ជាតិ
អ្នកជំនាញ​៖ អនាគត​ដ៏​ស្រពិចស្រពិល​របស់​ទន្លេ​មេគង្គ​
01, Sep 2016 , 8:19 am        
រូបភាព
ដោយ:
​វ៉ាស៊ីនតោន​៖​នៅក្នុង​កិច្ចពិភាក្សា​សាធារណៈ​មួយ​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន ដែល​ត្រូវបាន​រៀបចំឡើង​ដោយ​មជ្ឈមណ្ឌល​ស្រាវជ្រាវ​ឈ្មោះ Stimson អ្នកជំនាញ​បាន​លើកយក​សេណារីយោ​ពីរ​ដ៏​គួរ​ឲ្យ​ចាប់អារម្មណ៍ ដើម្បី​ពិភាក្សា​អំពី​អនាគត​របស់​ទន្លេមេគង្គ​។​



​អ្នកជំនាញ​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន យល់ថា អនាគត​ទន្លេមេគង្គ ដែល​ហូរ​កាត់​ប្រទេស​ចិន មី​យ៉ាន់​ម៉ា ឡាវ ថៃ វៀតណាម និង​កម្ពុជា មាន​ភាពស្រពិចស្រពិល​ច្រើន ដោយសារតែ​ចិន​អាច​នឹង​សង់​ទំនប់​វា​រី​អគ្គិសនី​ដើម្បី​ស្តុក​ទឹកទន្លេ​ទុក ដើម្បី​ប្រយោជន៍​ផ្ទាល់ខ្លួន ដែល​អាច​ប៉ះពាល់​ដល់​បណ្តា​ប្រទេស​នៅ​ប៉ែក​ខាងក្រោម​ទន្លេមេគង្គ​។​

​បើ​អ្នក​បានឃើញ​ទន្លេមេគង្គ​ដ៏​ធំ​ល្វឹងល្វើយ​ពីលើ​មេឃ អ្នកនឹង​សម្គាល់​ឃើញ​ទំនប់​វា​រី​អគ្គិសនី​ប្រមាណ​ចំនួន​៣០ សង់កាត់​ចរន្តទឹក​ទន្លេមេគង្គ និង​ដៃទន្លេ​មេគង្គ​តាម​បណ្តា​ប្រទេសមួយ​ចំនួន​ដូចជា ចិន មី​យ៉ាន់​ម៉ា ឡាវ ថៃ កម្ពុជា និង​វៀតណាម​។​

​ក្នុងចំណោម​ប្រទេស​ទាំងនេះ ចិន​ដែល​ស្ថិតនៅ​ប៉ែក​ខាងលើ​ទន្លេមេគង្គ គឺជា​ប្រទេសមួយ​ដែល​សាងសង់​ទំនប់​វា​រី​អគ្គិសនី​មុនគេ និង​ច្រើនជាងគេ​ចំនួន​៧ នៅលើ​ទន្លេមេគង្គ​មេ ដែល​បង្ក​ផលប៉ះពាល់​ច្រើន​ដល់​មច្ឆា​ជាតិ ជីវចម្រុះ លំហូរ​ដីល្បាប់ និង​បរិ​មាណទឹក​ហូរ​កាត់​ប្រទេស​នៅ​ប៉ែក​ខាងក្រោម​ទន្លេមេគង្គ​។​

​ក៏ប៉ុន្តែ នៅក្នុង​កិច្ចពិភាក្សា​សាធារណៈ​មួយ​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន ដែល​ត្រូវបាន​រៀបចំឡើង​ដោយ​មជ្ឈមណ្ឌល​ស្រាវជ្រាវ​ឈ្មោះ Stimson អ្នកជំនាញ​បាន​លើកយក​សេណារីយោ​ពីរ​ដ៏​គួរ​ឲ្យ​ចាប់អារម្មណ៍ ដើម្បី​ពិភាក្សា​អំពី​អនាគត​របស់​ទន្លេមេគង្គ​។ សេណារីយោ​ទីមួយ​ចោទ​សួរថា តើ​អនាគត​របស់​ទន្លេមេគង្គ​អាច​ផ្លាស់ប្តូរ​ប្រសើរ​ជាង​នេះ​ទេ បើសិនជា​ចិន​ងាក​ទៅរក​ដំណើរការ​ថាមពល​កកើត​ឡើងវិញ ហើយ​ជំរុញ​ឲ្យ​ប្រទេស​នៅតាម​ទន្លេមេគង្គ​ក្រោម​ងាក​ទៅរក​ថាមពល​កកើតឡើង​វិញ​ដូច​ចិន​។​



