ជាតិ
សម្ដេច ហ៊ុន សែន សម្រេច​ឲ្យ​សិស្ស​និទ្ទេស A,B,C ប្រឡង​គ្រូ​ដែរ ដើម្បី​ផ្ដល់​យុត្តិធម៌​ដល់​និ​ទ្ទេស D,E
21, Sep 2016 , 8:19 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថា សិស្ស​ប្រឡង​ជាប់​និទ្ទេស A,B,C នៅ​ឆ្នាំនេះ​ត្រូវ​ប្រឡង​ចូល​ក្របខណ្ឌ​គ្រូបង្រៀន ដូច​សិស្ស​ជាប់​បាក់​ឌុប​និទ្ទេស D និង E ដទៃទៀត​ដែរ ពោលគឺ​មិនអាច​ផ្ដល់​អាទិភាព​ឲ្យ​បេក្ខជន​និទ្ទេស A​ដល់​C ទាំងនេះ ជាប់​ក្របខណ្ឌ​គ្រូបង្រៀន ដោយ​ស្វ័យប្រវត្តិ​ឡើយ​។ ការប្រកាស​របស់​ប្រមុខ​រដ្ឋាភិបាល​បែបនេះ ក្រោយពី​ពិនិត្យឃើញថា សិស្ស​ប្រឡង​ជាប់​និទ្ទេស A,B,C នៅ​ឆ្នាំនេះ មាន​ចំនួន​ច្រើនជាង​ឆ្នាំមុន ដែល​បរិមាណ​នេះ​ហួសការ​កំណត់​ក្របខណ្ឌ​គ្រូបង្រៀន ដែល​រដ្ឋាភិបាល​កំណត់​មួយឆ្នាំ ចំនួន​តែ​៣​ពាន់​នាក់​ប៉ុណ្ណោះ​។​



​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាក់ថា មូលហេតុ​ដែល​លោក​សម្រេច​ឲ្យ​បេក្ខជន A​ដល់​C ប្រឡង​គ្រូ​ដែរនោះ គឹ​ដើម្បី​ផ្ដល់​ភាពយុត្តិធម៌​ក្នុងសង្គម សម្រាប់​សិស្ស​ដែល​ប្រឡង​ជាប់​និទ្ទេស D និង E ដោយ​សម្ដេច ផ្ដាំ​សិស្ស​ជាប់​និទ្ទេស​ល្អ​ទាំងនេះ​ថា «​តាំងខ្លួន​ជា​អ្នកខ្លាំង​ហើយ មិន​ខ្លាច​ប្រឡង​ទេ​»​។​

​ថ្លែង​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​សិស្ស​ជាប់​និទ្ទេស​A ៤០៥​នាក់​ព្រឹក​នេះ​សម្ដេច ហ៊ុន សែន បាន​បញ្ជាក់ថា «​ឆ្នាំទៅ​មាន​ករណី​សម្រេច​ពិសេស​មួយ ដោយ​ឲ្យ​សិស្ស​ជាប់​និទ្ទេស A,B,C ជាប់​ជា​ស្វ័យប្រវត្តិ​ធ្វើ​គ្រូ​១២០០​។ ប៉ុន្តែ​ឥឡូវនេះ​បើសិនជា​បើក​ករណី​ដូចគ្នា គ្រោះ​ថា្នក់​ហើយ​។​ច្រើនជាង ព្រោះ​ឆ្នាំទៅ​ចំនួន​វា​តិច​។ ឥឡូវ​បើ​យើង​គិត​ណាស់​គ្រូ​មួយឆ្នាំ​ឲ្យ​ក្របខណ្ឌ​តែ​៣​ពាន់​នាក់​ទេ ប៉ុន្តែ​សិស្ស​យើង​ដែល​បាន​ជាប់ គ្រាន់តែ​និទ្ទេស​B នេះ មាន​២៨០០​នាក់​ហើយ C មាន​៥៥៩៥​នាក់ ដូច្នេះ​បញ្ហា​នៅទីនេះ​។​តាំងខ្លួន​ជាខ្លាំង​ហើយ មិន​ខ្លាច​ប្រឡង​ទេ​។ ប្រឡង​ទើប​វា​យុត្តិធម៌ … ដើម្បី​ភាពយុត្តិធម៌​ការប្រឡង​គ្រូ​ត្រូវតែ​ប្រឡង ទោះបី​ជាប់​និទ្ទេស​ណាក៏ដោយ​»​។​

