ពីនេះ ពីនោះ
តើ​ពេលណា​ត្រូវ​សរសេរថា «​សន្មតិ​» និង​«​សន្មត​»​នៅក្នុង​ភាសា​ខ្មែរ​?
04, Oct 2016 , 8:19 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ពាក្យ​ថា «​សន្មតិ​» និង​«​សន្មត​» សាធារណជន នៅមាន​ភាពមិនច្បាស់លាស់ នៅក្នុង​ការសរសេរ ថា​ពេលណា​ត្រូវ​«​សន្មតិ​» ហើយ​ពេលណា​ត្រូវ​សរសេរថា​«​សន្មត​»​។ មូលហេតុ គឺ​មិនសូវ​បាន​យល់​ពី​ក្បួន វេយ្យាករណ៍ នៃ​កិរិយាសព្ទ គុណសព្ទ នាមសព្ទ  បាលី និង​សំស្ក្រឹត​នៅក្នុង​ភាសា​ខ្មែរ​។ ពាក្យ​ថា «​សន្មតិ​» និង​«​សន្មត​» មាន​លក្ខខណ្ឌ​សរសេរ​ដូចខាងក្រោម​៖



​នៅក្នុង​ការសរសេរ​អត្ថបទ សាធារណជន​ត្រូវ​ចំណាំ​ក្នុង​ក្បួន​វេយ្យាករណ៍​ខ្មែរ​ថា បើ​ខ្លួន​ចង់​ប្រើពាក្យ​នេះ ជាក​រិ​យាស​ព្ទ គឺ​ត្រូវ​សរសេរថា​«​សន្មត​» ដែល​មានន័យថា តាំង​, តាំង​ឲ្យ​ជា​..., ទុកដាក់​ឲ្យ​ជា​..., បញ្ញត្ត​ឲ្យ​ដឹង ជាដើម​។ ប៉ុន្តែ ប្រើ​ជា​នាមសព្ទ គឺ​ចាំបាច់​ត្រូវ​សរសេរ​«​សន្មតិ » ដែល​មានន័យថា ការប្ដេជ្ញា​,​ការតាំង​, ការកំណត់​, ការ​ទុកដាក់​ជា​..., ប​ញ្ញ​តិ ជាដើម​។​

​ប៉ុន្តែ​ក្នុងករណី សាធារណជន សរសេរ​ពាក្យ​នេះ ផ្សំ​ជាមួយ​ពាក្យ​ថា «​ការ​, ក្ដី​, សេចក្ដី និង​ដំណើរ​» គឺ​មិនត្រូវ​សរស​រថា «​ការ​សន្មតិ , ក្ដី​សន្មតិ​, សេចក្ដី​សន្មតិ និង​ដំណើរ​សន្មតិ​» ឡើយ ព្រោះ​ការសរសេរ​បែបនេះ មិន​ត្រឹមត្រូវ​តាម​ក្បួន​វេយ្យាករណ៍​ខ្មែរ នោះទេ​។ មូលហេតុ​គឺ​ដោយសារ​ពាក្យ​ថា «​ការ​, ក្ដី​, សេចក្ដី និង​ដំណើរ​» ជា​នាមសព្ទ មិនអាច​យកមក​ផ្សំ​ជាមួយ​ពាក្យ​ថា «​សន្មតិ​»​បានទេ ព្រោះ​ជា​នាមសព្ទ​ដូចគ្នា​។​

​ដោយឡែក ចំពោះ​ពាក្យ​ថា «​ការ​, ក្ដី​, សេចក្ដី និង​ដំណើរ​»​នេះ ត្រូវ​ផ្សំ​ជាមួយ​ពាក្យ​ថា «​សន្មត​» ទើប​ត្រឹមត្រូវ​។ ឧទាហរណ៍​៖ «​ការ​សន្មត​, ក្ដី​សន្មត​, សេចក្ដី​សន្មត និង​ដំណើរ​សន្មត​»៕

​ដកស្រង់​ពី​វចនានុក្រម​ខ្មែរ​របស់​សម្ដេចព្រះសង្ឃរាជ ជួន ណាត​


Tag:
 ​ភាសា​ខ្មែរ​
© រក្សាសិទ្ធិដោយ thmeythmey.com