អន្តរជាតិ
លោក Duterte ប្រាប់​ចិន​ឲ្យ​ចាត់ទុក​ហ្វីលីពីន​ជា​«​បងប្អូន​ប្រុស​មិនមែនជា​សត្រូវ​ឡើយ​»
30, Aug 2016 , 8:19 pm        
រូបភាព
ប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte ចាប់ដៃ​ជាមួយទូតចិន​ប្រចាំហ្វីលីពីន លោក Zhao Jianhua។ រូបថត PPD
ប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte ចាប់ដៃ​ជាមួយទូតចិន​ប្រចាំហ្វីលីពីន លោក Zhao Jianhua។ រូបថត PPD
ដោយ:
​រយៈពេល​ជាង​មួយខែ​ហើយ​ដែល​តុលាការអន្តរជាតិ​ក្រុងឡាអេ បានប្រកាស​សាលក្រម​ស្ថាពរ​សមុទ្រ​ចិន​ខាងត្បូង តែ មិនទាន់មាន​ភាគី​ណាមួយ​អនុវត្ត​នៅឡើយ​នោះទេ ដ្បិត​សាលក្រម​នោះ បានទទួល​ស្គាល់​ត្រឹមតែ​ជា​លក្ខណៈ​ឯកតោភាគី​ប៉ុណ្ណោះ​។ ហ្វីលីពីន​ដែលជា​ដើមបណ្តឹង​ដែល​ឈ្នះក្តី​សំណុំ​រឿងនេះ​ផងដែរ​នោះ មិនទាន់​ហ៊ាន​ប្រើ​សម្តី​ធ្ងន់ៗ​ទៅលើ​ចិន​នោះទេ​រួម​ទាំ​ការលើកឡើង​ពី​សាលក្រម​ផងដែរ​។ តែ​រដ្ឋាភិបាល​ក្រុង ម៉ានីល ប្រាប់​ឲ្យ​ចិន​យល់​ពី​ផល​លំបាក​ខ្លួន និង​សម្បទាន​ឲ្យ​ខ្លួន​លើ​តំបន់​មួយចំនួន​នៃ​តំបន់​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​។

 


«​ខ្ញុំ សង្ឃឹមថា ចិន បើក​បេះដូង​ដោយ​ស្វែងរក​កន្លែង​មួយ​សម្រាប់​ហ្វីលីពីន​។ ខ្ញុំ សង្ឃឹមថា អ្នក​ចាត់ទុក​យើង​ដូចជា​បងប្អូន​ប្រុស ដែល​មិនមែនជា​គូសត្រូវ ហើយ​អ្នក​ក៏​គួរតែ​កត់សម្គាល់​ពី​ផល​លំបាក​របស់​យើង​ផងដែរ​»​។ នេះ គឺ​សេចក្តីថ្លែងការណ៍​បែប​តវ៉ា​របស់​ប្រធានាធិបតី​ហ្វីលីពីន​លោក Rodrigo Duterte នៅ​ចំ​មុខ​អគ្គរដ្ឋទូត​ចិន​ប្រចាំ​ក្រុង​ម៉ានីល​លោក Zhao Jinhua ដែល​បាន​ចូលរួម​ថ្ងៃ​រម្លឹក​វីរៈបុរស​ហ្វីលីពីន​នៅ​ថ្ងៃទី​២៩​ខែសីហា​ម្សិលមិញ ដែល​បាន​ស្រង់​សម្តី​ដោយសារ​ព័ត៌មាន The Jakarta Post​។

​នៅ​ចំ​មុខមន្ត្រី​ការទូត​ជាន់ខ្ពស់​នោះដែរ លោក Duterte ក៏បាន​បញ្ជាក់​ជាថ្មី​ពី​គោលជំហរ​របស់លោក​ក្នុង​ការចរចា​ទ្វេភាគី​ជាមួយនឹង​ចិន តែ​លោក មិនទាន់​និយាយ​ស៊ីជម្រៅ​ពី​សាលក្រម​សមុទ្រ​ចិន​ខាងត្បូង​នោះទេ​។ លោក សង្កត់ធ្ងន់ថា លោក មិន​នាំយក​បញ្ហា​(​សាលក្រម​) ដោយ លោក គិតថា វា អាច​នឹង​មិនល្អ និង​ធ្វើ​ឲ្យ​ការសន្ទនា​ជាមួយនឹង​ចិន​ជួប​រឿង​រកាំរកូស​។

