អន្តរជាតិ
ចិន រំពឹងថា ខួប​លើក​ទី​២៥​នៃ​កិច្ចសន្ទនា​ចិន​-​អាស៊ាន នឹង​ក្លាយជា​ឱកាស​នៃ​ការកសាង​ភាពជិតស្និទ្ធ​
31, Aug 2016 , 5:14 pm        
រូបភាព
ដោយ:
​នៅ​សប្តាហ៍​ក្រោយនេះ កិច្ចប្រជុំ​កំពូល​ពាក់ព័ន្ធ​របស់​អា​ស៊ាន អាស៊ី​បូព៌ា និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​ផ្សេងៗ ដែល​នឹង​ប្រព្រឹត្តឡើង​ក្នុង​ក្រុង​វៀងចន្ទន៍ និង​មាន​ឡាវ​ធ្វើជា​ម្ចាស់ផ្ទះ នឹងត្រូវ​ចាប់ផ្តើម​ហើយ​។ មេដឹកនាំ​កំពូល​ក្នុង​តំបន់​ដែល​រួមមាន​ទាំង​ប្រធានាធិបតី​អាមេរិក បា​រ៉ា​ក់ អូ​បា​ម៉ា ក៏​នឹងមាន​វត្ត​មាននៅ​ទីនោះ​ផងដែរ​។ ដោយឡែក​សម្រាប់​ភាគី​ចិន នឹងមាន​លោកនាយក​រដ្ឋមន្ត្រី លី ឃឺ​ឈាំ​ង​ចូលរួម ដែល​លោកនាយក​រដ្ឋមន្ត្រី​ក៏​នឹង​យក​ឱកាស​នេះ​ដើម្បី​ប្រារព្ធ​ខួប​លើក​ទី​២៥​នៃ​ទំនាក់ទំនង​អាស៊ាន​-​ចិន​ផងដែរ​។



​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន លោកស្រី Hua Chunyiing នៅ​ថ្ងៃទី​៣០ ខែសីហា ម្សិលមិញ បាន​ថ្លែង​នាឱកាស​សង្ខេប​ព័ត៌មាន​ប្រចាំថ្ងៃ​ថា លោកនាយក​រដ្ឋមន្ត្រី លី ឃឺ​ឈាំ​ង នឹងចូលរួម​កិច្ចប្រជុំ​អាស៊ី​បូព៌ា​លើក​ទី​១១​នៅក្នុង​ក្រុង​វៀងចន្ទន៍​នៃ​ប្រទេស​ឡាវ ដែលជា​កន្លែង ដែល​លោក ត្រូវបំពេញ​ទស្សនកិច្ច​តាម​ការអញ្ជើញ​របស់​នា​យក​រដ្ឋមន្ត្រី​ឡាវ លោក ថង​លូន ស៊ី​សូលី​ត​ផង​ដែរនោះ​។ អ្នកនាំពាក្យ​រូបនេះ ក៏បាន​អះអាង​ដែរ​ថា វត្តមាន​របស់លោក​នាយ​ក​រដ្ឋមន្ត្រី​ចិន ក្នុង​កិច្ចប្រជុំ នឹង​ជួយ​លើកកម្ពស់​ចំណងមិត្តភាព​ចិន​-​អាស៊ាន និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ក្នុង​តំបន់​ផងដែរ​។

​នាឱកាស​ដដែល​នោះ លោកស្រី Hua ក៏បាន​សង្កត់ធ្ងន់​ដែរ​ថា «​ភាគី​ចិន បាន​ត្រៀមខ្លួន​រួចរាល់​ហើយ​ដើម្បី​ធ្វើការ​ជាមួយនឹង​អាស៊ាន​ក្នុងការ​ដំណើរការ​កិច្ចប្រជុំ​ប្រកបដោយ​ជោគជ័យ ក៏ដូចជា ឆក់យក​ឱកាស​នៃ​ខួប​រម្លឹក​លើក​ទី​២៥​នៃ​កិច្ចសន្ទនា​អាស៊ាន​-​ចិន ឲ្យ​ក្លាយជា​ឱកាស​ដើម្បី​កសាង​ទំនាក់ទំនង​ជិតស្និទ្ធ​នៃ​សហគមន៍​ចិន​-​អាស៊ាន​ដែលមាន​ជោគវាសនា​រួមគ្នា​ផងដែរ​»​។