​ទាក់ទង​នឹង​សេណារីយោ​ទីមួយ លោកស្រី Jennifer Turner ប្រធាន​វេទិកា​ស្តីពី​បរិស្ថាន​នៅ​ចិន​របស់​មជ្ឈមណ្ឌល Wilson នៅ​រដ្ឋធានី​វ៉ាស៊ីនតោន យល់ថា ចិន​មាន​សក្តានុពល​ក្នុងការ​ជំរុញ​ឲ្យ​ប្រទេស​នៅ​ទន្លេមេគង្គ​ក្រោម​សម្លឹងមើល​ជម្រើស​ផលិត​ថាមពល​កកើត​ឡើងវិញ​។​

​លោកស្រី​ថា​៖ «​ខ្ញុំ​យល់ថា ជាជាង​បន្ត​បណ្តាក់ទុន​លើ​ថាមពល​វា​រី​អគ្គិសនី​លើ​ទន្លេមេគង្គ ចិន​គួរតែ​ងាក​មក​សហការ​ជាមួយនឹង​ប្រទេស​នៅ​ទន្លេមេគង្គ​ក្រោម ដើម្បី​ពង្រឹង​ប្រសិទ្ធភាព​ថាមពល​ដែល​ទាញ​ចេញពី​ពន្លឺព្រះអាទិត្យ ខ្យល់ និង​ពី​ទង់ដែង​។ ខ្ញុំ​មើលឃើញថា អ្នកវិនិយោគទុន​ចិន​មាន​សក្តានុពល​ក្នុងការ​ជំរុញ​ឲ្យ​មានការ​អភិវឌ្ឍ​ថាមពល​ចម្រុះ ដែល​មិន​បំពុលបរិស្ថាន នៅក្នុង​តំបន់​ទន្លេមេគង្គ​ក្រោម​នេះ​»​។​

​ជាក់ស្តែង​ក្នុង​ចន្លោះ​ឆ្នាំ​២០០៥ និង​ឆ្នាំ​២០១០ ចិន​បាន​ផ្អាក​ការសាងសង់​ទំនប់​វា​រី​អគ្គិសនី​គ្រប់​ធន់​នៅលើ​ទន្លេមេគង្គ​។ ប​នែ្ថ​ម​លើ​នេះ ចិន​កំពុង​ផ្តោតលើ​ការបង្កើត និង​ពង្រីក​ប្រព័ន្ធ​ថាមពល​កកើត​ឡើងវិញ​ជា​បន្តបន្ទាប់​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​កន្លងទៅនេះ​។ ហើយ​ថ្មីៗ​នេះ ចិន​ទើបតែ​បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយនឹង​ប្រទេស​ថៃ ដើម្បី​ដំណើរ​ការផលិត​ថាមពល​កកើត​ឡើងវិញ​។ នេះ​បើតាម​ការបញ្ជាក់​របស់​លោកស្រី Jennifer Turner នៃ​មជ្ឈមណ្ឌល​ស្រាវជ្រាវ Wilson​។​

​ក៏ប៉ុន្តែ លោក Richard Cronin អ្នកស្រាវជ្រាវ​ដ៏​ជំនាញ​ខាង​ទន្លេមេគង្គ​នៅ​តំបន់​អាស៊ីអាគ្នេយ៍​នៅ​មជ្ឈមណ្ឌល Stimson យល់ថា ការណ៍​ដែល​ចិន​ងាក​ទៅរក​ការផលិត​ថាមពល​កកើតឡើង​វិញ​នេះ គឺ​ដើម្បី​បញ្ហា​ផ្ទាល់ខ្លួន​របស់​ចិន​តែប៉ុណ្ណោះ ហើយ​ចិន​មិន​ខ្វល់​ពី​ប្រទេស​ដែល​នៅ​ប៉ែក​ខាងក្រោម​ទន្លេមេគង្គ​ទេ​។​

