរ​ដ្ឋា​ភិ​បាល​មី​យ៉ាន់​ម៉ា និង​ក្រុម​ឧទ្ទាម​នៅក្នុង​ប្រទេស​នេះ ដែល​បានអូសបន្លាយ​អស់​ពេល​ជាច្រើន​ឆ្នាំ​មកហើយ​នោះ ដោយ​ចិន​នឹង​ប្រើប្រាស់​តួនាទី​ដែល​ប្រយោជន៍​ក្នុង​ដំណើការ​នេះ​។ ការប្រកាស​នេះ​ត្រូវបាន​ធ្វើឡើង​នាឱកាស​ដំណើរ​ទស្សនកិច្ច​របស់​ទីប្រឹក្សា​រដ្ឋ​មី​យ៉ាន់​ម៉ា​ទៅកាន់​មហា​ចិន​។​

 
​ទីប្រឹក្សា​រដ្ឋ និង​ជា​រដ្ឋមន្ត្រីការបរទេស​មី​យ៉ាន់​ម៉ា លោកស្រី អ៊ុង​សាន ស៊ូ​ជី បាន​ជួប​ជាមួយ​ប្រធានាធិបតី​ចិន លោក ស៊ី ជិន​ពីង ក្នុង​ដំណើ​ទស្សនកិច្ច​ផ្លូវការ​លើទឹក​ដី​ចិន​។ ក្នុងជំនួប​ជាមួយ​លោកស្រី ស៊ូ​ជី នៅ​ថ្ងៃទី​១៩ ខែសីហា ប្រធានាធិបតី ស៊ី បាន​សន្យាថា ចិន នឹង​បន្ត​តួនាទី​ស្ថាបនា​របស់ខ្លួន ក្នុងការ​ជំរុញ​ដំណើការ​ចរចា​សន្តិភាព​នៅ​មី​យ៉ាន់​ម៉ា ក៏ដូចជា​ធ្វើការ​ជាមួយ​ក្រុង​ណៃ​ពិដោ ក្នុង​ការរក្សា​សន្តិភាព​តាម​បណ្ដោយ​ព្រំដែន​ប្រទេស​ទាំងពីរ​។​
 
​ជាការ​ឆ្លើយតប លោកស្រី​ទីប្រឹក្សា​រដ្ឋ​មី​យ៉ាន់​ម៉ា និយាយថា លោកស្រី​មានជំនឿថា អ្នកជិតខាង​ល្អ​ដូចជា​ចិន នឹងធ្វើ​អ្វី​គ្រប់យ៉ាង ដើម្បី​ជំរុញ​ដំណើការ​សន្តិភាព​នៅ​មី​យ៉ាន់​ម៉ា​។ លោកស្រី ស៊ូ​ជី បន្តថា ចិន​ក្នុងនាម​ជា​អ្នកជិតខាង​មាន​ព្រំដែន​ជាប់​គ្នា​ដែល​សម្បូរ​ដោយ​ក្រុម​ប្រដាប់​ជនជាតិភាគតិច ពិតជា​ដើរតួ​សំខាន់​ណាស់​។ នេះ​ជាការ​លើកឡើង​របស់លោក​ស្រី ដែល​ត្រូវបាន​ស្រង់​សំដី​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន​ចិន Xinhua​។ 
 
​ការសន្យា​ជួយ​គ្នា​លើ​ដំណើការ​ចរចា​សន្តិភាព​នៅ​មី​យ៉ាន​ម៉ា​នេះ ធ្វើឡើង​នៅមុន​ការមកដល់​នៃ​សន្និសីទ​ថ្នាក់​សហព័ន្ធ​រវាង​ក្រុម​ប្រដាប់អាវុធ​ជនជាតិភាគតិច​នៅ​មី​យ៉ាន់​ម៉ា ដែល​គ្រោង​ធ្វើ​នៅ​ចុងខែ​សីហា​។ ទាក់ទិន​នឹង​បញ្ហា​នេះ លោកស្រី ស៊ូ​ជី បញ្ជាក់ថា​៖«​ប្រសិនបើ​អ្នក​សួរ​ខ្ញុំ​អ្វីដែល​គោលដៅ​សំខាន់បំផុត នោះ​គឺ​ការទទួលបាន​សន្តិភាព និង​ការ​រួបរួមគ្នា​ក្នុងចំណោម​ប្រជាជន​មី​យ៉ាន់​ម៉ា​។ ប្រសិនបើ​គ្មាន​សន្តិភាព ក៏​គ្មាន​ការអភិវឌ្ឍ​ដែរ​។​»
 
​នៅតាម​ព្រំដែន​ដ៍​វែង​រវាង​ចិន និង​មី​យ៉ាន់​ម៉ា មាន​កងកម្លាំងប្រដាប់អាវុធ​ជាច្រើន ដែល​តែងតែ​ប៉ះទង្គិច​គ្នា​ជាមួយ​កង​ទាហាន​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា ហើយ​ក្រុង​ប៉េកាំង ក៏បាន​ពង្រាយ​កងទ័ព​របស់ខ្លួន​ជាច្រើន​ផងដែរ​។ នាពេល​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ គេ​សង្កេតឃើញ​មាន ការប៉ះទង្គិច​គ្នា​រវាង​ទាហាន​មី​យ៉ាន់​ម៉ា និង​ក្រុម​ឧទ្ទាម Kokoang នៅក្បែរ​ព្រំដែន​ជាមួយ​ចិន ដែល​ធ្វើ​មនុស្ស​ស្លាប់ និង​របួស​ជាច្រើន​។ 
 
​សូម​ជម្រាប​ផងដែរ​ថា លោកស្រី អ៊ុង​សាន ស៊ូ​ជី កំពុងតែ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​រយៈពេល​ប្រាំ​ថ្ងៃ​ទៅកាន់​ចិន​ក្នុងនាម​ជាទី​ប្រឹក្សា​រដ្ឋ​ដែលជា​តំណែង​លំដាប់​កំពូល​ទី​ពីរ​របស់​មី​យ៉ាន់​ម៉ា​តាម​ការអញ្ជើញ​របស់លោក​នាយករដ្ឋមន្ត្រី​លី ឃឺ​ឈាង​។ ដំណើរ​ទស្សនកិច្ច​ដែល​បានចាប់ផ្តើម​តាំងពី​ថ្ងៃទី​១៧​ខែសីហា​មកនេះ គឺជា​ការបំពេញ​ទស្សនកិច្ច​លើកដំបូង​ហើយ​របស់​លោកស្រី​ទៅកាន់​ចិន​ក្នុងនាម​ជា​មេដឹកនាំ​មី​យ៉ាន់​ម៉ា​ចាប់តាំងពី​បក្ស​លោកស្រី​ដឹកនាំ​រដ្ឋាភិបាល​ថ្មី​មី​យ៉ាន់​ម៉ា​។ នេះ ក៏​ជា​ដំណើរ​ទស្សនកិច្ច​ក្រៅបរទេស​ផ្លូវការ​លើកដំបូង ក្រៅពី​ប្រទេស​អាស៊ាន​ផងដែរ​៕     

Tag:
 ចិន​
 ​មី​យ៉ាន់​ម៉ា​
© រក្សាសិទ្ធិដោយ thmeythmey.com