​តាមពិតទៅ ដៃគូ​សន្ទនា​របស់​អាស៊ាន សរុប​មាន​១០​ភាគី រួមមាន អូស្ត្រាលី កាណាដា ចិន សហភាព​អឺរ៉ុប ឥណ្ឌា ជប៉ុន ណូ​វែ​ល​ហ្សេ​ឡង់ កូរ៉េខាងត្បូង រុស្ស៊ី និង​សហរដ្ឋអាមេរិក​។ តែ​ក្នុងចំណោម​ដៃគូ ទាំង​១០​នេះ ចិន គឺជា​គូ​ដៃ​ពាណិជ្ជកម្ម​ដ៏​បំផុត​របស់​អាស៊ាន​។ ចិន បាន​ចាប់ដំណើរការ​នៃ​ការសុំ​ជា​ដៃគូ​សន្ទនា​របស់​អាស៊ាន​នៅ​ឆ្នាំ​១៩៩១ និង​បាន​ក្លាយជា​ដៃគូ​សន្ទនា​ពេញសិទ្ធិ​នៅ​ឆ្នាំ​១៩៩៦​។ រយៈពេល​ជាង​២​ទសវត្សរ៍​នេះ ចិន ពិតជា​បាន​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ច​អាស៊ាន និង​ប្រទេស​កំពុងអភិវឌ្ឍន៍​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍​។​

១. អាស៊ាន​ទទួលផល​ច្រើន​ពី​ចិន​តាមរយៈ​កិច្ចសហប្រតិបត្តិការ​ពា​ណិ​ជ្ជ​កម្ម​?
​តាម​ការអះអាង​របស់​លោក Xu Bu អគ្គរដ្ឋទូត​ចិន​ប្រចាំ​អាស៊ាន ទំហំ​ពាណិជ្ជកម្ម​រវាង​ចិន​មកកាន់​អាស៊ាន បាន​កើន​ដល់​៤៧២​ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ​២០១៥ ដែល​ទំហំ​នេះ ធ្វើ​ឲ្យ​ចិន នៅតែ​ជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​បំផុត​របស់​អាស៊ាន​ដដែល​ខណៈ​ទំហំ ពាណិជ​ម្ម​អាស៊ាន​ទៅកាន់​ចិន នៅ​លំដាប់​ទី​៣​ដដែល​ផងដែរ​នោះ​។ ចិន បាន​ក្លាយជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​បំផុត​របស់ អាស៊ាន​ចាប់តាំងពី​ឆ្នាំ​២០០៩​មក​។ និយាយ​ឲ្យ​ខ្លី​ទៅ ដង្ហើម​សេដ្ឋកិច្ច​អាស៊ាន ពឹងផ្អែក​ទៅលើ​ចិន​ខ្លាំង​។

​បើ​យោងតាម Focus Economics (​ស្ថាប័ន​ព្យាករណ៍​សេដ្ឋកិច្ច​មួយ​ដ៏​ល្បី​ដែលមាន​ទីស្នាក់ការ​កណ្តា​ល​នៅ Barcelona នៃ​ប្រទេស​អេ​ស្ប៉ា​ញ​) ប្រទេស​សមាជិក​អាស៊ាន​មាន​ទំហំ​ពាណិជ្ជកម្ម​ជាមួយ​ចិន​នៅក្នុង​ឆ្នាំ​២០១៥ (​គិតតែ​ការនាំ​ចេញទៅ​ចិន​)​ក្នុង​ទំហំ​ដូចជា ព្រុយ​ណេ ១.៤​ពាន់​លាន​ដុល្លារ​, កម្ពុជា ៣.៨​ពាន់​លាន​ដុល្លារ​, ឥណ្ឌូនេស៊ី ៣៤.៣ ពាន់​លាន​ដុល្លារ​, ឡាវ ១.៣ ពាន់​លាន​ដុល្លារ​, មី​យ៉ាន់​ម៉ា ៩.៤ ពាន់​លាន​ដុល្លារ​, ម៉ាឡេស៊ី ៤៤.២ ពាន់​លាន​ដុល្លារ​, ហ្វីលីពីន ២៦.៧​ពាន់​លាន​ដុល្លារ​, សិង្ហ​បុរី ៥៣.១ ពាន់​លាន​ដុល្លារ ថៃ ៣៨.៣ ពាន់​លាន​ដុល្លារ និង​វៀតណាម ៦៦.៤ ពាន់​លាន​ដុល្លារ​។