​លោក​ថា​៖ «​ខ្ញុំ​យល់ថា អ្វីដែល​ចិន​កំពុង​បង្ហាញ​ជំហរ​របស់ខ្លួន​នោះ​គឺថា ចិន​នឹង​ដោះស្រាយ​បញ្ហា​កង្វក់​បរិស្ថាន​ដោយសារតែ​ហេតុផល និង​ប្រយោជន៍​ផ្ទាល់ខ្លួន​តែប៉ុណ្ណោះ​។ ហើយ​ស្របពេល​ជាមួយគ្នានេះ បើទោះបីជា​ចិន​បាន​បង្កើត​យន្តការ​ដើម្បី​កិច្ចសហប្រតិបត្តិការ​ថ្មី​មួយ ដែលមាន​ឈ្មោះថា គណៈកម្មការ​ទន្លេមេគង្គ Lancang ដែល​ចិន​និយាយថា យើង​នឹង​ពិភាក្សា​ពី​បញ្ហា​ទឹកទន្លេ​ក្តី ក៏​អ្វីដែល​ចិន​បាន​ប្រាប់​ទៅ​ប្រទេស​នៅ​ទន្លេមេគង្គ​ក្រោម​នោះ​គឺថា​៖ កុំ​យក​អនាគត​របស់​អ្នក​ទៅ​ពឹង​លើទឹក​ទន្លេ​។​

​យើង​នឹង​ឲ្យ​កម្ចី​១០​ពាន់​លាន​ដុល្លារ ដើម្បី​ឲ្យ​អ្នកបង្កើត​ហេដ្ឋារចនាសម្ព័ន្ធ​ដែល​អ្នកត្រូវការ​ដើម្បី​ភ្ជាប់​សេដ្ឋកិច្ច​របស់​អ្នក​មក​នឹង​សេដ្ឋកិច្ច​របស់​ចិន​។ នេះ​គឺជា​អនាគត​របស់​ប្រទេស​អ្នក​។ ទឹកទន្លេ​មិនមែនជា​អនាគត​សេដ្ឋកិច្ច​របស់​អ្នក​ទេ​»​។​

​ចំណែកឯ​សេណារីយោ​ទី​ពីរ អ្នកជំនាញ​ត្រូវបាន​ចោទ​សួរថា តើ​អនាគត​របស់​ប្រទេស​នៅ​ទន្លេមេគង្គ​ក្រោម​នឹង​ទៅជា​យ៉ាងណា បើសិនជា​ចិន​សង់​ទំនប់​វា​រី​អគ្គិសនី​ដើម្បី​ស្តុក​ទឹក​ដើម្បី​ប្រយោជន៍​របស់ខ្លួន​។​

​លោក Brian Eyler អនុប្រធាន​គម្រោង​ស្រាវជ្រាវ​អំពី​តំបន់​អាស៊ីអាគ្នេយ៍​នៃ​មជ្ឈមណ្ឌល Stimson យល់ថា លទ្ធភាព​នេះ​អាចទៅរួច​នាពេល​អនាគត ដោយសារតែ​តម្រូវការ​ទឹក និង​បញ្ហា​សន្តិសុខ​ផ្ទៃក្នុង​របស់​ចិន​។​

​លោក​ថា​៖ «​នៅ​ខេត្ត​យូ​ណាន ប្រទេស​ចិន មាន​ទន្លេ​ជាច្រើន​ដែល​ត្រូវបាន​បំពុល ហើយ​អាជ្ញាធរ​តាម​សហគមន៍ និង​រដ្ឋបាលខេត្ត និង​រដ្ឋាភិបាល​ចិន បាន​ចំណាយ​ទឹកប្រាក់​រាប់ពាន់​លាន​ដុល្លារ ដើម្បី​សម្អាត​ទឹក​កខ្វក់ ដោយសារតែ​ទឹក​ដែលមាន​ជាតិពុល​ទាំងនោះ​នឹង​ហូរ​ចូល​ទន្លេ Guizhou និង​ទន្លេ Chongoing​។ ចិន​បាន​អនុវត្ត​គម្រោង​ដាច់ដោយឡែក​ពីគ្នា​ជាច្រើន ដើម្បី​នាំយក​ទឹក​ចេញពី​ប្រព័ន្ធ​ទឹកធំ ដោយ​ប​ញ្ចូ​ន​ទឹក​ទៅ​ខេត្ត​យូ​ណាន និង​ទីក្រុង​ផ្សេងៗ​។ ប៉ុន្តែ បើសិនជា​គម្រោង​ទាំងនោះ​មិន​ផ្តល់​លទ្ធផល​អ្វី​ទេនោះ ទន្លេមេគង្គ​នឹង​ក្លាយជា​ប្រភពទឹក​ដ៏​សំខាន់ ដែល​ចិន​ត្រូវការ​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​»​។​

