ជាតិ
វិនិយោគិន បង្កើន​ការផលិត ផលិតផល​សរីរាង្គ​
17, Sep 2016 , 10:30 am        
រូបភាព
ទិដ្ឋភាព​ផ្សារណាត់​លក់​បន្លែ​សរីរាង្គ ដែល​បានដាក់​ឲ្យ​ដំណើរការ​កាលពី​ថ្ងៃទី ២០ ខែកុម្ភៈ​ឆ្នាំ ២០១៦ នៅ​ពីមុខ​ផ្សារ​កំពង់ស្ពឺ ក្នុង​ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ​
ទិដ្ឋភាព​ផ្សារណាត់​លក់​បន្លែ​សរីរាង្គ ដែល​បានដាក់​ឲ្យ​ដំណើរការ​កាលពី​ថ្ងៃទី ២០ ខែកុម្ភៈ​ឆ្នាំ ២០១៦ នៅ​ពីមុខ​ផ្សារ​កំពង់ស្ពឺ ក្នុង​ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ​
ដោយ:
​ភ្នំពេញ​៖ ក្រុមហ៊ុន​សហករណ៍​ស​រី​រា​ង្គ​ខ្មែរ ដែល​ដាំ​ដំណាំ​សរីរាង្គ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ បានប្រកាស​ជួយ​ជំរុញ​កសិករ​ខ្មែរ ឲ្យ​ពង្រីក​ការដាំដុះ​ដំណាំ​សរីរាង្គ សម្រាប់​ការផ្គត់ផ្គង់​តម្រូវការ​ក្នុងស្រុក និង​នៅ​ទីផ្សារ​អន្តរជាតិ​។



​ការប្រកាស​ដូច្នេះ កើតមានឡើង នៅមុន​ពេល​ក្រុមហ៊ុន​សហករណ៍​សរីរាង្គ​ខ្មែរ​នេះ ចុះ​កិច្ចព្រមព្រៀង​សហការ​ជាមួយ​ភ្នាក់ងារ​កិច្ចសហប្រតិបត្តិការ​អា​ល្លឺ​ម៉​ង់ (GIZ) ដើម្បី​ជំរុញ​ឲ្យ​កសិដ្ឋាន​ចំនួន​ពីរ​ដែល​ផ្ដោតលើ​ផ្លែឈើ និង​បន្លែ​របស់​ក្រុមហ៊ុន ទទួលបាន​វិញ្ញាបនបត្រ​សរីរាង្គ នៅ​ខែកុម្ភៈ ឆ្នាំ​២០១៨​។​

​ក្រុមមន្ត្រី និង​អ្នកជំនាញ​កសិកម្ម យល់ថា ការជំរុញ​នេះ អាចធ្វើ​ទៅបាន​ជោគជ័យ ប្រសិនបើ​ប្រជាកសិករ​យល់ព្រម​សហការ ដាំ​ដុះ​ដំណាំ​សរីរាង្គ តាម​ការចុះ​កិច្ចព្រមព្រៀង​រវាង​កសិក​រ និង​អ្នកបញ្ជា​ទិញ ព្រោះ​កម្ពុជា​ពុំទាន់​មានការ​កំណត់​បទដ្ឋាន​សម្រាប់​ទទួលស្គាល់​ផលិតផល​សរីរាង្គ​ថ្នាក់ជាតិ​នៅឡើយ​ទេ ហើយ​ការផ្គត់ផ្គង់​ក៏​មិនទាន់​អាចបំពេញ​តម្រូវការ​អ្នកប្រើប្រាស់​ក្នុងស្រុក​បាន​គ្រប់គ្រាន់​នោះដែរ​។​