​ក្រៅពី​ទំនាក់ទំនង​ពាណិជ្ជកម្ម តាមរយៈ​កិច្ចសហប្រតិបត្តិការ​ជាមួយ​ចិន អាស៊ាន និង​រដ្ឋ​អាស៊ាន ក៏​ទទួលបាន​ផលប្រយោជន៍​ជាច្រើន ពី​គម្រោង និង​គំនិត​ផ្តួចផ្តើម​ដែល​បង្កើតឡើង​ដោយ​ចិន​ក្នុង​ដំណើរ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​របស់​អាស៊ាន​ផងដែរ​។ គំនិត​ផ្តួចផ្តើម​ទាំងនោះ មានដូចជា គំនិត​ផ្តួចផ្តើម​ខ្សែក្រវ៉ាត់​មួយ និង​វិថី​មួយ (OBOR = One Belt One Road)  ធនាគារ​វិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ​អាស៊ី (AIIB) និង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​ក្នុង​តំបន់​គ្រប់​ជ្រុងជ្រោយ  (RCEP) ដែលជា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ដ៏​ធំ​មួយ​ដែល​ចិន និង​អាស៊ាន គ្រោង​នឹង​បញ្ចប់​ការចរចា​នៅ​ឆ្នាំ​២០១៦​នេះ​ជាដើម​។​

២. ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង ធ្វើ​អាស៊ាន និង​ចិន មានការ​ទើសទាល់​នឹង​គ្នា
​បើទោះបីជា​ចិន គឺជា​ដៃគូ​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​ដ៏​ធំ​បំផុត​របស់​អាស៊ាន​ក៏ដោយ ភាគី​ទាំងពីរ នៅតែ មាន​បញ្ហា​ស្រពេចស្រពិល​ជាមួយនឹង​គ្នា​មួយចំនួន ដែល​បញ្ហា​នេះ ធ្វើ​ឲ្យ​អាស៊ាន​-​ចិន មិនអាច​បង្កើត ទំនុកចិត្ត​ឲ្យ​គ្នា​បាន​ពេញលេញ​។ ហើយ​បញ្ហា​នោះ​គឺ ជម្លោះ​ដែន​អធិបតេយ្យ​សមុទ្រ​ចិន​ខាងត្បូង​។ ចិន បានទាមទារ​ស្ទើរតែ​តំបន់​ទាំងស្រុង​នៃ​តំបន់​ជម្លោះ​ដោយ​ផ្អែក​តាម​កត្តា​ប្រវត្តិសាស្ត្រ ខណៈ​រដ្ឋ​ពាក់ព័ន្ធ​អាស៊ាន​ដូចជា ព្រុយ​ណេ ម៉ាឡេស៊ី ហ្វីលីពីន និង​វៀតណាម បានទាមទារ​ដោយ​យោងតាម​កត្តា​ច្បាប់​(​អនុ​ញ្ញា​ស្តីពី​ច្បាប់​សមុទ្រ​ឆ្នាំ​១៩៨២)​។

​កន្លងមក​ដោយសារតែ​ជម្លោះ​ដ៏​ចម្រូងចម្រាស​នេះ បានធ្វើ​ឲ្យ​កិច្ចប្រជុំ​អាស៊ាន និង​ចិន បាន​ក្លាយជា​សមរភូមិ​មួយ​ក្នុង​ការដំឡើង​សរសៃ​ក​ដាក់គ្នា​។ ជាពិសេស​នោះ​ហ្វីលីពីន​និង​វៀតណាម​តែងតែ​ប្រឈមមុខគ្នា​ខ្លាំង​ជាមួយនឹង​ចិន​ជាច្រើនលើក​ច្រើនសារ​មក​ហើយ​។ យ៉ាងណាក៏ដោយ ក្នុង​កិច្ចប្រជុំ​អាស៊ាន​-​ចិន​លើក​នេះ ត្រូវបាន​រំពឹងថា នឹងមិន​មានការ​ប្រឈមមុខ​គ្នា​ខ្លាំង​ផ្នែក​ការទូត​ឡើយ ដ្បិត​ប្រមុខរដ្ឋ​ហ្វីលីពីន​ថ្មី បានប្រកាសថា លោក នឹងមិន​ធ្វើ​ឲ្យ​បរិយាកាស​ក្នុង​កិច្ចប្រជុំ​ត្រូវ​អាប់អួរ​ដោយ​បញ្ហា​នេះឡើយ​៕


Tag:
 ចិន​
  អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com