​រីឯ​លោក Richard Cronin យល់ឃើញ​ស្រដៀង​គ្នា​នេះ​ដែលថា ចិន​នឹង​ត្រូវការ​ទឹក​ច្រើន ដើម្បី​ផ្គត់ផ្គង់​តម្រូវការ​ក្នុងស្រុក ជាពិសេស​នៅ​ចំពោះមុខ​គ្រោះរាំងស្ងួត​ដែល​បាន​កើតឡើង​នៅ​ចិន​ក្នុងអំឡុងពេល​ជាច្រើន​ឆ្នាំ​កន្លងទៅនេះ​។​

​លោក​ថា​៖ «​នៅ​ឆ្នាំនេះ ចិន​មិន​ទទួលបាន​បរិមាណ​ទឹក​គ្រប់គ្រាន់​ទេ​នៅ​ខេត្ត​យូ​ណាន ដោយសារតែ​គ្រោះធម្មជាតិ El Nino ក៏ប៉ុន្តែ កាលពី​ឆ្នាំ​២០១០ និង​២០១២ តាំងពី​ទំនប់​វា​រី​អគ្គិសនី​ជាច្រើន​បាន​សាងសង់​មក ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​មកនេះ ចិន​មិន​មានទឹក​គ្រប់គ្រាន់​ដើម្បី​ដំណើរការ​ទំនប់​ទាំងនោះ យ​។ ដូច្នេះ ប្រទេស​នៅ​ប៉ែក​ទន្លេមេគង្គ​ក្រោម​គួរតែ​ព្រួយបារម្ភ​ពី​ការណ៍​ដែល ចិន​នឹងមិន​ដំណើរការ​ទំនប់ ដើម្បី​ទាញយក​ថាមពល​ទៀត​ទេ​។ ដូច្នេះ វា​មានន័យថា ទឹក​មាន​តិចជាង​មុន​សម្រាប់​ប្រទេស​ទាំងនោះ ដោយសារតែ​មធ្យោបាយ​ទឹក​ទន្លេមេគង្គ​ដែល​ហូរ​មកក្រោម​បាន មានតែ​តាម​ទ្វា​ទំនប់​ពី​ចិន​ម​ក‍​»​។​

​បើទោះបីជា​អ្នកជំនាញ​មើលឃើញ​លទ្ធភាព​នៃ​ការដើរ​ចេញពី​ការសាងសង់​ទំនប់​វា​រី​អគ្គិសនី​ទៅរក​ការផលិត​ថាមពល​កកើត​ឡើងវិញ​ក្តី ក៏​លទ្ធភាព​នេះ​មិនអាច​កើតឡើង​បានដែរ​ក្នុងពេល​ឆាប់ៗ​នេះ ដោយសារតែ​ដំណើរការ​ថាមពល​កកើត​ឡើងវិញ​នេះ​ត្រូវការ​ថវិកា​ខ្ពស់ និង​ប្រព័ន្ធគ្រប់គ្រង​ដ៏​ជំនាញ​បំផុត​។​

​លើសពីនេះ សេដ្ឋកិច្ច​របស់​ប្រទេស​ដែលជា​សមាជិក​គណៈកម្មាកា​រ​ទន្លេមេគង្គ ជាពិសេស​ឡាវ និង​កម្ពុជា មិន​អំណោយផល​ឡើយ ហើយ​ប្រទេស​ទាំងនេះ​ត្រូវការ​ប្រភព​ថាមពល​ដែលមាន​តម្លៃថោក ដើម្បី​ផ្គត់ផ្គង់​តម្រូវការ​ក្នុងស្រុក​របស់ខ្លួន​៕



សូមចុចទៅប្រភពដើម VOA ត្រង់នេះ


© រក្សាសិទ្ធិដោយ thmeythmey.com