អន្តរជាតិ
មន្ត្រី​អា​ហ្វ​ហ្គា​នី​ស្ថាន​អះអាងថា​ពួកគេ​កំពុង​ទទួលជោគជ័យ​ក្នុង​សមរភូមិ​នៅ​ក្រុង Lashkar Gah
18, Oct 2016 , 12:19 pm        
រូបភាព
ដោយ: VOA
​កងកម្លាំង​សន្តិសុខ​ក្នុងប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន បាន​អះអាងថា​ពួកគេ​បាន​វាយ​រុញច្រាន​ពួក​តា​លី​បាន់​ពី​ផ្នែក​នានា​នៃ​ទី​រួម​ខេត្ត​សំខាន់​មួយ​ក្នុង​ប៉ែក​ខាងត្បូង​ប្រទេស​ហើយ​បានសម្លាប់​ពួក​ប្រឆាំង​ច្រើន​នាក់ នៅពេលដែល​អរិភាពរ​បស់​ពួក​បះបោរ​ហាក់ដូចជា​បាន​ចុះថមថយ​នៅក្នុង​ខេត្ត​ឯទៀតៗ​ដែលមាន​សង្គ្រាម​។​



​ពួក​បះបោរ​នេះ​បាន​បើក​ការវាយលុក​ធំ​មួយ​លើ​ក្រុង Lashkar Gah ដែលជា​ទីក្រុង​នៃ​ខេត្ត Helmand កាល​ពីមួយ​សប្តាហ៍​មុននេះ ដោយបាន​ជម្រុល​ទៅមុខ​ទៅក្នុង​ផ្នែក​នានា​នៃ​ក្រុង​នេះ​ដែល​ជិត​ត្រូវ​ឡោមព័ទ្ធ​ទាំងស្រុង​។​

​ពួក​ទាហាន​រដ្ឋាភិបាល​អា​ហ្វ​ហ្គា​នី​ស្ថាន​រាប់សិប​នាក់​បាន​បាត់បង់​ជីវិត​នៅក្នុង​ការប៉ះទង្គិច​គ្នា​ក្នុង​ថ្ងៃ​បន្ទាប់​មកហើយ​មាន​ទាហាន​ច្រើន​នាក់​ត្រូវរបួស​ផងដែរ បណ្តាលឱ្យ​ក្រុម​យោធា​ស​.​រ​.​អា​.​ធ្វើការ​វាយប្រហារ​តាម​អាកាស​ដើម្បី​គាំទ្រ​កងកម្លាំង​រដ្ឋាភិបាល​។​

​លោក​អភិបាលខេត្ត Helmand បាន​និយាយប្រាប់ VOA កាលពី​ថ្ងៃអាទិត្យ​ថា​កងកម្លាំង​សន្តិសុខ​របស់​រដ្ឋាភិបាល​បាន​វាយ​យកបាន​មកវិញ​នូវ​តំបន់​ខ្លះៗ​ដែល​ពួកគេ​បាន​បាត់បង់​ទៅក្នុង​កណ្តាប់ដៃ​ពួក​តា​លី​បាន់ ដែល​ការយក​បានមក​វិញ​នេះ​មានការ​គាំទ្រ​ពី​កងកាំភ្លើងធំ និង​ការវាយប្រហារ​តាម​អាកាស​។​

​លោក Hayatullah Hayat អភិបាលខេត្ត Helmand បាន​និយាយ​អះអាងថា ការវាយលុក​នេះ​បាន​បណ្តាលឱ្យ​យុទ្ធ​ជនតា​លី​បាន់​៨៨​នាក់​ស្លាប់ ដោយមាន​រួមបញ្ចូល​ទាំង​ពួក​យុទ្ធជន​បរទេស​ផងដែរ ហើយ​មាន​ពួក​តា​លី​បាន់​៩០​នាក់​ទៀត​បាន​ត្រូវរបួស​។​

​អភិបាលខេត្ត​រូបនេះ​បាន​និយាយ​អះអាងថា «​ឡាន​មួយចំនួន​មាន​ផ្ទុក​ដោយ​គ្រឿងផ្ទុះ​ដែល​បាន​ត្រូវ​ប្រុងប្រៀប​សម្រាប់ធ្វើ​ការវាយប្រហា​រ​អត្តឃាត​ក៏បាន​ត្រូវបាន​បំផ្លាញចោល​ដែរ​»​។​

​កងកម្លាំង​សន្តិសុខ​បាន​និយាយថា​ការប្រយុទ្ធ​គ្នា​យូរៗ​ម្តង​នៅតែមាន​ធ្វើ​តទៅទៀត​នៅក្នុង​តំបន់​នោះ​៕

សូមចុចទៅប្រភពដើម VOA ត្រង់នេះ


© រក្សាសិទ្ធិដោយ thmeythmey.com