​បើតាម​ប្រមុខ​រដ្ឋាភិបាល ដើម្បី​ធានា​គុណភាព​គ្រូបង្រៀន​នៅ​កម្ពុជា​នោះ លុះត្រាតែ​មានការ​ប្រឡង​ពី​សិស្ស​គ្រប់​និទ្ទេស​ទាំងអស់ ក្នុងការ​ទទួលបាន​កៅអី​គ្រូបង្រៀន ក្នុង​ក្របខណ្ឌ​គ្រូ​ចំនួន​៣​ពាន់​នាក់​នេះ​។​

​បេក្ខជន​ប្រឡង ជាប់​សញ្ញាបត្រ​ទុតិយ​ស​ភូមិ (​បាក់​ឌុប​) នៅ​ឆ្នាំនេះ មាន​ចំនួន ៥៥ ៧៥៣​នាក់ ត្រូវជា ៦២,១៨% នៃ​បេក្ខជន​វត្តមាន​ចំនួន ៨៩ ៦៦១​នាក់ ។ បេក្ខជន​ទទួលបាន​និទ្ទេស A មាន​ចំនួន ៤០៥ នាក់ ក្នុងចំណោម​បេក្ខជន​ប្រឡង​ជាប់​បាក់​ឌុប​ឆ្នាំនេះ​។ រីឯ បេក្ខជន​ជាប់​និទ្ទេស B មាន​ចំនួន ២ ៨០១, និទ្ទេស C មាន​ចំនួន ៥ ៥៩៥ នាក់​, និទ្ទេស D មាន​ចំនួន ៨ ៨៣៥ នាក់ និង​និទ្ទេស E មាន​ចំនួន ៣៨ ១១៧ នាក់​។​

​គួរ​ជម្រាប​ផងដែរ កាលពី​ដំណើរការ​រឹតបន្តឹង​ការប្រឡង​លើក​ទី​១ ក្នុង​ឆ្នាំ​២០១៤ បេក្ខជន​ជាប់​បាក់​ឌុប​ទូទាំងប្រទេស​ក្នុងការ​ប្រឡង​ទាំងពីរ​លើក​មាន​ចំនួន ជាង ៣​ម៉ឺន​នាក់​ក្នុងចំណោម​បេក្ខជន​ប្រឡង​សរុប​ជាង ៧​ម៉ឺន​នាក់​ក្នុងនោះ បេក្ខជន​ជាប់​និទ្ទេស​មាន A ចំនួន ១១ នាក់​។ រីឯ លទ្ធផល​បាក់​ឌុប​ឆ្នាំ ២០១៥​បេក្ខជន​ប្រឡង​ជាប់​មាន​ចំនួន ៤៦ ៥៦០ នាក់​ស្មើនឹង ៥៥,៨៨ ភាគរយ​ចំណោម​បេក្ខជន​មាន​វត្តមាន​ក្នុងការ​ប្រឡង​សរុប ៨៣ ៣២៥ នាក់ ក្នុងនោះ បេក្ខជន​ជាប់​និទ្ទេស A មាន​ដល់​ទៅ ១០៨ នាក់​៕


Tag:
 ​ហ៊ុន សែន​
 ​ និទ្ទេស​A
  ​អប់រំ
© រក្សាសិទ្ធិដោយ thmeythmey.com