ជាតិ
សម្តេច ហ៊ុន សែន បញ្ជាក់​ជំហរ​លើ​សមុទ្រ​ចិន​ខាងត្បូង ហើយ​ប្រាប់​ពលរដ្ឋ​វៀតណាម​ឲ្យ​ឈប់​រំខាន​
27, Aug 2016 , 4:08 pm        
រូបភាព
ដោយ: ថ្មីៗ
​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ល្ងាច​ថ្ងៃទី​២៦ ខែសីហា បាន​សរសេរ​ឆ្លើយ​ជា​ភាសា​ខ្មែរ និង​ភាសា​អង់គ្លេស ទៅ​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក​វៀតណាម​ម្នាក់​ឈ្មោះ Nguyen Van Tai ដែល​បាន Comment រិះគន់​ជំហរ​ឡាវ និង​កម្ពុជា​លើ​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​។ សម្តេច​គូសបញ្ជាក់ថា ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង គឺជា​បញ្ហា​រវាង​វៀតណាម និង​ចិន ដែល​គួរតែ​ត្រូវបាន​ដោះស្រាយ​ដោយ​សន្តិវិធី​។


​យោងតាម​ការ​បង្ហោះ​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​សម្តេចនាយករ​ដ្ឋ​មន្ត្រី ហ៊ុន សែន ជនជាតិ​វៀតណាម​ដែលមាន​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Nguyen Van Tai បាន​សរសេរ​ក្នុងន័យ​ថា សង្គម​បច្ចុប្បន្ន​គ្មាន​ឡើយ​បងប្អូន គឺ​មានតែ​ខ្មាំងសត្រូវ​។ ម្ចាស់​គណនី​នោះ កត់សម្គាល់ថា ចិន​បាន​យក​ប្រទេស​តូច​ជា​ដូចជា កម្ពុជា និង​ឡាវ ដើម្បី​ជួយ​ដោះស្រាយ​បញ្ហា​ខ្លួន​។​

​ភ្លាមៗ ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា បាន​ឆ្លើយតប​ថា​៖ «​ជាការ​ប្រសើរ​ហើយ ប្រសិនបើ​លោក​យល់ថា​សមុទ្រ​ចិន​ភាគខាងត្បូង​មិនគួរ​ត្រូវបាន​ទាក់ទាញ​កម្ពុជា និង​ឡាវ​ឲ្យ​ចូល​ពាក់​ព័​ន្ឋ​ដូចដែល​លោក​បានលើកឡើង​។ ការជ្រើសរើស​របៀប​ដោះស្រាយ​រវាង​ចិន និង​វៀតណាម​យ៉ាងណា​នោះ​គឺជា​សិទ្ឋិ​សម្រេច​របស់​មេដឹកនាំ​វៀតណាម​។ លោក​ចង់​ជ្រើសរើស​ផ្លូវ​សង្គ្រាម​ឬ ផ្លូវ​សន្តិភាព​គឺជា​សិទ្ឋិ​របស់​វៀតណាម​ផ្ទាល់​។ អ្វីដែល​ខ្ញុំ​ចង់​និយាយ​ទៅកាន់​លោក គួរ​គោរព​នូវ​ការសន្យា​របស់លោក​ដែលថា​មិន​ពាក់​ព័​ន្ឋ​ឡាវ ជាពិសេស​កម្ពុជា​លើ​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​»​។

​បន្ថែម​ពីលើ​នេះ សម្តេច ហ៊ុន សែន សង្ឃឹមថា មេដឹកនាំ​វៀតណាម នឹង​ទទួលបាន​នូវ​ការឆ្លើយតប​របស់​សម្តេច ហើយ​អប់រំ​ពលរដ្ឋ​វៀតណាម កុំ​ឲ្យ​រំខាន​ដល់​សម្តេច​តទៅទៀត ព្រោះ​រយៈពេល​កន្លងទៅនេះ មាន​ជនជាតិ​វៀតណាម​មួយចំនួន​បាន​ចូលមក​និយាយ​មិន​ត្រឹមត្រូវ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​សម្តេច​។​

​សម្តេច​បានបញ្ជាក់​ម្តង​ហើយ​ម្តង​ទៀតថា​៖ «​ខ្ញុំ​មិនមែនជា​អាយ៉ង​របស់​វៀតណាម ដែល​ត្រូវ​បម្រើ​វៀតណាម​លើ​បញ្ហា​ដែលជា​ផលប្រយោជន៍​របស់​វៀត​ណា​ម ហើយ​ខ្ញុំ​មិនមែនជា​ចៅហ្វាយ​វៀតណាម​ដែរ​។ ខ្ញុំ​ក៏​មិនត្រូវ​ឲ្យ​វៀតណាម​មក​បម្រើ​ផល​ប្រ​យោ​ជ​ន៌​នយោបាយ​របស់​កម្ពុជា​នោះដែរ​។ ជម្លោះ​អធិបតេយ្យ​ក្នុ​សមុទ្រ​ចិន​ខាងត្បូង គួ​តែ​ត្រូវបាន​ដោះស្រាយ​ដោយ​សន្តិវិធី​រវាង​ចិន​និង​វៀតណាម ជាជាង​ការដោះស្រាយ​តាម​សង្គ្រាម​ដូចដែល​លោក​បានលើកឡើង​ក្នុង​ហ្វេ​ស​ប៊ុ​ក​ខ្ញុំ​»៕


Tag:
 វៀតណាម​
  សមុទ្រ​ចិន​ខាងត្បូង​
  សម្តេច ហ៊ុន សែន
© រក្សាសិទ្ធិដោយ thmeythmey.com