​លោក អៀង សុធា​រ៉ា ស្ថាបនិក​ក្រុមហ៊ុន​សហករណ៍​សរីរាង្គ​ខ្មែរ បាន​ថ្លែងប្រាប់ ក្រុម​អ្នកជំនាញ​កសិកម្ម និង​ដៃគូ​សហប្រតិបត្តិការ GIZ ថា ការចុះ​កិច្ចព្រមព្រៀង​នេះ នឹង​បើកផ្លូវ​ឲ្យ​មានការ​បង្កើត​ប្រព័ន្ធ​ត្រួតពិនិត្យ​ផ្ទៃក្នុង​សម្រាប់​ពិនិត្យ​គុណភាព​កសិកម្ម និង​កសិផល ដែលជា​ផ្នែក​មួយ ធានា​ដល់​ការធ្វើ​ឲ្យ​កសិដ្ឋាន​ទាំងពីរ​របស់​ក្រុមហ៊ុន​លោក ទទួលបាន​វិញ្ញាបនបត្រ​សរីរាង្គ​។​

​លោក​និយាយថា ប្រជាកសិករ​ខ្មែរ នឹង​ទទួលបាន​ប្រយោជន៍​កាន់តែច្រើន​ថែមទៀត នៅពេល​កសិដ្ឋាន​ទាំងពីរ​នោះ ត្រូវបាន​ទទួលស្គាល់​ជា​លក្ខណៈ​អន្តរជាតិ​ថា ជា​កសិដ្ឋាន​សរីរាង្គ​។​

​លោក អៀង សុធា​រ៉ា បន្តថា ការបណ្ដុះបណ្ដាល​កសិក​រ​ខ្មែរ ឲ្យ​ដាំ​ដំណាំ​សរីរាង្គ​នឹង​ធ្វើឡើង​ទូទាំងប្រទេស ដើម្បី​ពង្រីក​ផលិតកម្ម ការផ្គត់ផ្គង់ និង​នាំ​ចេញទៅ​ក្រៅប្រទេស​។​

«​នៅពេលនោះ កសិផល​របស់​កសិក​រ​ខ្មែរ​យើង ទទួលបាន​ការទុកចិត្ត​អំពី​គុណភាព ដែល​នាំ​ឲ្យ​អាច​នាំ​រក​ទីផ្សារ​ក្នុងស្រុក និង​ទីផ្សារ​នាំចេញ​បាន​ផងដែរ ហើយក៏​អាច​រកប្រាក់​ចំណូល​ដល់​កសិករ​យើង និង​ជួយ​ដល់​សេដ្ឋកិច្ចជាតិ​ផងដែរ​»​។​

​ក្រុមហ៊ុន​សហករណ៍​ស​រី​រា​ង្គ​ខ្មែរ កំពុងធ្វើការ​ជាមួយ​ក្រុមហ៊ុន​ដាំ​ដំណាំ​សរីរាង្គ​ចំនួន​បី​ផ្សេងទៀត​ដើម្បី​ដំណើរការ​កសិដ្ឋាន​ចំនួន​ពីរ ដែល​ទីមួយ ស្ថិតនៅក្នុង រមណីយដ្ឋាន Picnic ស្ថិតនៅតាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៤ និង​ទី​ពីរ​ស្ថិតក្នុង​ឃុំ ជ្រោយ​ស្វាយ ស្រុក ស្រែអំបិល ខេត្តកោះកុង​។​

​ក្រុមហ៊ុន ដែល​នឹង​ចេញ​វិញ្ញាបនបត្រ​ដល់ កសិដ្ឋាន​ទាំងពីរ​នេះ គឺ​ក្រុមហ៊ុន Control Unio ជា​បណ្ដាញ​សកល​មួយ ដែលមាន​ជំនាញ​ក្នុង​ត្រួតពិនិត្យ​ផលិតផល​ជាច្រើន​រាប់​តាំងពី​ផលិតផល​កសិកម្ម​រហូត​ដល់​ឧស្សាហកម្ម​។​

