អន្តរជាតិ
មន្ត្រី​ការបរទេស​ចិន ហួសចិត្ត ពេល​អ្នកកាសែត​សួរថា​កិច្ចប្រជុំ​G20​និយាយ​ពី​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​ឬ​អត់​?
31, Aug 2016 , 3:41 pm        
រូបភាព
ដោយ:
​នៅ​ថ្ងៃទី​០២-០៤ ខែកញ្ញា​ខាងមុខនេះ ចិន នឹង​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​កំពូល​ក្រុម​ប្រទេស​G20 ដែលមាន​វត្តមាន​មេដឹកនាំ​កំពូល​នៃ​ប្រទេស​មហាអំណាច​អាមេរិក និង​រុស្ស៊ី​ផងដែរ​។ កិច្ចប្រជុំ​នេះ ត្រូវបាន​ក្រុង​ប៉េកាំងរ​ពឹង​ថា នឹង​សម្រេចបាន​លទ្ធផល​ផ្លែផ្កា​ពាក់ព័ន្ធ​នឹង​កិច្ចសហប្រតិបត្តិការ​ពា​ណិ​ជ្ជ​កម្ម និង​សេដ្ឋកិច្ច​។ តែ​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង មិន​ស្ថិតនៅក្នុង​របៀបវារៈ​នៃ​កិច្ចប្រជុំ​នោះទេ​។



​ឆ្លើយ​នឹង​សំណួរ​«​តើ​អ្នក​គិតថា​កិច្ចប្រជុំ​កំពូល​G20 គឺជា​វេទិកា​សមស្រប​សម្រាប់​ជជែក​ពី​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​ឬ​អត់​?»​របស់​អ្នកកាសែត​នាឱកាស​សង្ខេប​ព័ត៌មាន​ប្រចាំថ្ងៃ​នៅ​ថ្ងៃទី​៣០ ខែសីហា អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន លោកស្រី Hua Chunying បាន​ថ្លែង​ទាំង​ហួសចិត្ត​ថា «​ខ្ញុំ ហាក់ដូចជា​មិន​ច្បាស់​សោះ​ថា​តើ​ហេតុអ្វី​បាន​អ្នក​សួរ​សំណួរ​បែបនេះ​?»

​លោកស្រី​អ្នកនាំពាក្យ​រូបនោះ បាន​បន្តទៀតថា កិច្ចប្រជុំ​ក្រុម​G20 ត្រូវបាន​រំពឹងថា​នឹង​ផ្តោត​សំខាន់​លើ​មធ្យោបាយ​ក្នុងការ​ផ្គត់ផ្គង់ និង​ជំរុញ​ឲ្យ​បានការ​អភិវឌ្ឍ​សេដ្ឋកិច្ចពិភពលោក ដែល​ស្គាល់​ថា​ជា​វេទិកា​ដែល​ផ្តល់​អាទិភាព និង​បង្កើន​អភិបាលកិច្ច​សេដ្ឋកិច្ច​សកល​នោះឯង​។ លោកស្រី សង្កត់ធ្ងន់ថា «​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​គ្មាន​អ្វីដែល​ពាក់ព័ន្ធ​នឹង​កិច្ចប្រជុំ​កំពូល​នេះឡើយ​»​។​

​សូមបញ្ជាក់​ផងដែរ សមាជិក​របស់​ក្រុម​ប្រទេស​G20 មានដូចជា អា​ហ្ស​ង់​ទីន អូស្ត្រាលី ប្រេ​ស៊ី​ល កាណាដា ចិន បារាំង អាល្លឺម៉ង់ ឥណ្ឌា ឥណ្ឌូនេស៊ី អ៊ីតាលី ជប៉ុន ម៉ិ​ក​ស៊ិ​ក រុស្ស៊ី អា​រ៉ា​ប៊ី សា​អូឌីត អាហ្វ្រិក​ខាងត្បូង កូរ៉េខាងត្បូង តួ​ក​គី ចក្រភព​អង់គ្លេស និង​សហរដ្ឋអាមេរិក​។

 ដោយសារតែ​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង ដែលមាន​ចិន ជា​ភាគី​ជម្លោះ​តែមួយគត់​ដែល​បានទាមទារ​ស្ទើរតែ​តំបន់​ទាំងស្រុង​នៃ​តំបន់​ជម្លោះ​រាប់បញ្ចូល​ទាំង​តំបន់​ទាមទារ​របស់រ​ដ្ឋ​ផ្សេងទៀត​នោះ មជ្ឈដ្ឋាន​អន្តរជាតិ​ជាពិសេស​ប្រទេស​មហាអំណាច​ដែល​រួមមាន អាមេរិក ជប៉ុន និង​អូស្ត្រាលី ជាដើម​នោះ បាន​ឈឺឆ្អាល និង​ប្រលូក​ខ្លួន​ពាក់ព័ន្ធ​យ៉ាងជ្រៅ​ផងដែរ​។ បើ​និយាយ​ក្នុងន័យ​សេដ្ឋកិច្ច ហេតុផល​នោះ ដែល​ប្រទេស​ទាំងនេះ តែងតែ​ឈឺឆ្អាល ក៏​ព្រោះតែ​សមុទ្រ​ចិន​ខាងត្បូង​គឺជា​ផ្លូវ​ពាណិជ្ជកម្ម​មមាញឹក​លំដាប់​ទី​២​របស់​ពិភពលោក​។

​កន្លងទៅ ក្រៅពី​ការសម្តែង​ការព្រួយបារម្ភ និង​រិះគន់​ចិន​លើ​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​នៅក្នុង​វេទិកា​អន្តរជាតិ អាមេរិក និង​អូស្ត្រាលី បានបង្ហាញ​ឥរិយាបថ​ប្រឆាំង​ចិន​តាម​រូបភាព​នៃ​ការបញ្ជូន​នាវា និង​យន្តហោះ​ចម្បាំង​របស់​ពួកគេ​មកកាន់​តំបន់​ជម្លោះ​ក្រោម​ហេតុផល​នៃ​ការអនុវត្ត​សិទ្ធិសេរីភាព​នៃ​ការហោះហើរ និង​នាវាចរណ៍​អន្តរជាតិ​៕


Tag:
 ចិន​
  G20
© រក្សាសិទ្ធិដោយ thmeythmey.com