អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ម៉ាឡេស៊ី ប្រកាស​ត្រៀម​បញ្ជូន​យន្តហោះ​ពីរ​គ្រឿង​ដើម្បី​ជួយ​ពន្លត់ភ្លើង​ឆេះ​ព្រៃ​ឥណ្ឌូនេស៊ី
26, Aug 2016 , 4:35 pm        
រូបភាព
យន្តហោះពន្លត់ភ្លើងឆេះព្រៃឥណ្ឌូនេស៊ី ។ រូបថត Xinhua
យន្តហោះពន្លត់ភ្លើងឆេះព្រៃឥណ្ឌូនេស៊ី ។ រូបថត Xinhua
ដោយ:
 
​បើទោះបីជា​មានច្បាប់ និង​ការរិះគន់​ខ្លាំង​ប៉ុណ្ណា​ក៏ដោយ បញ្ហា​ភ្លើង​ឆេះ​ព្រៃ​ដែល​បង្ក​ឲ្យ​មាន​អ​ព្ទ័​ពាសពេញ​លំហ​អាកាស​របស់​ឥណ្ឌូនេស៊ី នៅតែ​បន្ត​កើតមាន ជាពិសេស​នោះ នៅ​អំឡុង​ចុងឆ្នាំ​។ ខណៈ​រដូវ​កាល​មហន្តរាយ​កើតចេញពី​ការ​បង្កដោយ​មនុស្ស​ដែល​មិនអាច​ហាមឃាត់​បាន​នោះ កាន់តែ​ខិតជិត​មកដល់ ម៉ាឡេស៊ី បានប្រកាស​នឹង​ជួយ​ឥណ្ឌូនេស៊ី ដែល​អ្នកជិតខាង ក៏ដូចជា​មិត្ត​អាស៊ាន ដើម្បី​ជួយ​ដោះស្រាយ​និង​ទប់ស្កាត់​បញ្ហា​នេះ​។


ស្តាប់សំឡេង

 


​រដ្ឋមន្ត្រី​ទទួលបន្ទុក​ការិយាល័យ​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី លោក Shahidan Kassim នៅ​ថ្ងៃទី​២៦ ខែសីហា​នេះ បាន​អះអាងថា យន្តហោះ​សង្គ្រោះ​ប្រភេទ CL415 ដែល​អាច​ផ្ទុក​ទឹកបាន​រហូតដល់​៦០០០​លី​ត បាន​ត្រៀមលក្ខណៈ​រួចរាល់​ហើយ​ដើម្បី​សហការ និង​ជួយ​ឥណ្ឌូនេស៊ី នៅពេល​មាន​សំណើ​ផ្លូវការ​ពី​ក្រុង​ហ្សា​ការ​តា​។ ការលើកឡើង​បែបនេះ ធ្វើឡើង​ខណៈពេលដែល​ការឡើង​កម្តៅ បាននិងកំពុង​តែ​ចាប់ផ្តើម​នៅ​ភាគខាងត្បូង​ខេត្ត​ស៊ូ​ម៉ា​ត្រា និង កាលី​ម៉ាន់​តាន់ នៃ​ប្រទេស​ឥណ្ឌូនេស៊ី​។ 
 
​លោក​រដ្ឋមន្ត្រី​រូបនោះ បាន​សង្កត់ធ្ងន់ថា «​យើង​បាន​ត្រៀម​រួចស្រេច​ហើយ​ដើម្បី​ជួយ​ឥណ្ឌូនេស៊ី​។ ប៉ុន្តែ មិនទាន់មាន​សំណើ​ផ្លូវការ​នៅឡើយ​នោះទេ​។​» នេះ​បើ​យោងតាម​សារព័ត៌មាន Channel News Asia ដែល​បាន​បន្ថែម​ដែរ​ថា លោក​រដ្ឋមន្ត្រី​ថា ម៉ាឡេស៊ី ត្រូវតែ​ជួយ​ប្រទេសជិតខាង​របស់ខ្លួន​។ 
 