​ដូច​សព្វមួយដង លោក​ប្រធានាធិបតី ក៏បាន​លើកឡើង​ជាថ្មី​ថា « ខ្ញុំ មិន​ចង់​ធ្វើសង្គ្រាម​ជាមួយនឹង​ចិន​នោះទេ​។ តែ​សង្គ្រាម និង​សន្តិភាព តែងតែ​ដើរ​ទន្ទឹមគ្នា​។ ខ្ញុំ មិនទាន់​ត្រៀមលក្ខណៈ​រួចជាស្រេច​ក្នុងការ​ធ្វើសង្គ្រាម​នៅឡើយ​នោះទេ ដូច្នេះ សន្តិភាព​គឺ​ជម្រើស​តែមួយគត់​»​។ នេះ​បើ​យោងតាម​ប្រភពព័ត៌មាន​ដដែល​បាន​ដែល​បាន​បន្ថែម​ដែរ​ថា ប្រមុខរដ្ឋ​ហ្វីលីពីន ក៏បាន​ឆ្លៀត​និយាយ​ក្នុងន័យ​កំប្លែង​ពាក់ព័ន្ធ​នឹង​សង្គ្រាម​ទៅកាន់​មន្ត្រី​ទូត​ជាន់ខ្ពស់​នោះ​ថា «​លោក​អគ្គរដ្ឋទូត ខ្ញុំ​ចង់​និយាយ​ជាមួយនឹង​អ្នក​បន្តិច​។ សូម​ទុកពេល​ឲ្យ​យើង​ដើម្បី​កសាង​សមត្ថភាព​សិន ព្រោះ​អ្នក មានប្រៀប​លើ​យើង​ច្រើនណាស់​»​។

​ជុំវិញ​សេចក្តីថ្លែងការណ៍​នេះ លោក​អគ្គរដ្ឋទូត​ចិន Zhao Jinhua បាន​ថ្លែង​នៅក្រៅ​នៃ​កម្មវិធី​នោះ​ថា ចិន កំពុង​ទន្ទឹងរង់ចាំ​ការជជែក​ជាមួយនឹង​ហ្វីលីពីន​ជា​លក្ខណៈ​ទ្វេភាគី​លើ​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង តែ លោក ក៏​ផ្ញើ​សារ​ទៅកាន់​ហ្វីលីពីន​ដែរ​ថា ចិន មិន​ស្វាគមន៍​ឡើយ បើសិនជា​ការចរចា​នោះ ភ្ជាប់​ជាមួយនឹង​សាលក្រម​តុលាការអន្តរជាតិ​ក្រុងឡាអេ​។

​សូម​ជម្រាប​ផងដែរ​ថា នៅ​ថ្ងៃទី​១២ ខែកក្កដា កន្លងទៅ តុលាការ​ម​ជ្ឈ​ត្ត​ការ​អចិន្ត្រៃយ៍ ក្រុងឡាអេ នៃ​ប្រទេស​ហូ​ឡង់ បានប្រកាស​សាលក្រម​សមុទ្រ​ចិន​ខាងត្បូង​តាម​បណ្តឹង​របស់​រដ្ឋបាល​អ​តី​ត​ប្រធានាធិបតី​ហ្វីលីពីន លោក ប៊ែ​រ​នី​ណូ អា​ហ្គី​ណូ ដោយ​បកស្រាយ ថា ការទាមទារ និង​សកម្មភាព​របស់​ចិន​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង មិនមាន​មូលដ្ឋាន​ផ្នែក​ច្បាប់​ឡើយ​។ ក្រោយ​ការប្រកាស​នោះ ចិន បានប្រកាស​ដាច់ខាត​មិន​ទទួលស្គាល់​ទាំង​យុត្តាធិការ​តុលាការ និង​សាលក្រម​នោះទេ​៕


Tag:
 ហ្វីលីពីន​
  សមុទ្រ​ចិន​ខាងត្បូង​
  អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com