​ក្រុមហ៊ុន​នេះ​មា​នទី​ស្នាក់​កណ្ដាល​ក្នុងប្រទេស​ហូ​ឡង់ នៃ​សហភាព​អឺរ៉ុប​។​

​ប្រទេស​កម្ពុជា បាន​ពឹង​ផ្អែកលើ​ការ​នាំចូល​បន្លែ​ពី​ប្រទេស​ក្បែរ​ខាង​ប្រមាណ ៥០​ភាគរយ​។ នេះ​បើ​យោងទៅតាម​ការបញ្ជាក់​ពី​អ្នកជំនាញ​កសិកម្ម​នៃ​អង្គការ CEDAC​។ អង្គការ​នេះ បាន​ឲ្យ​ដឹងថា កសិករ​ខ្មែរ អាច​ផលិត​បាន​បន្លែ ៥០​ភាគរយ​ទៀត​សម្រាប់​ការផ្គត់ផ្គង់​ក្នុងស្រុក ប៉ុន្តែ បន្លែ​សរីរាង្គ​ដែល​កសិករ​ខ្មែរ​ផលិត​បាន គឺមាន​ចំណែក​តែ​៥​ភាគរយ​ប៉ុណ្ណោះ​នៃ​ផលិតកម្ម​បន្លែ​ក្នុងស្រុក​ប្រមាណ​៥០​ភាគរយ​នេះ​។​

​លោក ហ៊ាន វណ្ណ​ហន អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​កសិកម្ម​របស់​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ប្រាប់ VOA នា​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា ការកំណត់​ប្រភេទ​ដំណាំ​សរីរាង្គ គឺជា​ដំណើរ​មួយ​ស្មុគស្មាញ និង​ទាមទារ​ឲ្យ​មានការ​ចូលរួម​ពី​កសិករ និង​អ្នកទទួល​ទិញ​ដំណាំ​សរីរាង្គ​នេះ​យកទៅ​កាន់​ទីផ្សារ​។​

​លោក​មានប្រសាសន៍ថា រាជរដ្ឋាភិបាល មិនទាន់​កំណត់​ឲ្យ​មាន​បទដ្ឋាន​ទទួលស្គាល់​ដំណាំ​ដែលមាន​តម្លៃ​ថ្លៃ​ជាង​ដំណាំ​ធម្មតា​នេះ ក្នុង​កម្រិត​ថ្នាក់ជាតិ​នៅឡើយ​នោះទេ ដោយ​រង់ចាំ​ការស្រុះស្រួល​គ្នា​មួយ​ពី​ប្រទេស​អាស៊ាន​ទាំង​១០ ដើម្បី​កំណត់​បទដ្ឋាន​សរីរាង្គ​រួមមួយ​។​

​លោក​ថ្លែងថា ក្នុង​គ្រា​ដែល​មិនទាន់មាន​ការកំណត់​ប​ទ​ដ្ឋា​ន​ជាតិ​បែបនេះ ក្រុម​អ្នកវិនិយោគ ដែល​ចង់​ពង្រីក​ផលិតកម្ម​ដំណាំ​ប្រភេទ​នេះ ត្រូវ​រក​សហការ​ជាមួយ​កសិករ​តាម​ការចុះកិច្ចសន្យា​ផលិត និង​លក់​ទៅ​ទីផ្សារ​ជាក់លាក់​មួយ​។​

«​អា Organic Farming ហ្នឹង វា​ដើរ​ទៅបាន​លុះត្រា​តែមាន Contract farming វា​មិនអាច​កសិករ Individual នៅ​សុខៗ ហើយ​គាត់​ទៅធ្វើ Organic ម្នាក់ឯង​ទេ​។ វា​ខុសពី​សង្វាក់​ផលិតកម្ម​ធម្មតា លុះត្រាតែ​មានការ យក​ល្អ​ចងក្រង​ជា​អង្គការ​កសិករ ហើយ​មាន Contract farming ជាមួយ​អ្នកទិញ អាហ្នឹង​បាន​គួរតែ​ផលិត បើ​មិន​ច្បាស់លាស់ អាហ្នឹង​មិនគួរ​នឹង​ផលិត​ទេ​»​។​