​សូម​ជម្រាប​ផងដែរ​ថា ភ្លើង​ឆេះ​ព្រៃ និង អ​ព្ទ័ មិនមែន​ទើបតែ​កើតឡើង​នោះទេ ពោលគឺ​បញ្ហា​នេះ បានចាប់ផ្តើម​តាំងពី​ឆ្នាំ​១៩៩៧​មកម្ល៉េះ​។ បញ្ហា​នេះ បាន​មិន​ត្រឹមតែ​ប៉ះពាល់​ដល់​សុខភាព​ប្រជាជន​ប៉ុណ្ណោះ​ទេ តែ​វា​ថែមទាំង​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​រដ្ឋ​អាស៊ាន​មួយចំនួន ដ្បិត​ក្រុមហ៊ុន សាលារៀន និង កិច្ចការ​ពាណិជ្ជកម្ម​ផ្សេងៗ​មិនអាច​ដំណើរការបាន​ដោយសារ​មាន​កម្រិត​អ​ព្ទ័​ក្រាស់​ពេក​។​
 
​កាលពី​ចុងឆ្នាំ​២០១៥​កន្លងទៅ មាន​ភ្លើង​ឆេះ​ព្រៃ​យ៉ាង​សន្ធោសន្ធៅ​នៅ​ឥណ្ឌា​ដែល​ហេតុផល​មួយចំនួន ត្រូវបាន​រកឃើញ​ថាប​ណ្តា​ល​មកពី​ការដុត​ព្រៃ និង​ធ្វើ​អាជីវកម្ម​ខុសច្បាប់​។ ភ្លើង​ឆេះ​នោះ បានអូសបន្លាយ​អស់​រយៈពេល​ជាង​មួយខែ​ដោយបាន​ធ្វើ​ឲ្យ​អ័ព្ទ​នៃ​ការឆេះ​នោះ​អណ្តែត​ពាសពេញ​លំហ​នៅក្នុង ប្រទេស​ឥណ្ឌូនេស៊ី ម៉ាឡេស៊ី និង​សិង្ហ​បុរី​។​
 
​អ្វី​គួរកត់សម្គាល់​នោះ ការដុត​ព្រៃ ដែល​បង្ក​ឲ្យ​មាន​អ​ព្ទ័ ភាគច្រើន​ផ្តើមចេញពី​ខេត្ត​ពីរ​ដែល​រដ្ឋាភិបាល​ឥណ្ឌូនេស៊ី បានធ្វើ សម្បទាន​ទៅ​ឲ្យ​ក្រុមហ៊ុន​រួមមាន​ខេត្ត​ស៊ូ​ម៉ា​ត្រា និង កាលី​ម៉ាន់​តាន់​។ កន្លងមក រដ្ឋាភិបាល​ឥណ្ឌូនេស៊ី បាន​ពិន័យ​ក្រុមហ៊ុន​ទាំងនោះ តែ​ប្រឈម​នឹង​បញ្ហា​មួយចំនួន ដ្បិត អ្នកបង្ក​ហេតុការណ៍ ជា​សែស្រឡាយ​រដ្ឋាភិបាល​ដែល​បាន​ចាក់​ឬ​ស​ជា​យូរ និង​មួយចំនួន គឺ​ពាណិជ្ជករ​បរទេស​ដូចជា​សិង្ហ​បុរី និង ម៉ាឡេស៊ី​។​
 
​នៅ​ឆ្នាំ​២០១៤ សភា​ឥណ្ឌូនេស៊ី ក៏បានផ្តល់​សច្ចាប័ន​ទៅលើ​កិច្ចព្រមព្រៀង​ស្តី​ការបំពុល​អ​ព្ទ័ ឆ្លងដែន​របស់​អាស៊ាន ដើម្បី​ជាការ​ទទួលខុសត្រូវ​ផងដែរ​។ តែ​កិច្ចព្រមព្រៀង​ដែល​បាន​ចូល​ជា​ធរមាន​ពីរ​ឆ្នាំ​ហើយ​នោះ ហាក់ដូចជា​មិនមាន​ប្រសិទ្ធភាព​អ្វី​សោះ​លើ​បញ្ហា​នេះ​។ កន្លងមក ស្ទើរតែ​គ្រប់​អាណត្តិ​នៃ​រដ្ឋាភិបាល​ឥណ្ឌូនេស៊ី បាន​សុំ​ការ អភ័យទោស​ទៅកាន់​រដ្ឋាភិបាល​សិង្ហ​បុរី និង ម៉ាឡេស៊ី ចំពោះ​បញ្ហា​អ​ព្ទ័​នេះ​៕ 
 
 
 

Tag:
 ម៉ាឡេស៊ី​
  ឥណ្ឌូនេស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com