​លោក គា​ម មករា​ឌី ប្រធាន​ផ្នែក​បរិស្ថាន និង​សុខភាព​នៃ​អង្គការ CEDAC ដែល​កំពុង​ដាក់​ឲ្យ​ដំណើរការ​ហាង​លក់​ផលិតផល​សរីរាង្គ​ជាច្រើន​ក្នុង​រាជធានី​ភ្នំពេញ ប្រាប់ VOA ថា ការផ្គត់ផ្គង់​ផលិតផល​សរីរាង្គ ជាពិសេស​បន្លែ​សរីរាង្គ​នៅ​មិនទាន់​គ្រប់គ្រាន់​នៅក្នុង​ស្រុក​នោះទេ​។​

​ហេតុដូចនេះ លោក​ថា ការនាំចេញ​អាច​ត្រូវ​ប្រើពេល​ច្រើន​ឆ្នាំ​ទៅមុខទៀត សម្រាប់​ក្រុមហ៊ុន​សហករណ៍​សរីរាង្គ​ខ្មែរ ដែល​លោក​ជឿថា មាន​សក្ដានុពល​ខ្លាំង​ក្នុង​ការពង្រីក​ការដាំដុះ​ដំណាំ​សរីរាង្គ​នេះ​។​

​លោក គា​ម មករា​ឌី ថ្លែងថា  CEDAC នឹង​សហការ​ជាមួយ​ក្រុម​អង្គការ ឬ​អ្នកវិនិយោគ​ដែលមាន​បំណង​ពង្រីក​វិសាលភាព​នៃ​ការដាំដុះ​ដំណាំ​សរីរាង្គ​ដែល​មិន​ប្រើ​សារធាតុ​គីមី​នេះ ប្រសិនបើ​គម្រោង​អភិវឌ្ឍ​ទាំងនោះ មាន​ភាពស្មោះត្រង់ និង​ជួយ​កសិករ​ពិតប្រាកដ​នោះ​។​

«​យើង​នៅតែមាន​ការសហការ​គ្នា ក្នុងការ​ជំរុញ​នេះ ហ្នឹង​គឺ​ឲ្យ​តែមាន ភាពស្មោះត្រង់​ហើយ​និង​ជួយ​កសិករ​ពិតប្រាកដ​អី​អញ្ចឹង​ទៅណា៎​»​។​

​អ្នកជំនាញ​នៃ​ភ្នាក់ងារ​កិច្ចសហប្រតិបត្តិការ​អា​ល្លឺ​ម៉​ង់ (GIZ) មើលឃើញថា ប្រទេស​កម្ពុជា មាន​សក្ដានុពល​ក្នុងការ​ពង្រីក​ការផលិត ផលិតផល​សរីរាង្គ ដោយសារតែ​ប្រជារាស្ត្រ​ខ្មែរ មានបទពិសោធន៍​ដាំ​ដុះ​តាមបែប​បុរាណ​ជា​យូរណាស់​មកហើយ​។​

​ប្រជាពលរដ្ឋ​ខ្មែរ​នាពេល​បច្ចុប្បន្ន ត្រូវការ​បន្លែ​ជាង​៤០០​តោន សម្រាប់​ការបរិភោគ​ក្នុង​មួយថ្ងៃៗ​។ អ្នកជំនាញ​កសិកម្ម ថ្លែងថា កម្ពុជា​ត្រូវធ្វើ​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ដូចជា​ប្រព័ន្ធធារាសាស្ត្រ​បន្ថែមទៀត សម្រាប់​ការដាំដុះ​បន្លែ​ធម្មតា និង​បន្លែ​សរីរាង្គ ដើម្បី​កាត់បន្ថយ​ការនាំ​ចូល​ពី​ប្រទេស​ក្បែរ​ខាង​ដូចជា​ប្រទេស​វៀតណាម​ជាដើម​៕

​សូមចុចទៅប្រភពដើម VOA ត្រង់នេះ

© រក្សាសិទ្ធិដោយ thmeythmey.com